ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសុក្រ ទី៨ ខែមេសា បានចូលរួមគោរពវិញានក្ខន្ធអ្នកនយោបាយរុស្ស៊ី លោក វ្ល៉ាឌីមៀ ហ្សីរីណូវស្គី (Vladimir Zhirinovsky) មេដឹកនាំគណបក្សសេរីនិយម និងលទ្ធិប្រជាធិបតេយ្យរុស្ស៊ី (LDPR)។
លោកពូទីន បានដាក់ផ្កានៅឯមឈូសរបស់ Zhirinovsky ដែលដាក់នៅក្នុងអគារ House of Unions ដែលមានទីតាំងនៅជិតសភារុស្ស៊ីនៅកណ្តាលទីក្រុងម៉ូស្គូ។
Zhirinovsky អាយុ ៧៥ឆ្នាំ ត្រូវបានគេស្គាល់ថាជាអ្នកដែលប្រឆាំងនឹងលោកខាងលិចដ៏ខ្លាំងក្លាម្នាក់អស់រយៈពេលជាង ៣ទសវត្សរ៍បានស្លាប់នៅថ្ងៃទី៦ ខែមេសាបន្ទាប់ពីជំងឺរ៉ាំរ៉ៃ។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាលពីដើមឆ្នាំនេះ បន្ទាប់ពីបានឆ្លងកូវីដ-១៩ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី។
Zhirinovsky ត្រូវបានគេស្គាល់ថាតាមរយៈសេចក្តីថ្លែងការណ៍ដ៏ខឹងសម្បារដែលរួមមានការគំរាមកំហែងបាញ់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសផ្សេងៗ ដណ្តើមយករដ្ឋអាឡាស្កាពីសហរដ្ឋអាមេរិក និងពង្រីកព្រំដែនរបស់រុស្ស៊ីដល់ចំណុចដែលទាហានរបស់ខ្លួនអាច «លាងស្បែកជើងរបស់ពួកគេនៅក្នុងទឹកក្តៅនៅមហាសមុទ្រឥណ្ឌា»។
គណបក្ស LDPR ដែលជាបក្សមានទស្សនៈបែបរើសអើងពូជសាសន៍បានក្លាយជាផ្នែកមួយនៃអ្វីដែលហៅថា «ការប្រឆាំងជាប្រព័ន្ធ» ចំពោះលោក Putin ដោយបានចូលរួមប្រកួតប្រជែងផ្នែកនយោបាយ។ ទោះជាយ៉ាងណាក្រោយលោកពូទីនយកតំបន់គ្រីមៀពីអ៊ុយក្រែនក្នុងឆ្នាំ២០១៤ គណបក្សបានក្លាយជាអ្នកគាំទ្រមួយដ៏សំខាន់៕