តៃវ៉ាន់៖ រដ្ឋាភិបាលតៃវ៉ាន់ និងកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃសុក្រ ទី៨ ខែមេសា ថាតៃវ៉ាន់បានរកឃើញសាកសពចំនួន ២ បន្ទាប់ពីកប៉ាល់ដឹកជនជាតិកូរ៉េខាងត្បូង ៦នាក់បានបាត់ខ្លួននៅក្នុងច្រកសមុទ្រតៃវ៉ាន់ ហើយប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការ។
ក្រសួងការបរទេសកូរ៉េខាងត្បូងឱ្យដឹងថា អាជ្ញាធរតៃវ៉ាន់បានរកឃើញសាកសពចំនួន ២ ដែលមិនទាន់អាចផ្ដល់អត្តសញ្ញាណឱ្យបានបន្ទាប់ពី ទទួលសញ្ញាអាសន្នពីកប៉ាល់ Kyoto 2 កាលពីម៉ោងប្រហែល ៩និង៥០នាទីព្រឹក ថ្ងៃព្រហស្បត្តិ៍ដេលមានចម្ងាយ ២៩គីឡូម៉ែត្រខាងលិចកោះ។
បច្ចុប្បន្នអាជ្ញាធរកំពុងបន្តស្វែងរកមនុស្សចំនួន ៤នាក់ផ្សេងទៀតដែលបាត់ខ្លួន។
ពួកគេទាំង ៦នាក់ជាជនជាតិកូរ៉េខាងត្បូង។
វីដេអូ និងរូបថតដែលចេញផ្សាយដោយឆ្មាំឆ្នេរសមុទ្រតៃវ៉ាន់ បានបង្ហាញឱ្យឃើញថា ឆ្មាំឆ្នេរសមុទ្រកំពុងហៅទៅកាន់កប៉ាល់ដែលគេជឿថាជា «Kyoto2» ហើយរូបថតមួយសន្លឹកបង្ហាញពីកប៉ាល់កំពុងត្រូវបានសណ្តោង។ កប៉ាល់ទម្ងន់ ៣២២ តោនមួយដែល មានទង់ជាតិ Sierra Leone កំពុងធ្វើដំណើរទៅកាន់កំពង់ផែ Batam របស់ប្រទេសឥណ្ឌូនេស៊ី ពីទីក្រុង Busan របស់កូរ៉េខាងត្បូង ខណៈកំពុងអូសកប៉ាល់ Kyoto 2 ដែលត្រូវបានរកឃើញនៅក្នុងតំបន់នោះ។
ឆ្មាំសមុទ្របាននិយាយថា នៅក្នុងឧបទ្ទវហេតុដាច់ដោយឡែកមួយ ឧទ្ធម្ភាគចក្រដែលមានភារកិច្ចជួយដល់ប្រតិបត្តិការរបស់តៃវ៉ាន់បានធ្លាក់ក្នុងដែនទឹកនៃកោះ Mara ភាគខាងត្បូងបំផុតរបស់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រ ដោយបានសម្លាប់សមាជិកនាវិក២នាក់ និងរងរបួស ៣នាក់ និង៤នាក់បាត់ខ្លួន៕