ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

អង្គការទស្សនៈពិភពលោករកឃើញថាជីដូន ៩៩% មានតួនាទីជាអាណាព្យាបាលជំនួសឪពុកម្ដាយ

ភ្នំពេញ៖ អង្គការទស្សនៈពិភពលោក World Vision បានឱ្យដឹងថា ៩៩% នៃជីដូនក្នុងគ្រួសារនោះមានតួនាទីជាអាណាព្យាបាលបឋម នេះដោយសារស្រ្តីដែលមានអាយុចន្លោះពី ២០ ទៅ ៣៤ឆ្នាំ ដែលជាវ័យបង្កបង្កើតនិងថែទាំកូនបានធ្វើចំណាកស្រុកទៅធ្វើការងារដែលមានជាង៥៧%។

ក្នុងរបាយការណ៍ «ស្តីពីការចូលរួមរបស់ជីដូន ក្នុងគម្រោងអភិវឌ្ឍន៍សុខុមាលភាពរបស់កុមារនៅកម្ពុជា» ដែលចេញផ្សាយនាថ្ងៃទី៧ ខែមេសា អង្គការទស្សនៈពិភពលោកបានលើកឡើងថា ដោយសារតែកំណើនការងារក្នុងវិស័យកាត់ដេរ ឪពុកម្តាយរបស់កុមារត្រូវទៅធ្វើការងារឆ្ងាយពីផ្ទះ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ហេតុដូច្នោះហើយបន្ទុកថែទាំងកុមារតូចៗ ត្រូវធ្លាក់លើជីដូនដើម្បីមើលថែរក្សា ប៉ុន្តែពួកគាត់មានកង្វះនៃការយល់ដឹងពីការថែទាំកុមារតូច ការបណ្តុះបណ្តាលនឹងផ្តោតលើការផ្តល់ចំណី ការបំដៅទឹកដោះទៅដល់កុមារនោះឱ្យបានត្រឹមត្រូវ។

មន្ត្រីបច្ចេកទេសផ្នែកអាហារូបត្ថម្ភរបស់អង្គការទស្សនៈពិភពលោក លោកស្រី Grana Pu Selvi បានឱ្យដឹងថា ការទុកកូនឱ្យនៅផ្ទះ ដែលតួនាទីនៃការមើលថែទាំត្រូវធ្លាក់លើជីដូនបែបនេះអាចធ្វើឱ្យកុមារប្រឈមនឹងបញ្ហាមួយចំនួនដោយសារកង្វះអាហារូបត្ថម្ភ ក្មេងមិនមានការលូតលាស់លើរាងកាយ មានទំងន់មិនប្រក្រតី ឬមួយក៏ពួកគេមានកំពស់មិនប្រក្រតីសមទៅនឹងអាយុ អាចបណ្តាលឱ្យមានបញ្ហាផ្លូវចិត្តជាដើមដោយសារកង្វះវីតាមីនផ្សេងៗ។

លោកស្រីថា៖ «ដូច្នេះហើយទើបយើងធ្វើការទៅលើរឿងនេះដើម្បីមើលថា ធ្វើយ៉ាងណាដើម្បីកាត់បន្ថយបញ្ហារកង្វះអាហារូបត្ថម្ភចំពោះកុមារ ដោយយើងចង់ឃើញកុមារកម្ពុជាមានផលិតភាពពេលពូកគេលូតលាស់»។

មន្ត្រីកម្មវិធីអាហារូបត្ថម្ភជាតិនៃក្រសួងសុខាភិបាល លោកស្រី ជា ម៉ារី បានលើកឡើងថា បានទទួលស្គាល់ពីបញ្ហានេះនឹងការការធ្វើឱ្យសុខុមាលភាពរបស់ជីដូន និងកុមារមានភាពប្រសើរឡើងជារឿងចាំបាច់។

លោកស្រីថា៖ «តាមរយៈការបណ្តុះបណ្តាលដល់ជីដូននេះ ក៏បានបន្ធូរបន្ថយភាពតានតឹងរបស់ជីដូនដោយការសម្របសម្រួលកិច្ចសន្ទនាសហគមន៍ និងការកសាងប្រព័ន្ធសង្គម ដើម្បីថែទាំងកុមារនៅផ្ទះដោយសារឪពុកម្តាយទៅធ្វើការ»។

អង្គការទស្សនៈពិភពលោក World Vision បានធ្វើគម្រោងសាកល្បងលើការចូលរួមរបស់ជីដូនលើការថែទាំកុមារតូចដែលឪពុកម្តាយទៅធ្វើការហើយទុកកូនឱ្យជីដូនជាអ្នកមើលថែ ដោយឃើញថាមានភាពល្អប្រសើរក្រោយទទួលបានការបណ្តុះបណ្តាលនេះ។

លោកស្រី Grana Pu Selvi បានថ្លែងថាគម្រោងនេះបានចាប់ផ្តើមសាកល្បងរយៈពេល ១៣ខែមកហើយ ដោយមានការផ្លាស់ប្តូរនឹងរីកចម្រើនច្រើន ទៅលើសុចនាករដែលបានធ្វើឡើងក្នុងគម្រោងនេះ ទោះជាយ៉ាងណាវាត្រូវការពេលវែងក្នុងការដែលធ្វើឱ្យប្រសើរឡើងសម្រាប់ទៅថ្ងៃមុខ ជាពិសេសត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៅលើការចិញ្ចឹមបីបាច់ សុខុមាលភាព របស់កុមារតូច ជាពិសេសកុមារដែលមានអាយុពី ០ ទៅ ២ខួប។

លោកស្រីបានបន្តថា៖ «មូលហេតុដែលយើងធ្វើគម្រោងបរិយាបន្នជីដូន ដើម្បីកុំឱ្យមានជំងឺផ្សេងៗ ឬក៏ធ្វើឱ្យបញ្ញាស្មារតីកុមារបានល្អ ចឹងហើយបានគម្រោងបរិយាបន្នជីដូននេះ គឺបណ្តុះបណ្តាលទៅលើ ចំណេះដឹងហើយការអនុវត្តល្អៗរបស់ជីដូន ដើម្បីផ្តល់ការចិញ្ចឹមបីបាច់បានល្អ»។

តាមរយៈគម្រោងសាកល្បងដែលធ្វើនៅឃុំចំនួន២ ក្នុងខេត្តកំពង់ស្ពឺ គឺឃុំសំរោងទង និងឃុំបាសិត ដែលមានរយៈពេល ១៣ខែ លើក្រុមជីដូន ៣០០នាក់ ដែលជាអាណាព្យាបាលបឋមសម្រាប់កុមារក្រោម ២ឆ្នាំ ដែលមានគោលដៅក្នុងការកសាងចំណេះដឹង ជំនាញ និងអាកប្បកិរិយាទាក់ទងនឹងសុខុមាលភាពរបស់កុមារក្នុងចំណោមជីដូនដែលផ្តល់ការថែទាំបឋមដល់កុមារ និងដើម្បីកាត់បន្ថយកម្រិតស្ត្រេសរបស់ជីដូនដោយការសម្របសម្រួលកិច្ចសន្ទនាសហគមន៍ និងការកសាងប្រព័ន្ធគាំទ្រសង្គមដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការផ្លាស់ប្តូរតួនាទីក្នុងការថែទាំកុមារ។

លទ្ធផលក្រោយបញ្ចប់គម្រោងកុមារអាយុពី ៦ដល់ ២៣ខែ ទទួលបានអាហារចំរុះដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់មានការកើនឡើង ១២% ការយល់ដឹងរបស់ជីដូនអំពីបរិមាណអាហារសមស្របសម្រាប់ស្រ្តីមានផ្ទៃពោះកើនឡើង ៩% ចំនួនជីដូនដែលមិនប្រើអំពើហិង្សាក្នុងការអប់រំកុមារកើនឡើងចំនួន ២៦% និងចំនួនជីដូនដែលបានលើកឡើងពីកម្រិតស្រេ្តសមានការធ្លាក់ចុះ ១២%។

ក្រុមទ្រទ្រង់សុខភាពភូមិ អ្នកស្រី ស៊ុន ឌី បានឱ្យដឹងថាការបណ្ដុះបណ្ដាលពីគម្រោងនេះបានធ្វើឱ្យគាត់មានការយល់ដឹងច្រើនលើការមើលថែខ្លួនគាត់ផង និងកុមារក្នុងសហគមន៍។

អ្នកស្រីថា៖ «ខ្ញុំចង់ឱ្យវគ្គបណ្តុះបណ្តាលមានតទៀតព្រោះវាមានសារៈសំខាន់ ដោយជីដូនមើលថែចៅគាត់មានការចេះដឹង យល់ដឹងច្រើនជាងមុន»។

លោកស្រី សុខ ភាព ជាម្តាយរបស់កុមារម្នាក់បានលើកឡើងក្រោយពីជីដូនដែលជាអ្នកមើលថែកូនរបស់គាត់បានចូលរួមការបណ្តុះបណ្តាលនេះថា៖ «ម្តាយរបស់គាត់ចិត្តត្រជាក់ជាងមុន សម្តីនិយាយល្អជាមួយកូន ជាមួយចៅហើយខ្ញុំមានការសប្បាយចិត្ត»។

គួរបញ្ជាក់ផងដែរថា នេះជាគម្រោងសាកល្បងរយៈពេល ១៣ខែក្នុងឃុំចំនួន ២ ក្នុងខេត្តកំពង់ស្ពឺរបស់អង្គការទស្សនៈពិភពលោកទៅលើការចូលរួមរបស់ជីដូនក្នុងគម្រោងអភិវឌ្ឍន៍សុខុមាលភាពរបស់កុមារនៅកម្ពុជា ខណៈអង្គការនេះមានគម្រោងក្នុងកម្មវិធីអាហារូបត្ថម្ភសម្រាប់ខេត្តក្រុងគោលដៅចំនួន ១៧ នៅប្រទេសកម្ពុជាផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក