
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ជំរុញឱ្យទទួលបដិសណ្ឋារកិច្ចឱ្យល្អដើម្បីបង្កើតភាពកក់ក្ដៅដល់អ្នកធ្វើដំណើរ
សៀមរាប៖ រដ្ឋលេខាធិការក្រសួងទេសចរណ៍លោក ហោ សារុន បានថ្លែងថា ការធ្វើបដិសណ្ឋារកិច្ចទទួលទេសចរ គឺជាកត្តាមូលដ្ឋានដំបូងដ៏សំខាន់មួយក្នុងការធានាបានភាពកក់ក្តៅ និងភាពពេញចិត្តរបស់អ្នកទេសចរដែលមកទស្សនាកម្ពុជា។
លោក ហោ សារុន ថ្លែងបែបនេះក្នុងពិធីបើកសិក្ខាសាលាស្តីពី «បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព នៅខេត្តសៀមរាប» នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ដោយបានបញ្ជាក់ថា៖ «ដើម្បីចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកប្រទេសទទួលទេសចរអន្តរជាតិ និងការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ ក្នុងការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីធានាបាននិរន្តរភាពទេសចរណ៍ ទើបសិក្ខាសាលា “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព” ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃនេះ ព្រោះថាការធ្វើបដិសណ្ឋារកិច្ចទទួលទេសចរ គឺជាកត្តាមូលដ្ឋានដំបូងដ៏សំខាន់ មួយក្នុងការធានាបានភាពកក់ក្តៅ និងភាពពេញចិត្តរបស់ទេសចរដែលមកទស្សនាព្រះរាជាណាចក្រកម្ពុជា»។
លោកបន្ថែមថា សិក្ខាសាលានៅថ្ងៃនេះគឺជាឱកាសមួយផ្សារភ្ជាប់ការចូលរួមរបស់សិក្ខាកាម ក្នុងការផ្តល់ភាពកក់ក្តៅ និងភាពពេញចិត្តជូនទេសចរ។ ដូច្នេះលោកបានស្នើសិក្ខាកាមទាំងអស់គ្នា យកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវទេសចរ ដោយទឹកមុខញញឹម រួសរាយរាក់ទាក់ ទន់ភ្លន់ តែម៉ឹងម៉ាត់ក្នុងការងារ ដើម្បីចូលរួមស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាប្រកបដោយចីរភាព គុណភាព សុវត្ថិភាព និរន្តរភាព ការទទួលខុសត្រូវ និងបរិយាបន្ន ក្នុងបុព្វហេតុលើកកម្ពស់ថែមទៀតនូវកិត្យានុភាពកម្ពុជា «កម្ពុជាៈ ព្រះរាជាណាចក្រអច្ឆិយៈផ្តល់ភាពកក់ក្តៅ» ឲ្យក្លាយជាគោលដៅទេសចរណ៍គុណភាពលំដាប់ពិភពលោក ប្រកបដោយភាពជឿទុកចិត្ត និងភាពទាក់ទាញ។
វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាមាសបៃតង គឺជាវិស័យមួយដែលចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច-សង្គម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាការនាំចេញនៅនឹងកន្លែង ព្រមទាងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាអភិរក្សបរិស្ថាន ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។
ក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅ ត្រឹមឆ្នាំ២០១៩ វិស័យទេសចរណ៍កម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងអត្រាកំណើនទេសចរអន្តរជាតិជាមធ្យម ១២%ក្នុងមួយឆ្នាំ មុនពេលទទួលរងឥទ្ធិពលអវិជ្ជមាននៃជំងឺកូវីដ-១៩ ចាប់តាំងពីដើមឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២១៕