សៀមរាប៖ អគារសិក្សាចំនួនពីរខ្នង និងបណ្ដាល័យមួយខ្នង ព្រមទាំងសម្ភារ:សិក្សាជាច្រើនទៀត ត្រូវបានសាងសង់ និង ប្រគល់ជូនសាលាបឋមសិក្សាចុងស្ពាន ស្ថិតនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្ដសៀមរាប ដើម្បីឱ្យសិស្សានុសិស្សចូលសិក្សាជាផ្លវការ។
ជំនួយឧបត្ថម្ភទាំងនេះ បានទទួលបានពីក្រុមអ្នកស្ម័គ្រចិត្ដ នៃក្រុមឡាយអ៊ិនក្លឹបរបស់ប្រទេសកូរ៉េខាងត្បូង តាមរយ:អង្កការមិត្តកម្ពុជា ស្ថិតនៅខេត្ដសៀមរាប។
ប្រធានក្រុមឡាយអ៊ិនក្លឹបរបស់ប្រទេសកូរ៉េខាងត្បូង ដែលជាម្ចាស់ជំនួយ លោក ចាង ប៊ូ ស៊ន់ មានប្រសាសន៍ថា ការដែលពួកគេជួយឧបត្ថម្ភលើវិស័យអប់រំនៅជនបទកម្ពុជានេះ ដោយសារ«ប្រទេសកម្ពុជាធ្លាប់មានគុណបានជួយដល់ប្រទេសក្នុងកូរ៉េក្នុងពេលដែលប្រទេសកូរ៉េធ្លាក់ក្នុងសង្គ្រាម» ទើបក្រុមការងារលោកផ្តួចផ្តើមប្រមូលថវិកាពីក្រុមអ្នកស្ម័គ្រចិត្ដរបស់ប្រទេសកូរ៉េយកមកជួយសាលារៀននៅកម្ពុជា ដែលថានេះជាការដឹងគុណដល់ប្រទេសកម្ពុជា។
ការផ្ដល់ជំនួយលើវិស័យអប់រំនេះ រួមមានការសាងសង់សាលារៀន តុ កៅអី ទីចាត់ការ បណ្ដាល័យជាដើម ដើម្បីបង្កើតធនធានមនុស្សនៅតាមជនបទ។
ជាមួយគ្នានោះ ក្រុមការងារឡាយអ៊ិនក្លឹប ក៏បានជួយសាងសង់លំនៅឋាន អណ្ដូងទឹក ជូនប្រជាពលរដ្ឋខ្វះខាត និងផ្ដល់សម្ភារ:សិក្សាដល់សិស្ស ដែលសរុបទឹកប្រាក់ទៅលើការសាងសង់នេះ អស់ប្រមាណជិត១៦ម៉ឺនដុល្លារ (១៥៩ ៤០០$)។
លោកបន្តថា៖ «សប្បាយចិត្ដនៅពេលដែលក្រុមស្ម័គ្រចិត្ដប្រទេសកូរ៉េតាមរយ:អង្គការមិត្ដកម្ពុជា បានជួយវិស័យអប់រំដល់ប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្ដដល់កុមារមិនឱ្យបោះបង់ការសិក្សានិងដើម្បីបញ្ជាក់ថា ប្រទេសកម្ពុជាជាមិត្ដភាពយូរអង្វែងជាមួយប្រទេសកូរ៉េខណ:ដែលប្រទេសកម្ពុជា ជាអ្នកមានគុណលើប្រទេសកូរ៉េផងដែរ»។
លោកបានបន្ដថា ទោះបីស្ថិតក្នុងអំឡុងពេលវិបត្ដិជំងឺកូវីដ-១៩ក្ដី ក្រុមការងារស្ម័គ្រចិត្ដ នៃប្រទេសកូរ៉េនេះ នឹងមានគម្រោងជួយដល់ប្រទេសកម្ពុជាបន្ថែមទៀត។
អភិបាលរងខេត្ដសៀមរាប លោក នាក់ ណេរ៉ុន លោកមានប្រសាសន៍ថា ការទទួលបានអគារសិក្សានេះ ពិតជាធ្វើឱ្យប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់សប្បាយចិត្ដក្នុងការសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូក្នុងការបណ្តុះបណ្តាលកុមារ និងយុវជនជំនាន់ក្រោយឱ្យក្លាយជាទំពាំងស្នង ឬស្សីដ៏រឹងមាំ និងជាសសរទ្រូងរបស់ប្រទេសជាតិនាពេលអនាគត។
លោកបានបន្ដថា៖ «វិស័យអប់រំមានសារ:សំខាន់ខ្លាំងណាស់ក្នុងការអភិវឌ្ឍចំណេះដឹង កុមារ យុវជន និងមនុស្សពេញវ័យ ដែលត្រូវទទួលបានការសិក្សាប្រកបដោយគុណភាពខ្ពស់។ ជាមួយគ្នានោះ វិស័យអប់រំ ក៏បានចាត់ទុកជាវិស័យអាទិភាព ដែលថ្នាក់ដឹកនាំគ្រប់ថ្នាក់ តែងបានយកចិត្តទុកដាក់ ក្នុងការបង្កើនលទ្ធភាពឱ្យកុមារ និងយុវជនគ្រប់រូបទទួលបាននូវសេវាអប់រំ ប្រកបដោយសមធម៌ តាមរយ:ការបន្តជម្រុញកសាងសាលាបឋមសិក្សាឱ្យដល់ភូមិ និងអនុវិទ្យាល័យឱ្យបានមួយយ៉ាងតិចនៅក្នុងឃុំនីមួយៗ ស្របតាមស្ថានភាពភូមិសាស្ត្រ ព្រមទាំងជម្រុញឱ្យមានសាកលវិទ្យាល័យ ឬសាខាសាកលវិទ្យាល័យ នៅតាមខេត្តនីមួយៗ ស្រមតាមលទ្ធភាព និងស្ថាភាពជាក់ស្ដែង»។
លោកបានថ្លែងអំណរគុណចំពោះអង្គការមិត្តកម្ពុជា ដែលបានកសាងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សាចុងស្ពាន ដែលថា សកម្មភាពនេះពិតជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការស្ដារ និងអភិវឌ្ឍសង្គមជាតិ តាមរយ:ការបណ្ដុះបណ្ដាលធនធានមនុស្ស៕