ប៉ៃលិន៖ ក្រសួងផែន ការសហការជាមួយមន្ទីរផែនការខេត្តប៉ៃលិន បានធ្វើសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជាក្រោមប្រធានបទ ការយល់ដឹងអំពីសារៈសំខាន់នៃការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក និងពង្រឹងការអនុវត្ដខ្លឹមសារប្រកាសអន្តរក្រសួងស្តីពី ការផលិតការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ នៅក្នុងខេត្តប៉ៃលិន។
ទីប្រឹក្សាក្រសួងផែនការ លោក ម៉ម បូរ៉ាត់ បានមានប្រសាសន៍ថា សិក្ខាសាលានាពេលនេះ ធ្វើឡើងក្នុងគោលដៅកាត់បន្ថយភាពស្លេកស្លាំងដោយសារ កង្វះជាតិដែក និងដើម្បីចូលរួមចំណែកលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភនៅកម្ពុជា។ លោកបានបន្តថា ប្រទេសកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងគោលបំណងលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភ កាត់បន្ថយភាពក្រីក្រ និងលុបបំបាត់ភាពអត់ឃ្លាន ដោយមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ក្នុងរយៈពេល ២ទស្សវត្សរ៍កន្លងមក។
បើទោះបីព្រះរាជាណាចក្រកម្ពុជាសម្រេច បាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ របស់មាតា និងទារកយ៉ាងណាក៏ដោយ ក៏បញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជាស្ថិតនៅជាការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។ ជារៀងរាល់ឆ្នាំជិតមួយភាគបី ឬប្រមាណ ៤ ៥០០ករណី នៃមរណៈភាពកុមារសរុប នៅកម្ពុជាមានជួបបញ្ហាកង្វះអាហាររូបត្ថម្ភ។
លើសពីនេះទៀត មានកុមារអាយុក្រោម ៥ឆ្នាំចំនួន ៣២នាក់ក្នុងចំណោម ១០០នាក់ ឬស្មើនឹង ៣២% មានបញ្ហាក្រិសក្រិន ដែលជាអត្រាមួយមានកម្រិតខ្ពស់បំផុត។ ជាមួយគ្នាផងដែរ បញ្ហាកង្វះមីក្រូសារជាតិរួមមាន កង្វះជាតិស័ង្កសី ជាតិដែក និងជាតិអ៊ីយ៉ូដ...។ល។
បញ្ហាទាំងនោះនៅតែចជាបញ្ហាចំបងចំពោះសុខភាពសាធារណៈនៅកម្ពុជា បញ្ហាកង្វះអាហារូបត្ថម្ភទាំងនេះ មិនត្រឹម តែធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍផ្នែករាងកាយ និងសតិបញ្ញា ស្មារតីរបស់កុមារប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលិតភាពការងារ ធនធានមនុស្ស និងសេដ្ឋកិច្ចជាតិរបស់ប្រទេសថែមទៀតផង៕