ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

GIZ ជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិជាពិសេសទីផ្សារចិន

ភ្នំពេញ៖ នាយកទីភ្នាក់ងារអភិវឌ្ឍអាល្លឺម៉ង់ GIZ ប្រចាំកម្ពុជា បង្ហាញពីចំណាប់អារម្មណ៍ជុំវិញសក្តានុពលវិស័យកសិកម្មកម្ពុជា ព្រមទាំងបានបង្ហាញការគាំទ្រ និងជំរុញដល់ការនាំចេញកសិផលកសិកម្មទាំងនោះទៅកាន់ទីផ្សារអន្តរជាតិ និងជាពិសេសទីផ្សារចិនផងដែរ។

ការជំរុញនេះធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការគាំទ្រនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា និងការផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់នាំចេញផ្លែឈើស្រស់ទៅកាន់ប្រទេសចិន» នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់លោក Christian Berger និងនាយកទីភ្នាក់ងារអភិវឌ្ឍអាល្លឺម៉ង់ ជីអាយហ្សិត (GIZ) ប្រចាំកម្ពុជា លោក Günter Riethmacher។

លោក Günter Riethmacher បានឲ្យដឹងថាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរបស់ GIZ ជាមួយកម្ពុជា ពិតជាឆ្លើយតបទៅនឹងអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍» ក្នុងការរួមចំណែកបង្កើនផលិតភាព ពិពិធកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម។

លើសពីនេះ កិច្ចសហការនេះបានរួមចំណែកលើកស្ទួយវិស័យកសិកម្ម ធានាសន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ជនបទប្រកបដោយចីរភាព និងបរិយាប័ន្ន និងជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ជាពិសេសគឺយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការ រស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឆ្នាំ២០២១-២០២៣។

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានលើកឡើងថាការផ្សព្វផ្សាយគោលនយោបាយជាយុទ្ធសាស្រ្តសម្រាប់ធ្វើការនាំចេញកសិផលកម្ពុជាជូនដល់គ្រប់ភាគីពាក់ព័ន្ធឲ្យកាន់តែទូលំទូលាយ ជាពិសេសវិធានការអនាម័យ និងភូតគាមអនាម័យ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ។

លោកបញ្ជាក់ទៀតថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងភាគីកម្ពុជា ជាមួយ GIZ ហើយលោកសង្ឃឹមថាផ្តើមចេញពីសិក្ខាសាលានេះ ផលិតផលកសិកម្មកម្ពុជានឹងមានវត្តមាននៅលើទីផ្សារអន្តរជាតិ កាន់តែច្រើនថែមទៀត ជាពិសេសទីផ្សារប្រទេសចិន។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោក ងិន ឆាយ បានឲ្យដឹងថា សក្តានុពលផ្លែឈើត្រូពិចកម្ពុជាសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន តម្រូវឲ្យមានភូតគាមអនាម័យសម្រាប់ការនាំចេញ និងលក្ខខណ្ឌ ឬគោលការណ៍ចាំបាច់មួយចំនួនទៀតដែលតម្រូវឲ្យក្រុមហ៊ុននាំចេញបំពេញ។

បច្ចុប្បន្នកម្ពុជាទទួលបានសិទ្ធិនាំចេញនូវផ្លែចេក និងស្វាយទៅកាន់ទីផ្សារប្រទេសចិន ខណៈមៀន និងតាង៉ែនកំពុងស្ថិតក្នុងដំណាក់ការពិនិត្យភូតគាមអនាម័យ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក