កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

រដ្ឋមន្រ្តីទេសចរណ៍ ប្រាប់ដល់ប្រតិបត្តិករទេសចរណ៍ឱ្យគិតគូរពីគំរូអាជីវកម្មស្របតាមបរិបទនៃ «គន្លងប្រក្រតីភាពថ្មី»

ភ្នំពេញ៖ រដ្ឋមន្ត្រីទេសចរណ៍លោក ថោង ខុន បានក្រើនរំលឹកដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ចូលរួមផ្សព្វផ្សាយ និងអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីបង្ការការពារ និងរក្សាបាននូវសុវត្ថិភាព ទំនុកចិត្ត និងផ្ដល់ភាពកក់ក្ដៅជូនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅកម្ពុជា រួមចំណែកក្នុងការជំរុញផ្សព្វផ្សាយ «កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព និងផ្តល់ភាពកក់ក្តៅ»។ លោកបានស្នើដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ឱ្យគិតពីគំរូអាជីវកម្មប្រភេទថ្មីដើម្បីឱ្យស្របតាមស្ថានភាពសេដ្ឋកិច្ច-សង្គមជាក់ស្តែងបច្ចុប្បន្នផងដែរ។

ថ្លែងក្នុងពិធីបើកពិព័ណ៌វប្បធម៌ ទេសចរណ៍ និងកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងនូវសំណើរមួយចំនួនដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងធានាបាននូវស្ថិរភាព និងនិរន្តរភាពនៃដំណើការមូលដ្ឋានអាជីវកម្មទេសចរណ៍ និងគោលដៅទេសចរណ៍ឡើងវិញ ជាពិសេសត្រៀមទទួលភ្ញៀវទេសចរដើរកម្សាន្តនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។

លោកបានស្នើដល់ គ្រប់ប្រតិបត្តិករទេសចរណ៍និងភាគីពាក់ព័ន្ធត្រូវបន្តយកចិត្តទុកខ្ពស់លើការអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) សម្រាប់អាជីវកម្មទេសចរណ៍ ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍ និងវិធានសុវត្ថិភាពនានារបស់រាជរដ្ឋាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវ។ លោកក៏បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រតិបត្តិករទេសចរណ៍ទាំងអស់គួរសម្របខ្លួន និងកែប្រែគំរូអាជីវកម្មឱ្យស្របតាមបរិបទនៃគន្លងប្រក្រតីភាពថ្មី (New Normal) ជាមួយការបន្តប្រុងប្រយ័ត្នខ្ពស់ ដោយផ្សារភ្ជាប់នឹងការអនុវត្តវិធានសុវត្ថិភាពដែលមានជាធរមាន។

លោកថា៖ «គ្រប់ភាគីពាក់ព័ន្ធនៅក្នុងឧស្សាហកម្មទេសចរណ៍ត្រូវគិតគូរអំពីគំរូអាជីវកម្មប្រភេទថ្មី (New Business Model) ដើម្បីសម្របទៅតាមស្ថានភាពសេដ្ឋកិច្ច-សង្គមជាក់ស្តែង ដោយក្នុងនោះត្រូវការបំប្លែងខ្លួនទៅរកការបម្រើសេវាកម្មទេសចរណ៍ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ (Digitalization) ត្រូវពង្រឹងគុណភាព អនាម័យ និងសុវត្ថិភាពក្នុងការផ្តល់សេវាកម្ម និងផលិតផលទេសចរណ៍ជូនដល់ភ្ញៀវទេសចរ និងត្រូវពង្រឹងសមត្ថភាព និងគុណភាព ពិសេសការបង្កើនផលិតភាពជាដើម»។

អភិបាលរងរាជធានីភ្នំពេញ លោកស្រី កែវ សុខពិសី បានស្នើសុំឱ្យប្រជាជនក្នុងរាជធានីភ្នំពេញ និងភ្ញៀវទេសចរទាំងអស់ ត្រូវបន្តចូលរួមអនុវត្តវិធានការសុខាភិបាល វិធានការ «៣កុំ ៣ការពារ» ឱ្យបានត្រឹមត្រូវខ្ជាប់ខ្លួន ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងធានាបាននូវស្ថិរភាព និងនិរន្តរភាពនៃដំណើរការមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៅរាជធានីភ្នំពេញ ជាពិសេសនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។

លោកស្រីអភិបាលរងរាជធានីភ្នំពេញ ក៏បានស្នើឱ្យម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវបន្តអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) ទៅតាមប្រភេទសេវាកម្មរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។

កម្ពុជាបានប្រកាសបើកយុទ្ធនាការ «កម្ពុជា៖ គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង» កាលពីថ្ងៃទី២៧ ខែមករា ដើម្បីធានានូវជោគជ័យនៃការបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញ មុនឈានដល់ការទទួលទេសចរអន្តរជាតិ ការអបអរសាទរព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងព្រឹត្តិការណ៍ធំៗដទៃទៀតនៅកម្ពុជា។

យុទ្ធនាការនេះក៏មានការប្រណាំងយុទ្ធនាការគោលដៅទេសចរណ៍ និងបៃតងរាជធានី-ខេត្ត ដែលមានគោលបំណងលើកទឹកចិត្តលើកិច្ចខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានី-ខេត្ត ក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ពិសេសដើម្បីក្រើនរំលឹកដល់អាជីវកម្មទេសចរណ៍ទាំងអស់ឱ្យចូលរួមបង្ការការពារការចម្លងមេរោគកូវីដ-១៩ ដែលអាចរក្សាទំនុកចិត្ត និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តក្នុងនៅទូទាំងប្រទេសកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក