ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីទេសចរណ៍បង្ហាញពីគោលដៅទេសចរណ៍ដែលទាក់ទាញសម្រាប់ដំណើរកម្សាន្តឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន និងប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) លោកស្រី ឆាយ ស៊ីវលីន បានបង្ហាញពីគោលដៅទេសចរណ៍នៅខេត្តដែលមានសក្តានុពលមួយចំនួន ដែលទាក់ទាញសម្រាប់ដំណើរកម្សាន្តឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

លោក រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថោង ខុន បានបញ្ជាក់ថា យោងតាមអ្វីដែលក្រសួងទេសចរណ៍ បានសង្កេតឃើញ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១មក គឺមានការរំពឹងទុកថា នឹងភ្ញៀវទេសចរចេញដើរកម្សាន្តច្រើន នាឱកាសបុណ្យចូលឆ្នាំខាងមុខ ខណៈមកទល់ពេលនេះនៅគោលដៅធំមានការកក់សណ្ឋាគារ ផ្ទះសំណាក់ ច្រើនណាស់ដូចជា សៀមរាប មណ្ឌលគិរី ខេត្តជាប់តំបន់ឆ្នេរជាដើម។

លោក ថោង ខុន បានបន្តលើកឡើងអំពីគោលដៅពិសេសៗមួយចំនួនដូចជានៅសៀមរាប-អង្គរ អាជ្ញាធរជាតិអប្សរាបានខិតខំកែលម្អសោភ័ណភាពបានច្រើន ការដើរកម្សាន្តនៅក្នុងរមណីយដ្ឋានអង្គរក៏ពោរពេញដោយធាតុអាកាសត្រជាក់ស្រួល ខណៈទើបនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវទាំង៣៨ខ្សែរួចរាល់ហើយដែរ។

ចំណែកនៅក្រុងព្រះសីហនុ ក៏ជាគោលដៅទេសចរណ៍មួយធំដែរ ដោយសារភ្ញៀវទេសចរចង់ទៅមើលការអភិវឌ្ឍទីក្រុង លេងទឹកសមុទ្រ ឆ្នេរខ្សាច់ស្អាតៗ បណ្ដាកោះក៏មានភាពទាក់ទាញច្រើន។ នៅខេត្តមណ្ឌលគិរី ខេត្តរតនគិរីក៏កក់បានច្រើនដែរ។

លោកបន្ថែមថា៖ «នៅខេត្តបាត់ដំបងដែលមានតំបន់កសិទេសចរណ៍ក៏មានការរៀបចំបានល្អៗដែរ។ នៅមានការកើតឡើងនូវគោលដៅទេសចរណ៍ថ្មីៗច្រើន ដូចជាអេកូទេសចរណ៍នៅខាងស្រុកវាលវែង ខេត្តពោធិ៍សាត់ និយាយរួម ស្ទើរតែគ្រប់ខេត្តទាំងអស់គឺបានរៀបចំឱ្យមានតំបន់កសិទេសចរណ៍ សហគមន៍អេកូទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ច្នៃប្រឌិតថ្មីៗជាច្រើន»។

ជាមួយគ្នានេះផងដែរ ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) លោកស្រី ឆាយ ស៊ីវលីន បានថ្លែងនាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះ ថាដោយពិធីបុណ្យចូលឆ្នាំថ្មីជិតចូលមកដល់ហើយនោះ ប្រជាពលរដ្ឋក៏បានកក់សណ្ឋាគារ ផ្ទះសំណាក់ និងរមណីយដ្ឋានឯកជនជាបណ្ដើរៗនៅតាមបណ្ដាខេត្តផ្សេងៗ ដូចជានៅខេត្តជាប់តំបន់ឆ្នេរក៏មានការកក់សឹងតែពេញនៅខាងប៉ែកភាគឦសានក៏មានការកក់ច្រើន រីឯនៅខាងខេត្តសៀមរាបក៏កក់ច្រើនដែរ។

ប្រធានសមាគមរូបនេះបានផ្ដល់ជាមតិយោបល់ថា សម្រាប់ភ្ញៀវទេសចរគួរតែជ្រើសរើសកន្លែងកម្សាន្តដែលធំទូលាយ ដូចជាតាមបណ្ដាខេត្តធំៗដែលសម្បូរសេវាកម្មច្រើន។ បើតាមលោកស្រី ឆាយ ស៊ីវលីន ខេត្តសៀមរាបនៅតែជាប៉ូលទេសចរណ៍មួយដ៏សំខាន់ក្នុងការទទួលភ្ញៀវទេសចរនាឱកាសបុណ្យចូលឆ្នាំខាងមុខ ខណៈបច្ចុប្បន្នពោរពេញដោយភាពស្អាត និងទាក់ទាញសម្បទាទេសចរណ៍ក៏មានច្រើន រីឯការផ្គត់ផ្គង់សេវាកម្មនោះក៏ច្រើនដែរ។

លោកស្រីបន្តថា ក្រៅអំពីខេត្តសៀមរាប និងតំបន់ឆ្នេរសមុទ្រ ភ្ញៀវទេសចរក៏អាចទៅទស្សនាកម្សាន្តនៅតាមតំបន់អេកូទេសចរណ៍ផ្សេងៗទៀត ដូចជានៅខេត្តកោះកុង ដែលជាតំបន់សម្បូរទៅដោយអេកូទេសចរណ៍ សម្រាប់ភ្ញៀវទេសចរដែលចង់ផ្សារភ្ជាប់ជាមួយធម្មជាតិ នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែងដែលសម្បូរទៅតំបន់អេកូទេសចរណ៍ រមណីយដ្ឋានទេសចរណ៍នៅតាមដងទន្លេ ក៏ដូចជាខេត្តមណ្ឌលគិរី និងខេត្តរតនគិរីនៅតំបន់ភូមិភាគឦសាន ដែលសម្បូរទៅដល់តំបន់ទេសចរណ៍ច្រើន និងអាកាសធាតុល្អ។ ក្រៅពីនេះខេត្តបាត់ដំបងក៏ជាជម្រើសល្អៗសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តដំណើរទេសចរណ៍នៅតាមរមណីយដ្ឋាន តំបន់បេតិកភណ្ឌប្រវត្តិសាស្ត ម្ហូបអាហារឆ្ងាញ់ៗជាដើម។

គួររំលឹកផងដែរថា បន្ទាប់ការបើកប្រទេសឡើងវិញនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមកនោះ បានជំរុញឱ្យចលនាទេសចរផ្ទៃក្នុងចេះតែមានការរីកចម្រើនកើនឡើង ខណៈប្រជាជនកម្ពុជាក៏មានការចេញដើរកម្សាន្តច្រើនទៅគ្រប់ទីកន្លែងនៃគោលដៅទេសចរណ៍ក្នុងប្រទេសដូចជាគោលដៅអេកូទេសចរណ៍ សៀមរាប-អង្គរ តំបន់ឆ្នេរជាដើម។

ទន្ទឹមនឹងនេះដែរក្នុងឱកាសចូលឆ្នាំថ្មីនេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តអនុវត្ត នូវវិធានការណ៍ «៣-ការពារ ៣-កុំ» ប្រកាន់ខ្ជាប់នូវការពាក់ម៉ាស រក្សាគម្លាត សម្អាតនឹងទឹកអាកុលឱ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ខ្ជាន់នូវការថែរក្សាអនាម័យជាប់ជានិច្ច ដើម្បីបង្ការការពារការឆ្លងជំងឺឆ្លងផ្សេងៗ ពិសេសគឺជំងឺកូវីដ១៩ (អូមីក្រុង)៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក