លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

គ.ជ.ប បដិសេធការចោទប្រកាន់របស់គណបក្សភ្លើងទៀនដែលថាខ្លួនធ្វើការសម្រេចចិត្តដោយគ្មានការស៊ើបអង្កេត

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញមកបដិសេដចំពោះការចោទប្រកាន់របស់គណបក្សភ្លើងទៀនដែលថា គ.ជ.ប ធ្វើការសម្រេចចិត្តដោយគ្មានការស៊ើបអង្កេតច្បាស់លាស់ជុំវិញការលុបបញ្ជីបេក្ខជនរបស់គណបក្សនៅក្នុងសង្កាត់មួយចំនួន។

បើតាមសេចក្តីថ្លែងការណ៍បដិសេធរបស់ គ.ជ.ប ការចោទប្រកាន់របស់គណបក្សភ្លើងទៀននាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះ ជុំវិញបញ្ហាការរៀបចំបេក្ខជន និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ បានចាត់ទុក សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនជាការថ្លែងចោទប្រកាន់មកលើស្ថាប័ន គ.ជ.ប ដោយមិនទទួលស្គាល់នូវកំហុស និងកង្វះខាតរបស់ខ្លួនក្នុងការរៀបចំបេក្ខជន និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែល គ.ជ.ប មិនអាចទទួលយកបាន និងសូមធ្វើការបដិសេធចំពោះការចោទប្រកាន់នេះ ។

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ក្រោយគ.ជ.ប បានសេចក្ដីសម្រេចបដិសេធបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀនចំនួន១១ ឃុំ-សង្កាត់ គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការ ដោយបានចោទប្រកាន់ គ.ជ.ប ទៅលើករណីនេះ ដោយថា ការសម្រេចរបស់ គ.ជ.ប បានធ្វើឡើងទៅតាមទំនោរនយោបាយ និងការអះអាងរបស់ ដើមបណ្តឹងតែប៉ុណ្ណោះ ដោយពុំមានការស៊ើបអង្កេតច្បាស់លាស់ណាមួយឡើយ។

គ.ជ.ប បានបញ្ជាក់ថា ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីសម្រេចលុបឈ្មោះបេក្ខជន ឬបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន គឺបានធ្វើឡើងស្របតាមគោលការណ៍ច្បាប់ជាធរមានដោយយោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានដូចជា មាត្រា ៥៨ បើក្រុមប្រឹក្សាជំនុំជម្រះរកឃើញថាបេក្ខជននោះ មានលក្ខណសម្បត្តិមិនគ្រប់គ្រាន់តាមច្បាប់កំណត់ ក្រុមប្រឹក្សាជំនុំជម្រះ នឹងចេញសេចក្តីសម្រេចលុបឈ្មោះបេក្ខជននោះ។

យោងតាមមាត្រា៦២ នៃច្បាប់ខាងលើនេះ ដែលចែងថា៖ «ក្នុងករណីប្តឹងជំទាស់ត្រូវបានយល់ព្រម គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ត្រូវបដិសេធបេក្ខភាព ឬបញ្ជីបេក្ខជននៃគណបក្សនយោបាយដែលមានការប្តឹងជំទាស់នោះ រួចហើយលុបបេក្ខភាព ឬបញ្ជីបេក្ខជននោះចេញ ព្រមទាំងដកហូត និងបដិសេធលិខិតបញ្ជាក់ការចុះបញ្ជីបេក្ខជននោះ»។

បន្ថែមពីនេះ មុននឹងក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប សម្រេច គឺមានការស្តាប់ការបំភ្លឺក្នុងសវនាការសាធារណៈដោយភាគីដើមបណ្តឹង មេធាវីតំណាងដើមបណ្តឹង ភាគីចុងចម្លើយ មេធាវីតំណាងចុងចម្លើយ និងសាក្សីដើមបណ្តឹង ឬចុងចម្លើយ និងការពិនិត្យ ពិចារណាលើអង្គហេតុ និងអង្គច្បាប់។

ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បានរកឃើញករណីមិនប្រក្រតីជាច្រើនរបស់គណបក្សភ្លើងទៀនក្នុងការរៀបចំឯកសារនៃបេក្ខជន និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដោយអនុវត្តមិនបានត្រឹមត្រូវតាមស្មារតីនៃមាត្រា៣៥ មាត្រា៤២ មាត្រា៥៩ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលសបញ្ជាក់ឲ្យឃើញពីកង្វះការទទួលខុសត្រូវរបស់គណបក្សភ្លើងទៀន។

ដោយឈរលើមូលដ្ឋានគតិយុត្តដ៏រឹងមាំដូចមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប សម្រេចលុបឈ្មោះបេក្ខជន និងបញ្ជីបេក្ខជនមួយចំនួនរបស់គណបក្សភ្លើងទៀន ហើយសេចក្តីសម្រេចរបស់ គ.ជ.ប ជាសេចក្តីសម្រេចចុងក្រោយបិទផ្លូវតវ៉ា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក