ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាអះអាងថា ក្រសួងនឹងពង្រឹង ព្រមទាំងការកែលម្អគុណភាពសេវាសុខាភិបាល កែលម្អឥរិយាបថរបស់អ្នកផ្ដល់សេវាសុខាភិបាល លើកកម្ពស់កម្រិតជំនាញ និងសមត្ថភាពរបស់បុគ្គលិកសុខាភិបាល។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានលើកឡើងថា ក្រសួងនឹងកែលម្អការគ្រប់គ្រង និងផ្គត់ផ្គង់ឱសថ គ្រឿងបរិក្ខារវេជ្ជសាស្ដ្រ ការពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល តាមរយ:អភិបាលកិច្ចតាមដានសុខាភិបាល។
លោកបន្តថា វិស័យសុខាភិបាលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមកិច្ច សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជា។ សកម្មភាពនេះត្រូវបានស្ដែងចេញឲ្យឃើញតាមការលើកកម្ពស់ស្ថានភាពសុខភាព របស់ប្រជាពលរដ្ឋកម្ពុជាឲ្យប្រសើរឡើង ការថយចុះជាបន្តបន្ទាប់នូវអត្រាស្លាប់របស់មាតា ទារក និងកុមារ និងអត្រាឈឺ អត្រាស្លាប់ដោយជំងឺឆ្លងផ្សេងៗ។
បន្ថែមពីនេះ លោករដ្ឋមន្ត្រីបានឲ្យដឹងថា នៅឆ្នាំបន្តបន្ទាប់ខាងមុខនេះ ក្រសួងសុខាភិបាលនៅតែដាក់ចេញផែនការយុទ្ធសាស្ដ្រ អនុវត្ដដើម្បីកាត់បន្ថយថែមទៀតនូវអត្រាមរណភាពរបស់មាតា ទារក និងកុមារ និងកង្វះអាហារូបត្ថម្ភ ពង្រីកកម្មវិធីបង្ការ និងព្យាបាលជំងឺឆ្លង ជម្ងឺមិនឆ្លងរ៉ាំរ៉ៃ។
លើសពីនេះទៀត ក្រសួងសុខាភិបាល នៅតែបន្តការអនុវត្ដ គោលការណ៍លើកលែងការបង់ថ្លៃសេវាចំពោះប្រជាជនក្រីក្រ តាមរយ:គម្រោងមូលនិធិសមធម៌ និងការអនុវត្តការផ្តល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដោយឥតបង់ថ្លៃនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណ: ជូនដល់មន្ត្រីរាជការសាធារណ:អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនផងដែរ៕