ហ្សឺណែវ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានអំពាវដល់អង្គការសហប្រជាជាតិឱ្យបង្កើតយន្តការត្រួតពិនិត្យដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្រមសីលធម៌របស់អ្នករាយការណ៍ពិសេស។
ការលើកឡើងនេះធ្វើឡើងសម័យប្រជុំលើកទី៤៩ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលធ្វើពីថ្ងៃ២៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។
ក្នុងសេចក្ដីប្រកាសព័ត៌មានអំពីកិច្ចប្រឹងប្រែង និងវឌ្ឍនភាពរបស់កម្ពុជា ក្នុងវិស័យសិទ្ធិមនុស្ស ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ដែលដឹកនាំដោយលោកអគ្គរាជទូត អាន សុខខឿន បានលើកឡើងថា ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN គួរតែដាក់អទិភាពរបស់ខ្លួនលើ ការដោះស្រាយចំពោះការកើនឡើងនៃការប្រើប្រាស់ភាសាស្អប់ខ្ពើម ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការញុះញង់ដែលពួនជ្រកក្រោមស្លាកសេរីភាពនៃការបញ្ចេញមតិ ខណៈគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងសំដៅកែលម្អការងាររបស់អ្នករាយការណ៍ពិសេស រួមទាំងការអំពាវនាវឱ្យបង្កើតយន្តការត្រួតពិនិត្យ ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្រមសីលធម៌របស់អ្នករាយការណ៍ពិសេស។
លោកបញ្ជាក់ថា៖ «ឯករាជ្យភាពមិនអាចគេចចេញពីការទទួលខុសត្រូវបានទេ»។
មួយរយៈចុងក្រោយនេះមានការឆ្លើយតបគ្នាច្រើនរវាងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ និងតំណាងកម្ពុជាប្រចាំ UN ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។
កាលពីថ្ងៃទី៣០ ខែមីនា ឯកអគ្គរាជទូតកម្ពុជាប្រចាំ UN លោក អាន សុខខឿន បានឆ្លើយតបទៅអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក Vitit Muntarbhorn ឱ្យទៅរក «ភស្ភុតាង» មកបញ្ជាក់លើរបាយការណ៍របស់គាត់ដែលថា សិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាមានការបំភិតបំភ័យនិងការព្រួយបារម្ភ។ លោកបានផ្ដាំទៅលោក Vitit Muntarbhorn ផងដែរថា កិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សមិនមែនផ្តោតលើការរត់ប្រណាំងប្រជែងគ្នា និងភាពល្អឥតខ្ចោះអំពីបញ្ហាទេ ប៉ុន្តែគឺដូចនឹងការរត់រយៈចម្ងាយវែង ដែលត្រូវផ្តោតលើការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងវឌ្ឍនភាពជាក់ស្តែង ហើយកិច្ចពិភាក្សាលើប្រធានបទនេះគួរធ្វើឡើងដោយ «ផ្អែកលើស្ថិតិ និងអង្គហេតុ មិនមែនផ្អែកទៅតាមអារម្មណ៍យល់ឃើញនោះទេ»៕