លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ក្នុងរយៈពេល៥សប្ដាហ៍តំណាងកម្ពុជាថ្លែងអន្តរាគមន៍៣៣លើកនៅក្រុមប្រឹក្សាសិទ្ធិមនុស្សUN

ហ្សឺណែវ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានឱ្យដឹងថាក្នុងសម័យប្រជុំលើកទី៤៩នៃក្រុមប្រឹក្សាសិទ្ធិមនុស្សUN តំណាងកម្ពុជាបានចូលរួមទ្បើងថ្លែងបទអន្តរាគមន៍សរុប ៣៣លើក បង្ហាញពីកិច្ចប្រឹងប្រែងសមិទ្ធផល និងវឌ្ឍនភាពក្នុងទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្តែង របស់កម្ពុជាក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស ថែមទាំងបានចូលរួមក្នុងកិច្ចពិភាក្សានានាស្ដីពីការពង្រឹងរបៀបរបបការងាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងអ្នករាយការណ៍ពិសេស ព្រមទាំងប្រធានបទស្តីពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសមួយចំនួនផងដែរ។

ក្នុងសម័យប្រជុំនោះតំណាងកម្ពុជាបានបង្ហាញនូវការរីកចម្រើននៃការលើកស្ទួយសិទ្ធិមនុស្សជាច្រើន ជាពិសេសក្នុងពេលពេលដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

តំណាងកម្ពុជាប្រចាំអង្គការប្រជាជាតិលោក អាន សុខខឿន បានលើកឡើងថា ការឆ្លើយតបរបស់កម្ពុជាចំពោះជំងឺរាតត្បាតកូវីដ១៩ បានប្រកាន់គោលការណ៍សិទ្ធិមនុស្សជាស្នូល ជាពិសេសសិទ្ធិមានជីវិត សុខភាព និងការរស់រាន ដែលបានផ្ដល់សាច់ប្រាក់ចំនួន៨ជុំ ដែលមានតម្លៃប្រមាណជាង ៦០០លានដុល្លារដល់គ្រួសារក្រីក្រជិត ៧០ម៉ឺនគ្រួសារ ដែលស្មើនឹងជាង ២,៨លាននាក់។ បន្ថែមពីលើយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដោយឥតគិតថ្លៃសម្រេចបានជាង៩០ភាគរយនៃប្រជាជនសរុប «ពោលគឺលើសគោលដៅដែលកំណត់ដោយអង្គការសុខភាពពិភពលោក»។

ក្នុងការថ្លែងទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក អាន សុខខឿន បានបញ្ជាក់ថាកម្ពុជាអនុវត្តបានតាមការលើកឡើងរបស់អង្គការសហប្រជាជាតិដែលថា «គ្មាននរណាម្នាក់អាចមានសុវត្ថិភាពឡើយ ប្រសិនបើគ្រប់គ្នាពុំមានសុវត្ថិភាព» ដោយបានបរិច្ចាកសម្ភារៈសុខាភិបាលការពារជំងឺកូវីដ-១៩ ដល់ប្រទេសមួយចំនួនផងដែរ។

ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាក៏បានបញ្ជាក់ពីគោរពសិទ្ធិជនមានពិការភាព សិទ្ធិទទួលបានរបបអាហារ ការលុបបំបាត់អំពើហិង្សាលើកុមារ ដែលនឹងរៀបចំផែនការយុទ្ធសាស្ត្រជាតិជាបន្តបន្ទាប់។ ទាក់ទងនឹងសិទ្ធិវប្បធម៌វិញ កម្ពុជាក៏បានអនុម័តច្បាប់និងគោលនយោបាយជាតិនានា រួមទាំងច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ ដើម្បីការពារ និងលើកតម្កើងតម្លៃវប្បធម៌ និងបើកចំហរជើងមេឃវប្បធម៌ឱ្យកាន់តែទូលំទូលាយ បង្កបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍទំនិញ និងសេវាកម្មវប្បធម៌ដែលមានគុណភាពខ្ពស់នៅក្នុងប្រទេស។

លោក អាន សុខខឿន បានបញ្ជាក់ប្រាប់អង្គការសហប្រជាជាតិថា កម្ពុជាពុំមានការប្រកាន់ពូជសាសន៍ ជំនឿសាសនា ការបំពារបំពានដល់ជនជាតិដើមភាគតិចនោះទេដោយសារ «រាជរដ្ឋាភិបាលបានប្រកាន់យកអភិក្រមវិជ្ជមាននិងប្រកបដោយបរិយាប័ន្នចំពោះគ្រប់សាសនានិងពូជសាសន៍ កម្ពុជាមានការតាំងចិត្តខ្ពស់ក្នុងការរក្សាឯកភាពជាតិ និងភាពសុខដុមរមនាក្នុងចំណោមជាតិពន្ធទាំងអស់ ដែលជាមូលដ្ឋានគ្រឹះ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»។

ចំពោះការងារលើកតម្កើនសមភាពយេនឌ័រវិញលោក អាន សុខខឿន ថាកម្ពុជាគាំពារសមភាពយេនឌ័រនិងការផ្តល់អំណាចដល់ស្ត្រី ដែលត្រូវតែជាអាទិភាពលើគ្រប់វិស័យ។

លោកបញ្ជាក់ថា៖ «ស្រ្តីកម្ពុជាបាននិងកំពុងដើរតួនាទីដឹកនាំក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១៩។ ក្នុងវិស័យសន្តិភាពនិងសន្តិសុខ កម្ពុជាមានមោទនភាពដែលជាប់ចំណាត់ថ្នាក់ទី១៣ ក្នុងចំណោមប្រទេសចំនួន១២២ និងលេខ២ក្នុងចំណោមប្រទេសអាស៊ាន ដែលបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រី ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ»។

ក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំជាស្រ្តី លើកទី២ ក្រោមប្រធានបទ «កសាងចីរភាព បរិយាប័ន្ន និងភាពធន់៖ សហគ្រិនភាពរបស់ស្រ្តីនៅអាស៊ាន»។

ក្នុងការធ្វើបទអន្តរាគមន៍នោះកម្ពុជាបានស្នើដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឱ្យដាក់អទិភាពថ្មីលើការងាររបស់ខ្លួនគឺ «ការដោះស្រាយចំពោះការកើនឡើងនៃការប្រើប្រាស់ភាសាស្អប់ខ្ពើម ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការញុះញង់ដែលពួនជ្រកក្រោមស្លាកសេរីភាពនៃការបញ្ចេញមតិ»។

តំណាងកម្ពុជាក៏អំពាវនាវឱ្យ UN បង្កើតយន្តការត្រួតពិនិត្យ ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្រមសីលធម៌របស់អ្នករាយការណ៍ពិសេសផងដែរ។

ចុងបញ្ចប់ កម្ពុជាក៏បានចូលឈ្មោះជាប្រទេសផ្ដួចផ្ដើម (co-sponsor) លើសេចក្តីថ្លែងការណ៍រួម មួយចំនួន លើប្រធានបទជាច្រើន រួមមាន ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ សិទ្ធិកុមារ ជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព សិទ្ធិអភិវឌ្ឍន៍ ជាដើម។

សម័យប្រជុំលើកទី៤៩នៃក្រុមប្រឹក្សាសិទ្ធិមនុស្សUN ធ្វើឡើងក្នុងរយៈពេល ៥សប្តាហ៍ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។

ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបញ្ចប់សម័យប្រជុំលើកទី៤៩ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីបានរៀបចំកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេសតាមប្រធានបទនិងប្រទេសជាក់លាក់ចំនួន៤១ កិច្ចពិភាក្សាទូទៅចំនួន០៩ និងកិច្ចពិភាក្សាជាក្រុមចំនួន០៨ ព្រមទាំងបានអនុម័តសេចក្តីសម្រេចចិត្តពាក់ព័ន្ធនឹងបញ្ហាតាមប្រធានបទនិងប្រទេសជាក់លាក់ សរុបចំនួន៣៥៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក