បន្ទាយមានជ័យ៖ គណៈប្រតិភូខេត្តដុងថាប់ នៃសាធារៈរដ្ឋសង្គមនិយមវៀតណាម បានជួបសំដែងការអរគុណដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋវៀតណាមដែលរស់នៅក្នុងខេត្ត ជាពិសេសក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។
ប្រតិភូខេត្តដុងថាប់ នៃវៀតណាម ដឹកនាំដោយអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក ហ្វិញ មិញត្វឹ បានជួបជាមួយអភិបាលខេត្តបន្ទាយមានជ័យស្ដីទី លោក អោម ចន្ថា នៅសាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ដើម្បីជូនពរដល់រដ្ឋបាលខេត្តបន្ទាយជ័យ ដែលជាខេត្តដៃគូរបស់ខ្លួនដោយផ្ទាល់ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។
ក្នុងពេលជួបនោះអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ លោក ហ្វិញ មិញត្វឹន បានថ្លែងអណរគុណចំពោះថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដែលតែងតែជួយសម្រួលដល់ការរស់នៅរបស់ពលរដ្ឋពលវៀតណាម ពិសេសក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ ដោយបានជួយចាក់វ៉ាក់សាំងជូនពលរដ្ឋវៀតណាមដែលរស់នៅក្នុងខេត្ត ក៏ដូចជាជួយសម្រួលនូវទីតាំងបញ្ចុះសពរបស់វៀតណាមដែលស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងខេត្តផងដែរ។ លោកថាចំនុចទាំងនេះបានបញ្ជាក់ឱ្យឃើញពីទំនាក់ទំនងរវាងប្រទេស និងខេត្តទាំងពីរកាន់តែមានសម្ព័ន្ធមេត្រីភាពកាន់តែខ្លាំងមិនអាចកាត់ផ្តាច់បាន។
លោកថា៖ «ក្នុងនាមប្រជាជនវៀតណាមក៏នឹងបន្តចាប់ដៃគ្នារិតចំណងសម្ព័ន្ធមេត្រីភាពនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត»។
អភិបាលខេត្តស្ដីទី លោក អោម ចន្ថា បានលើកឡើងថាប្រទេសកម្ពុជា-វៀតណាម គឺជាបងប្អូនខាងល្អដែលមានកិច្ចសហប្រតិបត្តិការជាមួយគ្នាជាប្រពៃណីអស់កាលដ៏យូរលង់ណាស់មកហើយ និងតែងជួយគ្នាទៅវិញទៅមក។ លោកបានរម្លឹកពីប្រវត្តិតស៊ូក្នុងការប្រឆាំងនឹងអាណានិគមនិយមរហូតប្រទេសទាំងពីររហូតទទួលបានឯករាជ្យរៀងខ្លួន និងការជួយគ្នាទៅវិញទៅមកក្នុងការបង្រួបបង្រួមទឹកដី និងរំដោះប្រទេសពីអំពើប្រល័យពូជសាសន៍ផងដែរ។
លោកថា៖ «ក្នុងសម័យសង្គ្រាម កម្ពុជាធ្លាប់បានជួយវៀតណាមក្នុងការបង្រួបបង្រួមទឹកដី ឯវៀតណាមបានជួយរំដោះប្រជាជនកម្ពុជាឱ្យចេញផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលដឹកនាំដោយ ប៉ុល ពត។ ប្រជាជនកម្ពុជាគ្រប់រូបចងចាំពុំភ្លេចនូវគុណូបការៈរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានលះបង់នូវសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងសេរីភាព ជូនប្រជាជនកម្ពុជា»។
សូមបញ្ជាក់ផងដែរថា ខេត្តដុងថាប់ គឺជាដៃគូសហប្រតិបត្តិការដ៏សំខាន់នៃខេត្តបន្ទាយមានជ័យ ដែលបានចងសម្ព័ន្ធមេត្រីភាពជាផ្លូវការតាមរយៈ ការចុះអនុស្សរណៈនៃការយោគយល់លើកទី១ ក្នុងឆ្នាំ២០១១ និងលើកទី២ ក្នុងឆ្នាំ២០១៦ កន្លងទៅ។ ហើយការចុះហត្ថលេខាលើអនុស្សរណៈថ្មីឆ្នាំ២០២១ កន្លងទៅ ត្រូវបានអាក់ខានដោយសារវិបត្តិនៃជំងឺកូវីដ-១៩។
តាមរយៈដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យសង្ឈឹមថា ភាគីទាំងពីរនឹងនៅតែរក្សានូវទំនាក់ទំនង និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា និងបានស្នើក្រុមការងារទាំងពីរភាគីធ្វើការពិភាក្សា រៀបចំខ្លឹមសារអនុស្សរណៈថ្មី ដើម្បីដាក់ជូនថ្នាក់ដឹកនាំទាំងពីរពិនិត្យសម្រេច និងឈានទៅចុះហត្ថលេខាជាផ្លូវការនាពេលវេលាសមស្របណាមួយនាពេលខាងមុខ៕