ភ្នំពេញ៖ ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះវិវាទការងាររវាងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ និងម្ចាស់ក្រុមហ៊ុននេះអស់ពេលជិត ១ឆ្នាំមកហើយ។ ក្នុងករណីវិវាទការងារដ៏រាំរ៉ៃមួយនេះ ខ្ញុំបានពិនិត្យឃើញថា ភាគីនីមួយៗមានហេតុផលនិងការដាក់លក្ខខណ្ឌរៀងៗខ្លួន ហើយបើទោះបីជាវិវាទនេះត្រូវបានដោះស្រាយបញ្ចប់បញ្ហា និងមានសេចក្តីសម្រេចពីក្រុមប្រឹក្សាអាជ្ញាកណ្តាលក្តី ក៏ភាគីក្រុមបាតុករដែលនៅសេសសល់ដ៏តិចតួចបន្តប្រកែកតវ៉ាមិនទាន់ព្រមទទួលយកឡើយ និងបានអូសបន្លាយការប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅតាមទីសាធារណៈ បើទោះបីជាអាជ្ញាធរមានសមត្ថកិច្ចហាមប្រាមយ៉ាងណាក្តី។
គេបានដឹងថាដើមហេតុនៃវិវាទការងារនេះ គឺដោយសារបញ្ហាវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលតំរូវឱ្យក្រុមហ៊ុនត្រូវកាត់បន្ថយចំនួនបុគ្គលិកដើម្បីរក្សាគម្លាតសុវត្ថិភាពសង្គមស្របតាមវិធានសុខាភិបាលនិងក៏ដើម្បីដោះស្រាយបញ្ហាវិបត្តិហិរញ្ញវត្ថុក្នុងក្រុមហ៊ុនផង។
បន្ទាប់ពីក្រុមហ៊ុនបានកាត់បន្ថយបុគ្គលិក ភាគីខាងកម្មករនិយោជិតដែលមានមេសហជីពជាស្ត្រីមួយចំនួនក្នុងនោះ បានងើបបះបោរធ្វើការទាមទារឱ្យបុគ្កលិកដែលត្រូវបានបញ្ឈប់ពីការងារបានចូលធ្វើការងារវិញបើទោះជាត្រូវបានបដិសេធពីខាងភាគីក្រុមហ៊ុនដោយសារតែក្រុមហ៊ុនបានយល់ព្រមសងសំណងតាមការកាត់សេចក្តីរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលហើយក្តីក៏ក្រុមបាតុករនៅតែធ្វើសកម្មភាពតវ៉ាឈានដល់ការអនុវត្តបំពានគោលការណ៍ច្បាប់។
រហូតមកទល់បច្ចុប្បន្ននេះ អ្នកសេសសល់ប្រមាណ ២០០នាក់នៅតែបន្តនាំគ្នាធ្វើបាតុកម្មដោយខុសច្បាប់ និងនៅតែរឹងរូសមិនព្រមទទួលយកសំណងតាមច្បាប់ការងារនោះឡើយ ហើយសកម្មភាពនៃការតវ៉ារបស់ពួកគេនេះអាចលំបាកក្នុងការរកដំណោះស្រាយគឺដោយសារតែបង្កប់ដោយរបៀបវារៈនយោបាយ ជាពិសេសការបង្ហាត់បង្ហាញ ការផ្តល់យោបល់ ការឧបត្ថម្ភមធ្យោបាយធ្វើបាតុកម្ម គួបផ្សុំនឹងការបន្ទរនិងលើកទឹកចិត្តនៅពីក្រោយពីសំណាក់បណ្តាញសង្គមស៊ីវិលដែលមាននិន្នាការយោបាយប្រឆាំងដែលស្តែងឱ្យឃើញយ៉ាងច្បាស់តាមរយៈការរៀបចំជារចនាសម្ព័ន្ធ តវ៉ា ការសម្តែង ការស្លៀកឯកសណ្ឋាន ការប្រើសម្ភារៈ និងការផ្សព្វផ្សាយបំភ្លៃសភាពការណ៍ខុសពីការពិតនៅក្នុងសង្គម ស្របពេលដែលប្រទេសកម្ពុជាកំពុងរៀបចំឈានទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។
បើទោះបីជាមេក្លោងសហជីព និងក្រុមមេខ្យល់ដឹកនាំធ្វើបាតុកម្មមួយចំនួនត្រូវបានដោះលែងជាបណ្តោះអាសន្នបន្ទាប់ពីពួកគេបានធ្វើកិច្ចសន្យាឈប់ធ្វើការប្រមូលផ្តុំតវ៉ា និងព្រមព្រៀងថានឹងចូលរួមដោះស្រាយតាមគោលការណ៍ច្បាប់ការងារក្តី ប៉ុន្តែមេក្លោងសហជីពមួយចំនួននោះមិនបានគោរពតាមកិច្ចសន្យារបស់ខ្លួនឡើយ និងបានបន្តដឹកនាំធ្វើបាតុកម្មដោយខុសច្បាប់ និងទាមទារអត្ថប្រយោជន៍ច្រើនហួសហេតុ ហើយថែមទាំងបន្តដឹកនាំការតវ៉ាតាមដងផ្លូវសាធារណៈ នាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សន្តិសុខសង្គម ដោយពុំព្រមស្តាប់ការណែនាំជាច្រើនលើកច្រើនសាររបស់ក្រសួងមានសមត្ថកិច្ចសោះឡើយ។
តើក្រុមបាតុករណាហ្គាវើលដ៏ មានចេតនាអ្វីឱ្យពិតប្រាកដ បានជាក្រុមនេះនៅតែបន្តប្រមូលផ្តុំគ្នាធ្វើបាតុកម្មដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យនៅតាមដងផ្លូវសាធារណៈបែបនេះ?
ផ្អែកលើសេចក្តីជូនដំណឹងអំពីរបាយការណ៍រកដំណោះស្រាយជាបន្តបន្ទាប់រវាងគូវិវាទទាំងពីរ (តំណាងអតីតបុគ្គលិក និងតំណាងក្រុមហ៊ុនណាហ្គាវើលដ៏) ពីក្រសួងការងារ និងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាននានា គេបានមើលឃើញថាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏មួយភាគធំបានយល់ព្រមទទួលយកសំណងការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុនស្ទើរអស់ទៅហើយដែលធ្វើឱ្យចំនួនអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹមតែជាង ២០០នាក់ប៉ុណ្ណោះ ក្នុងចំណោមបុគ្គលិកចំនួនជាង ១៦០០នាក់ដែលត្រូវបានកាត់បន្ថយពីការងារ។ ម៉្យាងទៀត ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏បានចេញសេចក្តីបង្គាប់ដោយត្រឹមត្រូវ យុត្តិធម៌ និងស្របតាមច្បាប់ការងារផងដែរ។
ទោះបីជាសេចក្តីបង្គាប់មិនជាប់កាតព្វកិច្ចក្តី តែភាគីខាងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ជាពិសេសមេសហជីពតែម្តង គឺពួកគេមិនបានគោរពតាមកិច្ចសន្យារបស់ខ្លួន និងថែមទាំងបង្ហាញអំពីចេតនាមិនគោរពច្បាប់ ហើយបានប្រើប្រាស់ការធ្វើបាតុកម្មបង្ខំឱ្យក្រុមហ៊ុន ក្រសួងការងារ និងអាជ្ញាធរមានសមត្ថកិច្ចទទួលយកលក្ខខណ្ឌរបស់ខ្លួនជាឯកតោភាគីទៅវិញ។
ការចិញ្ចឹមចលនាដឹកនាំធ្វើបាតុកម្មដោយខុសច្បាប់នេះ ត្រូវបានក្រុមអ្នកវិភាគវាយតម្លៃនិងមើលឃើញអំពីពុតត្បុតនិងចរិតនយោបាយនៃការតវ៉ារបស់ក្រុមបាតុករដូចតទៅ៖
១/ ការបដិសេធមិនទទួលយកសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាចេតនាទុចរិត របស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ក្នុងការចិញ្ចឹមទំនាស់ និងគ្មានឆន្ទៈដោះស្រាយបញ្ចប់ វិវាទការងារ។
២/ ការបន្តធ្វើបាតុកម្មខុសច្បាប់ បង្ហាញនូវចេតនារុញច្រានបញ្ហាឱ្យកាន់តែធំឡើងៗ ដើម្បីបម្រើហេតុផលប្រយោជន៍នយោបាយ ជាជាងការទទួលយកការដោះស្រាយស្របតាមគោលការណ៍ច្បាប់ និងក៏បានបង្ហាញនូវការមិនគោរពកិច្ចសន្យារបស់ខ្លួនផងដែរ។
៣/ អ្នកដឹកនាំចលនានៃការធ្វើបាតុកម្មយ៉ាងអាណាធិបតេយ្យនេះ ក៏បានចេញមកសារភាពផងដែរថា ពួកគេទទួលបានការឧបត្ថម្ភគាំទ្រផ្នែកថវិកាពីក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួន ដើម្បីទ្រទ្រង់បាតុកម្ម។ ជាងនេះទៅទៀត យោងតាមព័ត៌មានដែលបានបែកធ្លាយលើបណ្តាញសង្គម ក្រុមបាតុករ មានការបង្វឹកនូវយុទ្ធវិធីតវ៉ាដោយជនបរទេស រួមទាំងការធ្វើបាតុកម្មគាំទ្រពីខាងក្រៅប្រទេសទៀតផង។
៤/ ក្រុមបាតុករខុសច្បាប់បានបង្កើតឱ្យមាននូវព្រឹត្តិការណ៍ប្រតាយប្រតប់គ្នា បង្កជាអំពើហឹង្សាក្នុង ចេតនាបំភ្លៃសាធារណមតិ ដោយចោទប្រកាន់ថា សមត្ថកិច្ចជាអ្នកបំពានទៅលើក្រុមបាតុករទៅវិញ។
៥/ ការធ្វើបាតុកម្មខុសច្បាប់ ក៏មានគោលបំណងបង្ខូចមុខមាត់របស់រាជរដ្ឋាភិបាលផងដែរ ស្របពេលដែលកម្ពុជាកំពុងធ្វើជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ២០២២នេះ។ ជាងនេះទៅទៀតការបន្តធ្វើបាតុកម្មនេះ ក៏ក្នុងចេតនាបំភិតបំភ័យដល់ភ្ញៀវទេសចរមិនឱ្យមកកម្ពុជាទៀតផង ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលប្រកាសបើកដំណើរការជាប្រក្រតីសេដ្ឋកិច្ច សង្គមឡើងវិញ។
៦/ ចលនាធ្វើបាតុកម្មខុសច្បាប់នេះ ក៏អាចជាចេតនារបស់ក្រុមអ្នកនយោបាយដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលក្នុងការប្រើប្រាស់ក្រុមបាតុករ ដើម្បីធ្វើការអុកឡុកដល់ស្ថេរភាពនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលគ្រោងធ្វើនៅពេលដ៍ខ្លីខាងមុខនេះ ហើយក្រុមអ្នកនយោបាយទាំងនោះនឹងចោទប្រកាន់ថា បរិយាកាសនៃការបោះឆ្នោតមានការគម្រាមកំហែង អាប់អួរ គ្មានសុវត្ថិភាពដែលពួកគេអាចយកលេសផ្សេងៗ ដើម្បីធ្វើការរិះគន់ជុំវិញដំណើរការបោះឆ្នោតជាដើម។
ជារួម ទំនាស់រវាងថៅកែក្រុមហ៊ុន និងក្រុមអតីតបុគ្គលិកមួយចំនួនតូចនេះ ត្រូវបានដោះស្រាយតាមច្បាប់ការងារស្ទើរតែចប់ទៅហើយ និងបើពួកក្រុមបាតុករដែលនៅសេសសល់មិនចាញ់នូវឧបាយកលញុះញង់របស់មេក្លោងសហជីពមួយចំនួននោះទេ ម៉្លេះសមពួកគេនឹងបានទទួលនូវអត្ថប្រយោជន៍ ដោយទទួលប្រាក់សំណងសមរម្យតាមច្បាប់ស្តីពីការងារ និងបានឱកាសទៅរកកន្លែងធ្វើការងារថ្មីដើម្បីបានថវិកាផ្គត់ផ្គង់ជីវភាពគ្រួសារបានល្អប្រសើរថែមទៀតផង។ ការស្វែងរកការងារថ្មី ឬមុខរបរថ្មីធ្វើ វាពិតជាប្រសើរជាងធ្វើជាទាសករបាតុកម្មខុសច្បាប់ បម្រើឱ្យមេសហជីពដែលមាននិន្នាការនយោបាយ និងអ្នកនយោបាយប្រឆាំងដែលតែងតែយកញើសឈាមកម្មករមកធ្វើជាឈ្នាន់នយោបាយ តាមរយៈការបញ្ឆេះកំហឹងកម្មករនិយោជិតដើម្បីតែមហិច្ឆតាអំណាចរបស់ពួកគេតែប៉ុណ្ណោះ៕