
មន្រ្តីជាន់ខ្ពស់អាជ្ញាធរមីនកម្ពុជាចែករំលែកបទពិសោធន៍នៅក្នុងវិស័យកម្ពុជាទៅកាន់ប្រតិភូហ្វីលីពីន
ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានចែករំលែកបទពិសោធន៍ និងការដឹកនាំវិស័យសកម្មភាពមីននៅកម្ពុជា ទៅដល់គណៈប្រតិភូសកម្មភាពមីនហ្វីលីពីន និងភាគីពាក់ព័ន្ធ ស្របពេលកម្ពុជាប្ដេជ្ញាធ្វើការងារមួយនេះឲ្យបានកាន់តែល្អប្រសើរនៅក្នុងឆ្នាំ២០២៥។
ការចែករំលែកបទពិសោធន៍នេះធ្វើឡើងក្នុងសិក្ខាសាលាស្តីពីអ្នកពាក់ព័ន្ធវិស័យសកម្មភាពមីនហ្វីលីពីន ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ដោយបានសហការរៀបចំដោយមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) មូលនិធិ Suisse de Déminage (FSD) ប្រទេសបារាំង សហគមន៍អឺរ៉ុប និងយុទ្ធនាការហ្វីលីពីនដើម្បីហាមប្រាមគ្រាប់មីន។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានឲ្យដឹងថា វិស័យមីន ត្រូវការការអភិវឌ្ឍជំនាញថ្មីៗនិងបច្ចេកវិទ្យាបន្ថែមទៀត ដែលអាចធ្វើឱ្យប្រតិបត្តិករទាំងអស់បំពេញភារកិច្ចឱ្យអស់ពីសមត្ថភាព ហើយវាគឺជាសមិទ្ធផលដ៏អស្ចារ្យមួយដើម្បីអាចនាំឲ្យពិភពលោកសម្របខ្លួនទៅនឹងជំនាញនិងបច្ចេកវិទ្យាជឿនលឿននៅពេលនិយាយអំពីបញ្ហាមីន និងបញ្ហាសំណល់ជាតិផ្ទុះពីសង្រ្គាមក្នុងគោលដៅជួយសង្គ្រោះជីវិតមនុស្សជាពិសេសអ្នកងាយរងគ្រោះបំផុត និងប្រែក្លាយតំបន់មានមីនទៅជាតំបន់អភិវឌ្ឍន៍កសិកម្ម សាលារៀន មន្ទីរពេទ្យ និងទីផ្សារជាដើម។
លោកបានលើកឡើងថា កាលពីឆ្នាំ២០១២ កម្ពុជាក្នុងនាមជាប្រធានអាស៊ានបានផ្តួចផ្តើមគំនិតបង្កើតឲ្យមានមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីនដោយយល់ឃើញថា ការថែរក្សាសន្តិសុខមនុស្សជាតិគឺជាផ្នែកសំខាន់មួយយ៉ាងសំខាន់នៃកិច្ចខិតខំប្រឹងប្រែងការកសាងសហគមន៍អាស៊ាននិងព្យាយាមធានាថារដ្ឋជាសមាជិកអាស៊ានទាំងអស់ និងគ្រប់វិស័យសង្គមទទួលបានអត្ថប្រយោជន៍ពីដំណើរការនេះ។
លោកបានបន្តទៀតថា៖ «គោលដៅគ្មានមីនឆ្នាំ២០២៥ គឺជាការក្រើនរំលឹកសម្រាប់វិស័យសកម្មភាពមីន និងជាការប្តេជ្ញាចិត្តរបស់ពិភពលោកគ្មានមីន។ ជាមួយគ្នានេះរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការនេះ និងបានត្រៀមខ្លួនដើម្បីចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសកម្មភាពមីននៅក្នុងតំបន់ មិនត្រឹមតែក្នុងអំឡុងពេលឆ្នាំនេះ ដែលជាឆ្នាំនៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែនៅគ្រប់ពេលវេលា»។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះការតាំងចិត្តពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការផ្តល់កិច្ចសហការកាន់តែខ្លាំងនៅក្នុងតំបន់ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកបន្តបេសកកម្មសម្រាប់សកម្មភាពមីន ក្នុងការលើកកម្ពស់សុខសុវត្ថិភាព និងជួយដល់ជនងាយរងគ្រោះដែលរងផលប៉ះពាល់ដោយសំណល់ជាតិផ្ទុះពីសង្រ្គាម។ លោកបញ្ជាក់បន្ថែមថា ការងារបោសសម្អាតមីន គឺជាបេសកកម្មរបស់យើងទាំងអស់គ្នា ហើយគ្រប់ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមឆ្ពោះទៅរកពិភពលោកគ្មានមីនឆ្នាំ២០២៥៕