វៀតណាម៖ នៅថ្ងៃសុក្រ ទី០៤ ខែមិថុនានេះ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសអនុម័តឱ្យប្រើប្រាស់នូវវ៉ាក់សាំងមួយប្រភេទទៀតរបស់ចិនគឺ Sinopharm ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនូវការរាតត្បាតនៃវីរុស កូវីដ-១៩ ក្នុងប្រទេស ដែលនាំឱ្យនេះជាវ៉ាក់សាំងទី៣ ហើយដែលត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាល វៀតណាមសម្រាប់ការអនុញ្ញាតក្នុងក្របខណ្ឌទូទាំងប្រទេស។ គួរបញ្ជាក់ នាពេលកន្លងមក វៀតណាមបានអនុម័តឱ្យមានការប្រើប្រាស់វ៉ាក់សាំង COVID-19 តែពីរប្រភេទប៉ុណ្ណោះសម្រាប់ប្រជាជនខ្លួន ពោលគឺ AstraZeneca និងវ៉ាក់សាំងប្រភេទ SputnikV របស់រុស្សី។
ប្រទេសវៀតណាមកំពុងព្យាយាមពន្លឿនការផ្គត់ផ្គង់សង្វាក់ផលិតកម្មវ៉ាក់សាំងរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមនៃការរាលដាលការឆ្លងមេរោគកូវីដ ខណៈការវាយប្រហារដោយវីរុសប្រភេទថ្មីកំពុងត្រូវបានព្រួយបារម្ភជាខ្លាំងដោយរដ្ឋាភិបាល បើទោះបីជាចំនួនអ្នកឆ្លងមានតិចតួច និងអ្នកស្លាប់ស្ថិតក្នុងអត្រាទាបយ៉ាងណាក៏ដោយ។ រដ្ឋមន្រ្តីសុខាភិបាលវៀតណាម លោក Nguyen Thanh Long បាននិយាយកាលពីថ្ងៃពុធកន្លងទៅថា វៀតណាមកំពុងឈានទៅរកគោលដៅរបស់ខ្លួនក្នុងការផលិតនូវវ៉ាក់សាំងឱ្យបាន ១៥០លានដូស ដើម្បីចាក់ជូនប្រជាជន ៧៥ភាគរយ នៃចំនួនប្រជាជនសរុប ៩៨លាននាក់ របស់ខ្លួននៅក្នុងឆ្នាំនេះ។
មកដល់បច្ចុប្បន្ននេះ វៀតណាមបានរាយការណ៍អំពីករណីឆ្លងសរុប ចំនួន ៨,១១៥ករណី និងមានអ្នកស្លាប់ត្រឹមតែ ៤៩នាក់ប៉ុណ្ណោះ។ នៅថ្ងៃសុក្រនេះ អង្គការសុខភាពពិភពលោក ក៏បានចេញមកបញ្ជាក់ផងដែរ ជុំវិញមេរោគដែលវៀតណាមអះអាងថារកឃើញ មានវ៉ារ្យង់មកពីវីរុស B1617 ពីឥណ្ឌា និង B117 ពីចក្រភពអង់គ្លេសនោះ ពុំអាចកើតឡើងទៅជាប្រភេទថ្មីនៃវីរុសកូវីដ-១៩នឡើយ៕