តាកែវ៖ គ្រួសារមួយនៅខេត្តតាកែវ ដែលមានពិការភាពទាំងប្ដីនិងប្រពន្ធបានទទួលជោគជ័យនៅក្នុងវិស័យកសិកម្មតាមរយៈការដាំដុះបន្លែសុវត្ថិភាព និងការចែករំលែកចំណេះទៅកាន់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលបានផ្លាស់ប្ដូរពីការរើសអើងជនមានពិការភាពឱ្យទៅជាគ្រួសារគំរូមួយនៅក្នុងសហគមន៍។
កសិករម្នាក់ដែលមានទីលំនៅ នៅក្នុងភូមិអង្គុញ ឃុំពេជ្រសារ ស្រុកកោះអណ្ដែត ខេត្តតាកែវគឺអ្នកស្រី អៀម សុភា ជាកសិករដែលពិការដៃខាងឆ្វេងតាំងពីកំណើតមកម្ល៉េះ ចំណែកឯស្វាមីរបស់អ្នកស្រីមានខ្នងគម។
ទោះបីគ្រួសាររបស់អ្នកស្រីមានពិការភាពបែបនេះក្ដី ក៏អ្នកស្រីមិនបណ្ដោយខ្លួនតាមព្រេងវាសនានោះដែរ។ អ្នកស្រីបានអភិវឌ្ឍខ្លួនឯងឱ្យក្លាយជាកសិករគម្រូម្នាក់នៅក្នុងសហគមន៍ដោយដាំបន្លែសុវត្ថិភាពដោយមិនប្រើសារធាតុគីមី និងការចែករំលែកចំណេះដឹងខាងកសិកម្មទោដល់ប្រជាពលរដ្ឋផ្សេងទៀតនៅក្នុងមូលដ្ឋាន។
ស្ត្រីវ័យ២៩ឆ្នាំរូបនេះរៀបរាប់ថា កាលពីមិនទាន់ធ្វើកសិកម្មជីវភាពអ្នកស្រីមានការលំបាកខ្លាំង ព្រោះអ្នកស្រីមិនមានការងារធ្វើនោះទេ បើទោះបីទៅដាក់ពាក្យធ្វើការជាច្រើនកន្លែងក៏ដោយ។
អ្នកស្រីនិយាយថា៖ «នៅពេលដែលគ្រួសារខ្ញុំចាប់ដៃគ្នាហើយពួកខ្ញុំមិនអាចធ្វើការចំណាកស្រុកនៅខាងក្រៅបាន ឬក៏ស៊ីឈ្នួលគេនៅខាងក្រៅបាននោះទេដោយសារគ្រួសារខ្ញុំមានពិការភាព គឺមានការរើសអើងខ្លាំងមែនទែន»។
អ្នកស្រីនិងស្វាមីបានខិតខំព្យាយាមស្វែងរកមុខរបរដើម្បីផ្គត់ផ្គង់គ្រួសារ តាមរយៈការធ្វើកសិកម្ម។ មុនដំបូង អ្នកស្រីបានចាប់ផ្ដើមដាំដំណាំហូបជាលក្ខណៈគ្រួសារ បន្ទាប់ពីទទួលបានដីផ្ទះមួយកន្លែងពីអង្គការក្រៅរដ្ឋាភិបាល និងបានពង្រីកការដាំដុះរហូតបានលក់ទៅឱ្យប្រជាពលរដ្ឋនៅក្នុងភូមិ។
អ្នកស្រីនិយាយថា៖ «ពេលនោះពួកខ្ញុំបានគិតពីការដាំបន្លែ មុនដំបូងគឺដាំបន្លែហូបក្នុងគ្រួសារ។ នៅពេលដែលគេឃើញគ្រួសារខ្ញុំដាំបន្លែបានហូបទៅ អ្នកនៅក្នុងភូមិនៅជុំវិញផ្ទះខ្ញុំ គេក៏បានងាកមកជួយទិញបន្លែរបស់ខ្ញុំ ហើយខ្ញុំក៏ប្រកបអាជីពដាំបន្លែនេះធំជាងមុនម្ដងបន្តិចៗ»។
នៅឆ្នាំ២០២០ អ្នកស្រីបានចូលរួមជាមួយនឹងគម្រោងម៉ាស់២(Mase2) របស់អង្គការទស្សនៈពិភលោក ដោយបានដាំបន្លែសុវត្ថិភាពនិងយកទៅលក់ឱ្យខាងសហគមន៍កសិករ។ តាមរយៈគម្រោងនេះ អ្នកស្រីបានអភិវឌ្ឍសមត្ថភាពខ្លួននៅលើផ្ទៃដីដាំដុះ ដោយអ្នកស្រីបានដាំដំណាំជាច្រើនប្រភេទ ទទួលបានសម្ភារៈកសិកម្មនិងមានបច្ចេកទេសក្នុងការថែទាំដំណាំតាមបែបធម្មជាតិផងដែរ។
អ្នកស្រីនិយាយថា៖ «នៅពេលដែលពួកខ្ញុំបានចូលជាមួយនឹងគម្រោងហើយ គឺគម្រោងបានជួយដឹកនាំដល់ពួកខ្ញុំ ឱ្យពួកខ្ញុំចូលរៀនវគ្គបណ្ដុះបណ្ដាលផ្សេងៗ។ គាត់បានចែកជាសម្ភារៈខាងកសិកម្មដល់គ្រួសារខ្ញុំ អញ្ចឹងពួកខ្ញុំក៏ពង្រីកការដាំបន្លែ។ ពេលដែលដាំបន្លែហើយ ពួកខ្ញុំក៏អាចមានជីវភាពមួយ ដែលអាចថាមិនមានធូរធារអីទេ ប៉ុន្តែខ្ញុំអាចរស់ស្រួលជាងមុន ហើយអ្នកភូមិក្នុងសហគមន៍ខ្ញុំហ្នឹង គាត់មើលឃើញពីសមត្ថភាពរបស់គ្រួសារខ្ញុំ»។
អ្នកស្រីបានឱ្យដឹងថា នៅក្នុងចំការរបស់អ្នកស្រីមានបន្លែច្រើនប្រភេទដូចជាស្ពៃ សណ្ដែកគួរ ឳឡឹកលឿង ដែលអាចផ្ដល់ចំណូលបាន៤ទៅ៥ម៉ឺនរៀលក្នុងមួយថ្ងៃ។
តាមរយៈការតស៊ូ និងជោគជ័យនេះ អ្នកស្រីបានទទួលជ័យលាភីជាកសិករឆ្នើមនៅក្នុងសហគមន៍មួយរូបផងដែរ។
អ្នកស្រីថា៖ «កុំអាណិតដល់ជនពិការអី តែត្រូវឱ្យតម្លៃទៅលើជនពិការដើម្បីឱ្យពួកគាត់មានទឹកចិត្ត ចេះមានការតស៊ូដូចជារូបខ្ញុំ។ ទោះបីជាគ្រួសារខ្ញុំពិការមែន តែអាចដាំបន្លែដោយខ្លួនឯងបាន អាចរស់នៅបានដោយមិនចាំបាច់ចំណាកស្រុកទើបអាចរកលុយបាននោះទេ»។
បច្ចុប្បន្នអ្នកស្រី សុភា បានដឹកនាំឱ្យមានការចែករំលែកចំណេះដឹងផ្សេងៗនៅក្នុងវិស័យកសិកម្មទៅដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរបស់អ្នកស្រីជាពិសេសគឺការលើកទឹកចិត្តដល់ជនមានពិការភាពដូចគ្នា។ អ្នកស្រីមានបំណងចង់ជួយឱ្យពលរដ្ឋនៅក្នុងសហគមន៍ដែលគ្មានការងារធ្វើឱ្យងាកមកដាំបន្លែសុវត្ថិភាពដូចអ្នកស្រីដែរ។
ស្វាមីរបស់អ្នកស្រីសុភា គឺលោក ផល សុភី បានសម្ដែងការសប្បាយរីករាយ និងមានមោទនភាពចំពោះភរិយារបស់លោក ដែលបានតស៊ូពុះពារក្នុងការប្រកបការងារដាំដុះ និងមានបំណងចង់ចែករំលែកចំណេះដឹងទៅអ្នកដទៃ។
លោកបន្តថា៖ «សម្រាប់ខ្ញុំគឺខ្ញុំសប្បាយចិត្ត នៅពេលដែលគាត់ចង់ធ្វើការងារដែលធ្វើឱ្យមានការរីកចម្រើននៅក្នុងក្រុមគ្រួសារក៏ដូចជាការចែករំលែកទៅដល់បងប្អូនយើងដទៃទៀត ដែលគាត់មិនបានធ្វើអ្វីទាល់តែសោះ»៕