បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីបន្ទាប់ពីខកខានចំនួន ២ឆ្នាំដោយសារវិបត្តិនៃជំងឺកូវីដ-១៩។ ការរៀបចំព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនេះនឹងបម្រើការកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ។
ក្នុងកិច្ចប្រជុំកាលពីចុងសប្ដាហ៍មុនអភិបាលខេត្តបាត់ដំបង លោក សុខ លូ បានលើកឡើងថា៖ «ទោះបីពេលវេលាខ្លី មិនអំណោយផលក្នុងការរៀបចំឲ្យមានលក្ខណៈធំដុំដូចសង្ក្រាន្តឆ្នាំដែលយើងមិនទាន់ជួបវិបត្តិនៃការរាតត្បាតពីកូវីដក៏ពិតមែន តែវាបានបង្ហាញពីការយកចិត្តទុកដាក់ពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានណែនាំជំរុញនិងអនុញ្ញាតឲ្យរដ្ឋបាលរាជធានី-ខេត្ត នីមួយៗ ឲ្យមានការរៀបចំនូវសង្ក្រាន្តឆ្នាំថ្មីក្នុងខេត្តរបស់ខ្លួនឡើងវិញ ក្រោយពីវិបត្តិនៃការរាតត្បាតពីជំងឺកូវីដ-១៩ មានការថមថយធូរស្រាល ហើយប្រជាពលរដ្ឋចេះរស់នៅតាមបែបគន្លងថ្មីជាមួយបរិបទនៃជំងឺកូវីដ-១៩»។
លោកអភិបាលខេត្ត បានប្រគល់ឲ្យមន្ទីរជំនាញពាក់ព័ន្ធដូចជាមន្ទីរវប្បធម៌ មន្ទីរធម្មការ មន្ទីរទេសចរណ៍ មន្ទីររៀចំដែនដី មន្ទីរអប់រំ អង្គភាពអគ្គីសនីខេត្ត និងបណ្តាមន្ទីរអង្គភាពសំខាន់ៗមួយចំនួនទៀតធ្វើការសិក្សាពិភាក្សាដើម្បីត្រៀមខ្លួនក្នុងការរៀបចំនូវកិច្ចដំណើរការនៅក្នុងការរៀបចំសង្ក្រាន្តឆ្នាំថ្មីក្នុងខេត្តបាត់ដំបងប្រព្រឹត្តទៅបានរលូន និងបម្រើដល់ការកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលបានមកស្នាក់នៅនិងដើរកម្សាន្តក្នុងខេត្តបានសប្បាយនៅក្នុងឱកាសប្រារព្វនូវពិធីបុណ្យចូលឆ្នាំថ្មីប្រពៃជាតិខ្មែរដែលមានរយៈពេល ៣ថ្ងៃដើម្បីទទួលទេវតាឆ្នាំថ្មីឆ្នាំ២០២២ និងឲ្យមានការរៀបចំ «ពូនភ្នំខ្សាច់» នៅក្នុងបរិវេណអគារបុរាណសាលាខេត្តចាស់ផងដែរ។
ព្រមជាមួយការប្រគុំតន្ត្រីសម័យនៅតាមសួននាគបាញ់ទឹកមុខមន្ទីរប្រៃសណីយ៍ខេត្ត ការរៀបចំឲ្យមានការដាក់តាំងពិព័ណ៌ផលិតផលផ្សេងៗនៅតាមផ្លូវភ្លោះក្រោយវត្តដំរីស ការសំដែងសិល្បៈនិងរបាំប្រពៃណី នៅសួននាគសន្តិភាព ការលេងល្បែងប្រជាប្រីយ៍ខ្មែរ វាយឆ្នាំង ទាញព្រ័ត្រ នៅតាមបណ្តាសាលារៀន ក្នុងក្រុង និងនៅបរិវេណវត្តដំរីសជាដើម។ល។ ហើយនៅតាមដងផ្លូវទីប្រជុំជននិងស្ពានឆ្លងស្ទឹងសង្កែ និងនៅតាមសួនច្បារអមមាត់ស្ទឹងសង្កែក៏មានការរៀបចំតុបតែងរំលេចនូវភ្លើងចំរុះពណ៌នៅទីនោះផងដែរ។
ក្នុងការរៀបចំឲ្យមានសង្ក្រាន្តឆ្នាំថ្មីនៅថ្ងៃខាងមុខនេះលោក សុខ លូ ក៏បានផ្តោតការយកចិត្តទុកដាក់ និងក្រើនរំលឹកដល់មន្ទីរសុខាភិបាលនិងអាជ្ញាធរក្រុងនិងមូលដ្ឋានគ្រប់ថ្នាក់ក្នុងខេត្ត ត្រូវជំរុញកិច្ចសហការរៀបចំនេះជាមួយរដ្ឋបាលខេត្តនិងមន្ទីរជំនាញពាក់ព័ន្ធនិងកងកម្លាំងទាំងអស់ ដើម្បីឲ្យការរៀបចំ និងការប្រព្រឹត្តទៅកម្មវិធីសង្ក្រាន្តនិងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះរក្សាបាននូវសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ។
បន្ថែមលើនេះទៀតត្រូវបង្កើនការផ្សព្វផ្សាយអប់រំណែនាំប្រជាពលរដ្ឋដែលមកកម្សាន្តនិងដើរលេង ត្រូវតែប្រកាន់ខ្ជាប់នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួននូវក្នុងការបង្ការការឆ្លងរីករាលដាលពីជំងឺកូវីដ-១៩ ដោយមិនត្រូវភ្លេចខ្លួនជាដាច់ខាតនូវ វិធានការសុខាភិបាល ៣ការពារ និង៣កុំ ធ្វើយ៉ាងណាធានាឲ្យបាននូវសុខុមាលភាពខ្លួនយើងម្នាក់ៗ និង ភ្ញៀវទេសចរដែលមកកម្សាន្តមិនឲ្យមានផលប៉ះពាល់ពីបញ្ហាកូវីដ-១៩ ក្រោយមកទស្សនានិងកម្សាន្តនៅក្នុងខេត្តបាត់ដំបង៕