សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាសម្ដេចបានឱ្យភ្នាក់ងាររបស់សម្ដេចចុះពិនិត្យជាសំងាត់នៅតាមទីតាំងខារ៉ាអូខេ ដែលឃើញថាមនុស្សភាគច្រើនដែលចូលទីតាំងកម្សាន្តនេះពុំមានពាក់ម៉ាស់ ហើយពុំមានករណីឆ្លងរាលដាលនៅក្នុងទីតាំងទាំងនោះទេ ដែលធ្វើឱ្យសម្ដេចមានចម្ងល់លើប្រសិទ្ធិភាពនៃភាពស៊ាំសង្គម។
ថ្លែងក្នុងពេលសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលផ្លូវ៣៨ខ្សែ នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាពេលនេះសម្ដេចកំពុងពិចារណាចង់សាកល្បងលើកលែងបម្រាមនៃការពាក់ម៉ាស់នៅក្នុងខេត្ត១ ឬ២ ដើម្បីចង់ដឹងពីប្រសិទ្ធភាពនៃភាពស៊ាំសង្គម។
ការពិចារណានេះគឺបន្ទាប់ពីសម្ដេចបានឱ្យភ្នាក់ងារចូលទៅក្នុងទីតាំងខារ៉ាអូខេ ដើម្បីពិនិត្យតាមទីតាំងទាំងនេះ។
សម្ដេចតេជោថា៖ «នេះមិនមែនជាការដែលខ្ញុំចង់យកប្រជាជនធ្វើតេស្តទេ! ប៉ុន្ដែបើទោះបីយើងរារាំងក៏ពិបាកដែល ខារ៉ាអូខេនៅភ្នំពេញខ្ញុំបានឱ្យភ្នាក់ងារខ្ញុំចូលទៅហើយ។ អត់មានពាក់ម៉ាស់អីទេ ហើយគេអនឡាញចេញពីហ្នឹងឱ្យខ្ញុំមើលនៅម៉ោង១។ ហើយក្រុមហ្នឹងទាល់តែម៉ោង១០ ឬ១១យប់បានចាប់ផ្ដើម។ ហើយទៅចប់ម៉ោង៣អីនោះ អត់មានពាក់ម៉ាស់ពាក់ម៉ោយអីទេ វាទៅផឹកស្រាលោតពេញហ្នឹង! តែវាអត់ឃើញឆ្លង។ អញ្ចឹងខ្ញុំក៏ចង់ដឹងហើយខ្ញុំកំពុងតែគិតថានៅពេលណាមួយនឹងអាចប្រើប្រាស់វិធីសាស្ត្របញ្ឈប់ការប្រើម៉ាស់នៅក្នុងខេត្តណាមួយ ឬខេត្ត២ដើម្បីសាកល្បង»។
គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ កម្ពុជាសម្រេចការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ពលរដ្ឋបានជាង ៩២ភាគរយ នៃប្រជាជនសរុបជាង ១៦លាននាក់។ អត្រាការឆ្លងប្រចាំថ្ងៃមានប្រមាណ ៣០ករណី ហើយអត្រាមរណពុំមាននោះទេក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕