សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសចេញពីខេត្តសៀមរាប នូវការដាក់តំបន់ឧត្តរនៃព្រះរាជាណាចក្រកម្ពុជា ជាតារារះនៅទិសឧត្តរ បន្ទាប់ពីការអភិវឌ្ឍនៅតំបន់នេះមានការកើនឡើងខ្លាំង។
ថ្លែងក្នុងពេលចុះពិនិត្យការសាងសង់ព្រលានយន្តហោះសៀមរាប-អង្គរថ្មី នៅស្រុកសូត្រនិគម ខេត្តសៀមរាប ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំសូមយកឱកាសនេះប្រកាសថាតារារះនៅទិសឧត្តរមួយទៀត។ វាល្មមដល់ពេលដែលយើងត្រូវនិយាយយ៉ាងដូច្នេះដោយសារយើងមានវឌ្ឍនភាពច្រើនទៅលើការតភ្ជាប់រវាងទីក្រុងភ្នំពេញមកសៀមរាប និងពីសៀមរាបទៅកាន់ខេត្តបន្ទាយមានជ័យនិងបាត់ដំបង បូកជាមួយហ្នឹងការដែលយើងដាក់ទុនយ៉ាងច្រើនចូលទៅទីរួមខេត្តសៀមរាបកសាងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់ល្អក្នុងទីរួមខេត្តដែលដាក់សម្ពោធនៅកន្លែងនោះ។ យើងកំពុងសាងសង់នូវអាកាសយានដ្ឋានអន្តរជាតិខ្នាតយក្សនៅខេត្តសៀមរាបនេះ។ ដូច្នេះវាបម្រើឱ្យការអភិវឌ្ឍន៍នៅតំបន់ឧត្តរដែលក្នុងនោះអាចគ្រប់ដណ្ដប់ខេត្តសៀមរាប ឧត្តរមានជ័យ កំពង់ធំ ហើយអាចផ្នែកមួយនៃខេត្តព្រះវិហារ»។
សម្ដេចតេជោ បញ្ជាក់ថាកម្ពុជាមានប៉ូល៣គឺ រាជធានីភ្នំពេញដែលជាបេះដូង និងរដ្ឋបាលកណ្ដាល ខេត្តព្រះសីហនុដែលជាប៉ូលទេសចរណ៍សមុទ្រ (តំបន់តារារះទិសនិរតី) ប៉ូលខេត្តសៀមរាប ជាប៉ូលទេសចរណ៍វប្បធម៌ (តំបន់តារារះទិសឧត្តរ)។
បើតាមសម្ដេចតេជោ ហ៊ុន សែន នាថ្ងៃខាងមុខក៏មានការប្រកាសពីតារារះនៅទិសឦសាន្តផងដែរ គឺខេត្តក្រចេះ មណ្ឌលគិរី រតនៈគិរី និងស្ទឹងត្រែង៕
PHOTO: EAC NEWS