ភ្នំពេញ៖ ឯកអគ្គរាជអូស្ត្រាលីប្រចាំកម្ពុជា លោក Pablo Kang បានជម្រាបសម្ដេចតេជោថា ប្រទេសអូស្ត្រាលីនឹងផ្ដល់ទូរត្រជាក់ចំនួន ៣៣គ្រឿង សម្រាប់រក្សាវ៉ាក់សាំង Pfizerដល់កម្ពុជានាពេលខាងមុខ ខណៈដែលលោកបានប្រគល់សារពិសេសមួយពីនាយករដ្ឋមន្ត្រីអូស្ត្រាលីជូនសម្ដេចតេជោដោយផ្ទាល់។
នៅក្នុងជំនួបជាមួយសម្ដេចតេជោនៅវិមានសន្តិភាពនាល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ លោក Pablo Kang បានគោរពជូនសម្ដេចតេជោ នៅលិខិតរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន គោរពជូនសម្ដេចតេជោ ក្នុងឱកាសខួប ៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសអូស្ត្រាលី និងកម្ពុជា។
លោក Pablo Kang បានធ្វើការអត្ថាធិប្បាយអំពីអត្ថន័យនៃលិខិតរបស់ឯកឧត្តម នាយករដ្ឋមន្ត្រីអូស្ដ្រាលី ដែលមានលក្ខណៈជាវិជ្ជមាន ហើយឆ្លៀតក្នុងឱកាសនោះដែរ លោកបានគោរពជម្រាបជូនសម្តេចតេជោថា ទី១-អូស្រាលី នឹងផ្ដល់ជំនួយទូរត្រជាក់ចំនួន ៣៣គ្រឿង សម្រាប់រក្សាវ៉ាសាំង Pfizer, ទី២- គោរពជម្រាបជូនសម្តេចតេជោថាអូស្ត្រាលី នឹងបើកប្រទេសឡើងវិញនូវពីរសប្តាហ៍ខាងមុខ នោះប្រទេសអូស្ត្រាលី អនុញ្ញាតឲ្យប្រជាជនធ្វើដំណើរចូលប្រទេសអូស្ត្រាលីដោយមិនបាច់ធ្វើតេស្តកូវីដ-១៩ទៀតទេ និងទី៣- អូស្ត្រាលី នឹងផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការជាដៃគូលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីផលិតកសិផលក្នុងការនាំចេញទៅប្រទេសក្រៅតាមរយៈ AFTA ។
ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះលោក Pablo Kang ដែលបាននាំនូវលិខិតរបស់នាយករដ្ឋមន្ត្រី ស្គុត ម៉ូរីសុន មកជូនសម្ដេចតេជោ។
សម្តេចតេជោមានប្រសាសន៍ថា កម្ពុជា តែងវាយតម្លៃខ្ពស់ចំពោះប្រទេសដែលទទួលស្គាល់កម្ពុជា មុនពេលកម្ពុជាទទួលឯករាជ្យ ដោយឡែកអូស្ត្រាលី បានទទួលស្គាល់កម្ពុជា មុនកម្ពុជា ទទួលបានឯករាជ្យ ហើយជាចរន្តជំរុញឲ្យកម្ពុជា ទទួលបានឯករាជ្យពីបារាំង។
សម្ដេចតេជោ ក៏បានសំដែងនូវការអបអរសាទរចំពោះរដ្ឋាភិបាលអូស្ត្រាលី ចំពោះការគ្រប់គ្រងការរីករាលដាលជំងឺកូវី-១៩ និងបើកប្រទេសឡើងវិញនូវពីរសប្តាហ៍ខាងមុខនេះ ហើយក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្ដល់វ៉ាក់សាំង ទូរត្រជាក់វ៉ាក់សាំង និងកិច្ចសហប្រតិបត្តិការជាដៃគូ ជាពិសេស លើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីជម្រុញចង្វាក់ផលិតកម្មសម្រាប់ការនាំចេញកសិផលកសិកម្មរបស់កម្ពុជា តាមរយៈ AFTA ។
សម្តេច ក៏បានស្នើដល់លោក Pablo Kang ពិនិត្យលើវិស័យផ្សេងៗទៀត ដើម្បីពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើទំនាក់ទំនងរបស់ប្រទេសកម្ពុជា-អូស្ត្រាលី៕