លោករដ្ឋមន្ត្រី អុិត សំហេង ថាអង្គការសមាគមនៅកម្ពុជាទទួលបាននូវសេរីភាពពេញលេញក្នុងការអនុវត្តការងារ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារលោក អុិត សំហេង បានបញ្ជាក់ប្រាប់តំណាងអង្កការអន្តរជាតិខាងការងារ (ILO) លោក Takanobu Teramoto ថាប្រទេសកម្ពុជាមិនហាមឃាត់ ឬរឹតត្បិតសេរីភាពរបស់ជនណាម្នាក់ក្នុងការចូលរួមសហជីពណាមួយ ដោយផ្អែកលើឆន្ទៈរបស់ពួកគេឡើយ លើសពីនេះសេរីភាពជាមូលដ្ឋាន ក៏ដូចជាសេរីភាពក្នុងការចូលរួម ឬបង្កើតសហជីពដែលមានចែងក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ ត្រូវបានទទួលស្គាល់និងធានាក្រោមច្បាប់នៃប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រី អុិត សំហេង បានបញ្ជាក់បែបនេះក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានទទួលបេសកម្មដោយផ្ទាល់របស់អង្គការ ILO ក្នុងកិច្ចប្រជុំត្រីភាគី ដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ តំណាងសហជីព និងតំណាងនិយោជក ជាមួយប្រតិភូបេសកកម្មដោយផ្ទាល់ធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។
ក្នុងជំនួបនោះលោករដ្ឋមន្ត្រី អុិត សំហេង បានលើកឡើងថា ដោយសារតែកម្ពុជាបានអនុវត្តបានល្អនូវនយោបាយពាណិជ្ជកម្មអន្តរជាតិផ្សាភ្ជាប់និងបទដ្ឋានការងារអន្តរជាតិ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយអង្គការអន្តរជាតិខាងការងារដែលធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ ធានានូវការការពារសិទ្ធិការងារ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ បានជាវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបបានរីកចំរើនខ្លាំង និងដើរតួរជាចន្ទល់សេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៩០។ លោកបានបន្ថែមថា ជានេះទៀតការអនុវត្តសេរីភាពសមាគមនៅព្រះរាជាណាចក្រកម្ពុជាអាចធ្វើឡើងបានតាមរយៈច្បាប់ស្តីពីសហជីព និងច្បាប់ផ្សេងទៀតដែលមានដូចជា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (LANGO)។
លោកបញ្ជាក់ថា៖ «ហេតុនេះប្រទេសកម្ពុជាមិនត្រឹមតែមានប្រព័ន្ធច្បាប់ដែលធានាយ៉ាងទូលំទូលាយនូវការអនុវត្តសេរីភាពក្នុងការបង្កើតសមាគមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវជម្រើសជាក់ស្តែងសម្រាប់ការអនុវត្តសេរីភាពនៃសមាគមផងដែរ»។
ចាប់ពីថ្ងៃទី២៨ ខែមីនា រហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ក្រុមការងារ ILO ក្រៅពីជួបពិភាក្សាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានជួបពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការវិជ្ជាជីវៈ និងដៃគូសង្គមផ្សេងទៀត ដើម្បីស្វែងយល់ពីស្ថានភាពនិងវឌ្ឍនភាពនៃការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើអោយប្រសើរឡើងនូវសិទ្ធការងារ និងសិទ្ធសេរីភាពអង្គការវិជ្ជាជីវៈ បើទោះជានៅមានបញ្ហាសេសសល់ក៏ដោយបន្ទាប់ពីបានជួបធ្វើការជាមួយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងសហជីព តំណាងនិយោជក និងដៃគូសង្គមនានាដែលធ្វើការពាក់ព័ន្ធនិងសិទ្ធការងារ ដើម្បីស្តាប់នូវមតិយោបល់ និងសំណូមពរទាំងឡាយ។
លោក Takanobu Teramoto បានបញ្ជាក់ប្រាប់លោករដ្ឋមន្ត្រីការងារថា៖ «រាជរដ្ឋាភិបាលកម្ពុជាពិតជាមានការប្តេជ្ញាខ្ពស់ណាស់ ក្នុងការខិតខំអនុវត្តស្របតាមអនុសញ្ញាអង្គការអន្តរជាតិខាងការងារទាំង១៣ ដែលកម្ពុជាបានផ្តល់សច្ចាប័ន តាមរយៈការខិតខំពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ គោលនយោបាយទេសន្តរប្រវេសន៍ការងារ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ដែលរហូតមកដល់ពេលនេះ៥ដំណាក់កាលហើយ»។
បើតាមលោករដ្ឋមន្ត្រីការងារ វិស័យកាត់ដេរបានចាប់ផ្តើមនៅកម្ពុជាជាមួយនឹងរោងចក្រចំនួន៦៤ ដែលមានកម្មករនិយោជិតចំនួនប្រមាណ ៨ម៉ឺននាក់នៅក្នុងឆ្នាំ១៩៩៧ ប៉ុន្តែបច្ចុប្បន្នបានកើនឡើងជាង ១២០០រោងចក្រ ដែលមានកម្មករនិយោជិតប្រមាណ ៨០ម៉ឺននាក់។
តម្លៃនៃការនាំចេញនៅក្នុងវិស័យនេះបានកើនឡើងពី ២២៧លានដុល្លារអាម៉េរិក ដល់ ៩ ៧៦៨លានដុល្លារអាម៉េរិក ក្នុងរយៈពេលដូចគ្នា។ គិតត្រឹមខែមករា ឆ្នាំ២០២២នេះ មានអង្គការវិជ្ជាជីវៈបានចុះបញ្ជីចំនួន ៥ ៧៧៣ ក្នុងនោះមានសហជីពមូលដ្ឋានចំនួន ៥ ៤៦៤ សហព័ន្ធសហជីពចំនួន ២៥៧ សហភាពសហជីពចំនួន ៤០ និងសមាគមនិយោជកចំនួន ១២។ ដោយឡែកនៅក្នុងឆ្នាំ២០២១ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជិកាសហជីពថ្មីចំនួន ២៦២៕