កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

ព្រះមហាក្សត្រកោតសរសើរចំពោះការដឹកនាំប្រទេសរបស់ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះការដឹកនាំរដ្ឋសភារបស់សម្តេចពញាចក្រី ហេង សំរិន និងការដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ដោយព្រះអង្គមានការពេញចិត្តពេញព្រះទ័យចំពោះវឌ្ឍនភាពជាបន្តបន្ទាប់របស់កម្ពុជាមកដល់ពេលនេះ។

ព្រះរាជសារនៅក្នុងឱកាសបើកសម័យប្រជុំលើកទី៧នីតិកាលទី៦នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនសម័យប្រជុំរដ្ឋសភា ដោយព្រះអង្គបានមានព្រះរាជបន្ទូលថា រដ្ឋសភាដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន នៅតែបន្តដំណើរការបានល្អលើភារកិច្ច ក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិដើម្បីកសាងគោលនយោបាយនិងច្បាប់រដ្ឋឱ្យបានត្រឹមត្រូវធ្វើឱ្យមានភាពស៊ីចង្វាក់ទៅនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ សមាហរណកម្មតំបន់ និងនៅលើសកលលោក។

ព្រះអង្គមានរាជអង្ការថា៖ «សមិទ្ធផលទំាងអស់នេះបានផ្តល់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប បានរស់នៅប្រកបដោយភាពសុខក្សេបក្សាន្ត មានសន្តិសុខសណ្តាប់ធ្នាប់ល្អ សក្តិសមជាព្រះរាជាណាចក្ររុងរឿងនិងខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ»។

ព្រះករុណាជីវិតតម្កល់លើត្បូងបានកោតសរសើរចំពោះការដឹកនាំប្រទេសរបស់ នាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន ដែលបានសម្រេចចិត្តខាងនយោបាយត្រឹមត្រូវក្នុងភារកិច្ចថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា និងការពារខឿនសេដ្ឋកិច្ចជាតិបានយ៉ាងរឹងមាំ ទប់ស្កាត់អតិផរណា មានសុខដុមនីយកម្មលើគ្រប់ជាតិសាសន៍ និងការលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំ លើកទី៧ នីតិកាលទី៦ នាព្រឹកថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២ ។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលបញ្ជាក់ថា ព្រះអង្គមានការពេញព្រះទ័យដល់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តសម័យប្រជុំបានយ៉ាងរលូនមកដល់ពេលនេះ។

រដ្ឋសភាកម្ពុជាបានបើកសម័យប្រជុំលើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាពសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងមានវត្តមានសមាជិក សមាជិកា រដ្ឋសភាចូលរួប ៩៣រូប។

របៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ មានចំនួន៤ មានដូចជា ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៦ និងលើកទី៧ នីតិកាលទី៦ ការបោះឆ្នោតជ្រើសតាំង លោក អ៊ុជ គឹមអន ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី សម្រាប់អាណត្តិ ៩ឆ្នាំ និង ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការការពាររុក្ខជាតិ និងភូតគាមអនាម័យ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក