ភ្នំពេញ៖ សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មមាត្រា១៤០ ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនគណៈអភិបាល ក្រុង ស្រុក ខណ្ឌ ខេត្ត រាជធានី ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
វិសោធនកម្មនេះនឹងបង្កើនចំនួនគណៈអភិបាលក្រុង ស្រុក ខណ្ឌ ទៅចន្លោះពី៥ទៅ៧នាក់ អភិបាលខេត្តនឹងត្រូវបង្កើនចន្លោះពី៧ ដល់១១រូប ខណៈគណៈអភិបាលរាជធានីនឹងត្រូវបង្កើនដល់ ១១រូប។ បើធៀបនឹងមាត្រាចាស់ចំនួននេះបានបង្កើនចន្លោះពី២ ទៅ៣នាក់។
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានឱ្យដឹងថា ការបង្កើននេះគឺដើម្បីឆ្លើយតបនឹងការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរដ្ឋាភិបាលបានផ្ទេរមុខងារក្នុងការផ្តល់សេវាសាធារណៈនិងការអភិវឌ្ឍមូលដ្ឋានដល់រដ្ឋបាលថ្នាក់ក្រោម។
លោកថា៖ «ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងគុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឲ្យកាន់តែប្រសើរថែមទៀតនោះ ការពង្រឹងស្ថាប័ន និងធនធានមនុស្សរដ្ឋបាលថ្នាក់ក្រោមជាតិពិតជាមានសារៈសំខាន់ ដើម្បីធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ កាន់តែមានថាមភាព និងសក្ដានុពលក្នុងការរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ខាងមុខ»។
បើតាមលោក ផៃ ស៊ីផាន ក្រោយពីច្បាប់នេះឆ្លងកាត់សភា និងត្រូវព្រះមហាក្សត្រប្រកាសឱ្យប្រើប្រាស់ ចំនួនគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ នឹងត្រូវបានសិក្សា និងពិនិត្យឡើងវិញ។
ថ្លែងបិទក្នុងពីធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍន៍ធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របពេលដែលរដ្ឋាភិបាលបានផ្ទេរមុខងារកាន់តែច្រើនទៅរដ្ឋបាលថ្នាក់ក្រោមគឺជាកិច្ចការសំខាន់ដែលនាំឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការអភិវឌ្ឍ និងការពារហានិភ័យផ្សេងៗ។
សម្ដេចតេជោថ្លែងថា៖ «ក្នុងពេលដែលថ្នាក់មូលដ្ឋានកំពុងទទួលខុសត្រូវយើងឃើញថាថ្នាក់មូលដ្ឋានកំពុងតែខ្វះកម្លាំងដូច្នេះហើយបានជាយើងត្រូវរៀបចំវិសោធនកម្មច្បាប់ដើម្បីកំណត់ចំនួនអ្នកទទួលខុសត្រូវនៅតាមក្របខណ្ឌគណៈអភិបាលខេត្ត និងស្រុកផងដែរ»។
បច្ចុប្បន្នក្នុងរាជធានី-ខេត្ត ចំនួន ២៥នៅកម្ពុជាមានគណៈអភិបាលចំនួនសរុប ១៧៥រូប (រាជធានី ខេត្ត នីមួយៗមានគណៈអភិបាលចំនួន ៧រូបស្មើគ្នា) ខណៈក្នុងក្រុង ស្រុក ខណ្ឌ ដែលមានចំនួន ២០៤ មានគណៈអភិបាលចំនួនសរុប ១០២០រូប (ក្រុង ស្រុក ខណ្ឌនីមួយៗមានគណៈអភិបាលចំនួន ៥រូបស្មើៗគ្នា)៕