ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

AICHR កំណត់ផែនការឆ្នាំ២០២២ ផ្តោតលើការលើកស្ទួយសិទ្ធិចំនួន១១

ភ្នំពេញ៖ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានដាក់ផែនការសកម្មភាពឆ្នាំ២០២២ ដោយផ្តោតលើសិទ្ធិកុមារ សិទ្ធិជនមានពិការភាព ធុរកិច្ចនិងសិទ្ធិមនុស្ស ការបង្ការទារុណកម្ម សេរីភាពជំនឿ សាសនា សេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិទទួលបានទឹកស្អាតនិងអនាម័យ បម្រែបម្រួលអាកាសធាតុ ការជួញដូរមនុស្ស សិទ្ធិទទួលបានសេវាសុខាភិបាល និងសិទ្ធិទទួលបានសញ្ញាតិ។

បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី៣៤ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឱ្យដឹងថា កិច្ចប្រជុំលើកទី៣៤នេះបានពិនិត្យលើការអនុម័តរបាយការណ៍សង្ខេបចំនួន៥ អំពីសកម្មភាព របស់អាយឆាក្នុងឆ្នាំ២០២១ ស្ថានភាពសិទ្ធមនុស្សប្រទេសសមាជិកអាស៊ានមួយចំនួន បន្តពិភាក្សាលើឯកសារទស្សនទានជាច្រើននៃកម្មវិធីអាទិភាពរបស់អាយឆាដែលគ្រោងអនុវត្តក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣។ ការរាយការណ៍ពីការតាមដាននិងវាយតម្លៃលើក្របខណ្ឌការងារនៃផែនការ ៥ឆ្នាំរបស់អាយឆា (២០២១-២០២៥) ព្រមទាំងការលើកឡើងពីគម្រោងរៀបចំការប្រារព្ធអបអរខួប ១០ឆ្នាំនៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពីការអនុម័តសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន។

ក្រៅពីនេះកិច្ចប្រជុំនេះ ក្រុមការងារក៏បានពិភាក្សាអំពីទំនាក់ទំនងជាមួយដៃគូខាងក្រៅរវាងអាយឆានិងសហគមន៍អឺរ៉ុប លើគោលនយោបាយស្តីពីសិទ្ធិមនុស្ស ការទំនាក់ទំនងជាមួយសង្គមស៊ីវិលតំណាងកម្ពុជា រួមជាមួយអាយឆាថៃ និងអាយឆាម៉ាឡេស៊ី ធ្វើជាគណៈកម្មការត្រួតពិនិត្យនិងវាយ តម្លៃសម្រាប់ផ្តល់ឋានៈជាដៃគូសន្ទនារបស់អោយឆាដល់អង្គការសង្គមស៊ីវិល (Screening Panel) និងលើបញ្ហាផ្សេងៗទៀតដែលមានដូចជាការបង្កើតក្រុមការងារ ការសម្ភោធផែនការសកម្មភាព និងក្របខណ្ឌយុទ្ធសាស្ត្រផ្សេងៗដើម្បីការលើកកម្ពស់និងការការពារលើវិស័យសិទ្ធិមួយចំនួន។

កិច្ចប្រជុំលើកទី៣៤របស់អាយឆានេះ បានបញ្ចប់ទៅដោយជោគជ័យ ហើយសមាជិកទាំងអស់នៃកិច្ចប្រជុំបានសម្តែងនូវការកោតសរសើរចំពោះតំណាងកម្ពុជាប្រចាំអោយឆា ដែលបានដឹកនាំកិច្ចប្រជុំរយៈពេល២ថ្ងៃនេះឱ្យទទួលបានលទ្ធផលល្អ។

ក្នុងសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖ «តំណាងនៃប្រទេសអាស៊ានទាំងអស់ប្រចាំអាយឆា នឹងរួមសហការគ្នាក្នុងការអនុវត្តនូវផែនការសកម្មភាពអាទិភាពរបស់អោយឆាឆ្នាំ២០២២ ក្នុងទិសដៅនៃការលើកកម្ពស់សិទ្ធិមនុស្សក្នុងតំបន់អាស៊ាន»។

កិច្ចប្រជុំលើកទី៣៤របស់អាយឆាធ្វើឡើងតាមប្រព័ន្ធវីដេអូ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២២ មានការចូលរួមពី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាតំណាងកម្ពុជាប្រចាំអោយឆា និងជាប្រធានអោយឆាឆ្នាំ២០២២-២០២៤ លោក កែវ រ៉េមី និងមានការចូលរួមពីតំណាងប្រទេសសមាជិកអាស៊ានទាំងអស់ និងលេខាធិការដ្ឋាន អាស៊ានទទួលបន្ទុកសិទ្ធិមនុស្សផងដែរ។

ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ AICHR បានរៀបចំកម្មវិធី និងសកម្មភាពរបស់ខ្លួនលើប្រធានបទដ៏ទូលំទូលាយទាក់ទងនឹងសិទ្ធិមនុស្ស រួមមានអាជីវកម្ម និងសិទ្ធិមនុស្ស បរិស្ថាន និងសិទ្ធិមនុស្ស សិទ្ធិទទួលបានការអប់រំ សមភាពយេនឌ័រ សិទ្ធិជនពិការ សេរីភាព ជំនឿ និងសាសនា សិទ្ធិកុមារ និងសិទ្ធិទទួលបានសុខភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក