ហេដ្ឋារចនាសម្ព័ន្ធដោះស្រាយបញ្ហាកកស្ទះពីផ្លូវជាតិលេខ៣ និងលេខ៤ ចូលរាជធានីភ្នំពេញត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ភ្នំពេញ៖ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលជាចំណុចប្រសព្វរវាងផ្លូវសហព័ន្ធរុស្ស៊ី ជាមួយផ្លូវជាតិលេខ៣ និងលេខ៤ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ហើយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
គម្រោងស្ពានអាកាស និងផ្លូវក្រោមដីនេះ បានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រើប្រាស់ពេលវេលាសាងសង់ ៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លារអាមេរិក។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅព្រឹកនេះ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានថ្លែងថា ការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនេះបានដោះស្រាយបញ្ហាកកស្ទះចរាចរណ៍យ៉ាងមានប្រសិទ្ធភាពខ្ពស់ និងបានធ្វើឱ្យតំបន់នេះកាន់តែមានសក្ដានុពលចំពោះការអភិវឌ្ឍ ជាពិសេសពាណីជ្ជកម្ម ឧស្សាហកម្ម និងការអភិវឌ្ឍវិស័យសំណង់ក្នុងរាជធានីភ្នំពេញ។
លោកថា៖ «សម្រាប់អត្ថប្រយោជន៍នៃស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដោយផ្សាភ្ជាប់ជាមួយនឹងគម្រោងផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវចោមចៅ និងមហាវិថីសហព័ន្ធរុស្ស៊ី បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយការកកស្ទះចរាចរណ៍ ប្រកបដោយប្រសិទ្ធភាពខ្ពស់ដែលមុននេះអ្នកដំណើរឆ្លងកាត់ចំណុចប្រសព្វចោមចៅតែងមានការកកស្ទះចរាចរណ៍រយៈពេលយូរ និងបានធ្វើឱ្យតំបន់នេះមានសក្កានុពលលើការអភិវឌ្ឍគ្របវិស័យ»។
ពលរដ្ឋដែលបានចូលរួមក្នុងការសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនៅព្រឹកនេះបានបង្ហាញនូវសេចក្ដីសប្បាយរីករាយ។ ពួកគេថាមុនពេលដែលស្ពានអាកាស និងផ្លូវក្រោមដីនេះដាក់ឱ្យប្រើប្រាស់ពួកគេជួបការលំបាកជាខ្លាំងដោយសារកកស្ទះចរាចរណ៍ ត្រូវរង់ចាំរយៈពេលយូរ ហើយដឹកជញ្ជូនទំនិញមានការយឺតយ៉ាវផងដែរ។ ទោះជាយ៉ាងណាក្រោយការដាក់ឱ្យប្រើប្រាស់ ពួកគេថាបានដោះស្រាយបញ្ហាលំបាកនេះជាច្រើន។
ពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញគឺលោក ហឿន សុវណ្ណរ័ត្ន ថា៖ «ពីមុនឃើញថាអត់ទាន់មានស្ពានអាកាសនេះឃើញថាវាបង្ករភាពស្ទះចរាចរណ៍នៅតាមផ្លូវហ្នឹងគឺមានរយៈពេលយូរក្នុងការចូលទៅរាជធានីភ្នំពេញ។ […] ឥឡូវនេះបានធ្វើដំណើរស្រួលនិងងាយស្រួលហើយជិះបានលឿនស្រួល» ។
ពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញម្នាក់ទៀតគឺ អ្នកស្រី សឹង មុំ អាយុ ៦៥ឆ្នាំបានឱ្យដឹងថា៖ «ក្រោយពីមានស្ពាននេះមកគឺផ្លូវយើងអត់សូវមានស្ទះទេ! វាខ្វាត់ខ្វែងវាបុកទៅព្រលានយន្តហោះក៏ស្រួលមកពីខាងកាណាឌីយ៉ា ឡើងទៅក៏ស្រួល។ វាជួយសម្រួលការកកស្ទះចរាចរណ៍ ហើយគ្រោះថ្នាក់ចរាចរណ៍ក៏អត់សូវមានការដឹកទំនិញអីក៏ស្រួល»។
ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅត្រូវចែកជា៣ផ្នែក គឺស្ពានអាកាសមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៣ ទៅមហាវិថីសហព័ន្ធរុស្ស៊ី ស្ពានបំបែកចេញទៅផ្លូវវេងស្រេង និងស្ពានកោងបត់ឆ្វេងតភ្ជាប់ពីផ្លូវវេងស្រេងមកផ្លូវជាតិលេខ៣។ បន្ថែមពីលើនេះ គម្រោងក៏បានសាងសង់ផ្លូវ និងផ្លូវក្រោមដីមួយខ្សែទៀត ជាផ្លូវកោងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤។
ស្ពានអាកាស និងផ្លូវក្រោមដីនេះ មានអាយុកាលប្រើប្រាស់រហូតដល់ទៅ ១០០ឆ្នាំ។
ថ្លែងក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ស្កានអាកាស និងផ្លូវក្រោមដីនេះវាផ្ដើមចេញពីតម្រួវការរបស់កម្ពុជាតាមរយៈការរីកចម្រើនរបស់ប្រទេសជាតិ។ សម្ដេចបន្ថែមថា ការសាងសង់នេះដោយមើលឃើញការកកស្ទះនឹងកើតឡើងកាន់តែខ្លាំង ដូច្នេះការបង្កើតស្ពានអាកាស និងផ្លូវក្រោមដីនេះឡើងជាការចាំបាច់បំផុត។
សម្ដេចថា៖ «ប្រសិនបើស្ថានភាពដូចកាលពីក្នុងទស្សវត្ស៧០ ទស្សវត្ស៨០ ឬទស្សវត្ស៩០ វាគ្មានការចាំបាច់ណាមួយក្នុងការធ្វើស្ពានអាកាស ផ្លូវក្រោមដី ផ្លូវលើដីនៅកន្លែងនេះនោះទេ។ […] នេះវាផ្ដើមចេញពីតម្រូវការ បើសិនពុំមានតម្រូវការ ការកើនឡើងនៃចំនួនប្រជាជន ជាពិសេសការកើនឡើងយានយន្តគឺរថយន្តម៉ូតូ មធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋបានជាមានតម្រូវការបែបនេះ»។
ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ គឺជាគម្រោងទី៥ នៃសាលារាជធានីភ្នំពេញ បន្ទាប់ពីស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស ៧មករា ស្ពានអាកាស ៥មករា និងស្ពានអាកាសស្ទឹងមានជ័យ ខណៈគម្រោងទី៦ កំពុងសាងសង់នៅក្នុងខណ្ឌឬស្សីកែវ៕
PHOTO: EAC NEWS