អ្នកនាំពាក្យ៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា | ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ | លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto | ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក |

ប្រធានរដ្ឋសភា ជំរុញដល់ប៉ាគីស្ថានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន៤

ភ្នំពេញ៖ ប្រធានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកទឹកចិត្តឱ្យឯកអគ្គរដ្ឋទូតប៉ាគីស្ថានថ្មីនៅកម្ពុជា ជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងជំរុញលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងវប្បធម៌ ជាមួយកម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ ក៏ដូចជាការរួមចំណែកដល់ការថែរក្សាសុខសន្តិភាព និងវឌ្ឍនភាពក្នុងតំបន់ និងសកលលោក។

សម្តេចបានលើកឡើងបែបនេះនៅក្នុងពេលដែលឯកអគ្គរដ្ឋទូតថ្មីប្រទេសប៉ាគីស្ថាន លោក ហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ចូលជួបសម្តែងការគួរសម ព្រឹកនេះ នៅវិមានរដ្ឋសភា។

សម្តេចពញាចក្រីមានប្រសាសន៍លើកឡើងថា រដ្ឋសភាកម្ពុជា និងប៉ាគីស្ថាន បានធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ ពិសេសលើវិស័យការទូតសភាដោយបានគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភាតំបន់ និងសកលលោក។

សម្ដេចពញាចក្រីក៏បានបញ្ជាក់ផងដែរថា រដ្ឋសភាកម្ពុជាធ្លាប់បានគាំទ្រសភាប៉ាគីស្ថានជាអនុប្រធានអាយភីយូ និងសភាអងេ្កតការណ៍របស់អាយប៉ា ក្នុងពេលជាមួយគ្នានោះសម្ដេចក៏សង្ឃឹមថាសភាប៉ាគីស្ថាន នឹងមានវត្តមាននៅក្នុងមហាសន្និបាត AIPA ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២២ផងដែរ។

ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា លោក ហ្សាហៀរូឌីន បាបា ថាហ៊ីម បានស្នើសម្តេចប្រធានរដ្ឋសភាឱ្យបន្តជួយជំរុញទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

លោកបញ្ជាក់ថា ក្នុងពេលលោកកាន់តំណែងជាអគ្គរដ្ឋទូតប៉ាគីស្ថាននៅកម្ពុជាគឺលោកចង់ធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា-ប៉ាគីស្ថាន កាន់តែរឹងមាំបន្ថែមទៀត ខណៈប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាជាង ៧០ឆ្នាំមកហើយ។

យោងតាមទិន្នន័យពី OEC World ទំហំពាណិជ្ជកម្មកម្ពុជា-ប៉ាគីស្ថានក្នុងឆ្នាំ២០១៩ មានទំហំប្រមាណជាង ៤៨លានដុល្លាអាមេរិក ក្នុងនោះកម្ពុជានាំចេញទីប៉ាគីស្ថានប្រមាណតែ ១លាន២សែនដុល្លារប៉ុណ្ណោះ។

ចំណងទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងប៉ាគីស្ថានបានចាប់ផ្ដើមនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៥២ ដែលគិតរហូតមកដល់ពេលនេះមានរយៈពេល៧០ឆ្នាំហើយ។ ប្រទេសប៉ាគីស្ថានមានស្ថានទូតរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ខណៈកម្ពុជាមានស្ថានកុងស៊ុលកិត្តយសនៅទីក្រុងឡាហ័រ នៃប្រទេសប៉ាគីស្ថានផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក