សម្ដេចតេជោបញ្ជាឱ្យក្រសួងសេដ្ឋកិច្ចឱ្យពន្លឿនការដំឡើងប្រាក់សោធនិវត្តន៍ដល់និវត្តន៍ជនឱ្យប្រហាក់ប្រហែលគ្នា
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ឱ្យពន្លឿនតម្លើងប្រាក់សោធននិវត្តន៍ ដល់មន្ត្រីរាជការ អតីតយុទ្ធជន ដែលទទួលបានប្រាក់បៀវត្សន៍ទាប ដើម្បីអោយមានកម្រិតប្រហាក់ប្រហែលនិងអ្នកចូលនិវត្តន៍ថ្មីៗ ជាពិសេសអ្នកដែលមានប្រាក់បៀវត្សន៍តិចជាង ១លានរៀល នៅពេលដែលពួកគាត់បានចូលនិវត្សន៍រួចហើយ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោលើកឡើងថា ប្រាក់ចូលនិវត្តន៍សម្រាប់អ្នកចូលនិវត្តន៍មុនមានការតម្លើងប្រាក់ខែសម្រាប់មន្ត្រីរាជការគឺតិចជាងមន្ត្រីរាជការដែលចូលនិវត្តន៍ក្រោយការតម្លើង ដែលសម្ដេចជំរុញឱ្យដោះស្រាយនេះធ្វើយ៉ាងណាឱ្យមានសមភាពនឹងគ្នារវាងអ្នកចាស់និងអ្នកថ្មី។
សម្ដេចថា៖ «ឥឡូវខ្ញុំសូមចេញបញ្ជារ ឱ្យពន្លឿននៃការលើកកម្រិតនៃអ្នកដែលមានប្រាក់សោធនិវត្តន៍ ទាប ឱ្យកើនបានខ្ពស់បន្តិច ពន្លឿនត្រឹមតែ ២ឆ្នាំ ឬ ៣ឆ្នាំ យកគោលដៅហ្នឹង! […] ព្រោះអ្នកចូលនិវត្តន៍មុនវាខ្វះសមភាពដែរ ដោយអ្នកចូលនិវត្តន៍ក្រោយសុទ្ធតែប្រាក់ខែលើសមួយលាន អញ្ចឹងពេលចូលនិវត្តន៍សល់ ៨០ម៉ឺនអីដែរ ដល់គ្នាមុនចូល ៥០ម៉ឹន ពេលចូលនិវត្តន៍សល់តែ ៣០ម៉ឹន ។ ចឹងត្រូវខិតខំដំឡើងអ្នកទាំងនោះឡើង។»
សម្តេចបានបន្តថា ២ឆ្នាំកន្លងមកនេះរដ្ឋាភិបាលមិនបានដំឡើងប្រាក់បៀវត្សឱ្យមន្ត្រីរាជការទេដោយសារមានតម្រូវការសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ទោះជាយ៉ាងណាសម្ដេចតេជោ ថាគួរតែយកចិត្តទុកដាក់បន្ថែមលើអ្នកចូលនិវត្តន៍ឡើងវិញ។
សម្តេចបានចេញបញ្ជាទៅ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឱ្យធ្វើការងារនេះ និងផ្ដល់អនុសាសន៍មិនចាំបាច់កែតម្រូវថវិការជាតិសម្រាប់អ្នកទាំងនេះទេ ដោយថា ចំនួននេះក៏មិនច្រើនពេកដែរព្រោះយើងរើសយកអ្នកណាដែលមុនចូលនិវត្តន៍ប្រាក់ខែគោល ៥០ម៉ឺនឡើងត្រូវតម្លើងពី២០ ទៅ៣០ភាគរយបន្ថែម៕