វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

តំណាងកម្ពុជា សួរទៅអ្នករាយការណ៍ពិសេសឱ្យបកស្រាយពាក្យថា «សិទ្ធិបញ្ចេញមតិ» នៅពេលពួកគេគាំទ្រភាសាញុះញង់នៅកម្ពុជា

ហ្សឺណែវ៖ តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ លោក អាន សុខខឿន បានបញ្ជាក់ចំពោះគណៈប្រតិភូចំនួន ៣៦ប្រទេសនៅកិច្ចប្រជុំស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថា កម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបន្តធ្វើការជាមួយដៃគូទាំងអស់ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស នៅក្នុងក្របខណ្ឌនៃនីតិរដ្ឋ បន្តលើកតម្កើងការអភិវឌ្ឍប្រកបដោយចីរភាព និងរក្សាសន្តិភាពនៅកម្ពុជា ដែលសម្រេចបានដោយលំបាកហើយដែលប្រជាជនកម្ពុជាគ្រប់រូបផ្តល់តម្លៃនិងគាំពារ។ លោកថាអ្វីដែលកម្ពុជាកំពុងធ្វើគឺកំពុងនៅលើផ្លូវដែលនីតិរដ្ឋ និងប្រជាធិបតេយ្យដែលល្អមួយ។

ក្នុងកិច្ចសន្ទនាអន្តរសកម្មស្ដីពីរបាយការណ៍ផ្ទាល់មាត់របស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ តំណាងកម្ពុជាលោក អាន សុខខឿន បានឆ្លើយតបទៅអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ និងប្រទេសលោកខាងលិចមួយចំនួនដែលបានវាយតម្លៃ និងចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជាលើវិធានការមួយចំនួនលើជនល្មើសច្បាប់ថាជាការអនុវត្តន៍នូវនីតិរដ្ឋ ការពារប្រយោជន៍សង្គម។

លោកថា៖ «អ្នករាយការណ៍ពិសេសពុំបានផ្តល់អង្គហេតុលម្អិត ដែលធាតុពិត មានជាប់ពាក់ព័ន្ធនឹងការញុះញង់ឱ្យយោធិននិងជនស៊ីវិលមិនស្តាប់បង្គាប់។ ទង្វើបែបនេះសុទ្ធតែត្រូវបានគេថ្កោលទោស។ មេក្លោងរៀបចំផែនការនេះក៏ត្រូវបានថ្កោលទោសផងដែរដោយអ្នករាយការណ៍ពិសេសមុន នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ ចំពោះទង្វើញុះញង់ឱ្យផ្ដួលរំលំរដ្ឋាភិបាលដែលជ្រើសតាំងដោយប្រជាជន»។

លោកបានបញ្ជាក់ថា ការចូលរួមរបស់បុគ្គលណាម្នាក់ជាមួយគណបក្សនយោបាយនិងអង្គការមិនមែនរដ្ឋាភិបាល មិនមែនជាអាជ្ញាប័ណ្ណសម្រាប់ឱ្យបុគ្គលនោះបំពានច្បាប់ដោយនិទណ្ឌភាពនោះទេ។ បទល្មើសគឺជាបទល្មើស ហើយគេមិនអាចយកបទល្មើសនោះ ទៅបំភ្លៃជាហេតុផលថា បម្រើឱ្យគោលបំណងដទៃផ្សេងឡើយ។

ជាមួយគ្នានេះលោកក៏បាន រម្លឹកនិងសួរទៅអ្នករាយការណ៍ពិសេស និងប្រតិភូលោកខាងលិចដែរថា៖ «មេដឹកនាំបក្សប្រឆាំងដែលបានហៅបុគ្គលទាំងឡាយណាដែលស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញថា ជាជនក្បត់ និងដែលបានញុះញង់អ្នកខ្ចីប្រាក់ពីធនាគារ មិនឱ្យសងប្រាក់កម្ចី តំណាងកម្ពុជាបានចោទសួរអ្នករាយការណ៍ពិសេស និងប្រតិភូប្រទេសលោកខាងលិចដែលមានវត្តមានក្នុងកិច្ចសន្ទនាថា តើទាំងអស់នេះឬ ដែលជាសំឡេងប្រឆាំង និងសេរីភាពបញ្ចេញមតិ ដែលលោកអ្នកកំពុងគាំទ្រចង់ឱ្យមាននៅប្រទេសកម្ពុជា?»

តំណាងអចិន្ត្រៃយ៍កម្ពុជាបានសង្កត់ធ្ងន់ថា ការដឹកនាំនៅកម្ពុជាគឺកើតចេញពីការបោះឆ្នោតជ្រើសតាំងដោយប្រជាជន តាមបែបប្រជាធិបតេយ្យ និងស្របតាមរដ្ឋធម្មនុញ្ញ។ បើទោះបីជាមានការអំពាវនាវឱ្យធ្វើពហិការការបោះឆ្នោតក្នុងឆ្នាំ២០១៨ ដោយក្រុមមួយចំនួនយ៉ាងណាក្ដីក៏អត្រាប្រជាជនចូលរួមបោះឆ្នោតកាន់តែច្រើន បោះឆ្នោតជូនបក្សកាន់អំណាច ហើយចំពោះការរៀបចំការបោះឆ្នោតនាពេលខាងមុខក៏មានការចូលរួមពីអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងចំនួន ៣២រូប ដែលទទួលសិទ្ធិនយោបាយឡើងវិញ ដែលបានបង្កើតគណបក្សចូលរួមថ្មីចំនួន ៦ ដើម្បីចូលរួមប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច នៅក្នុងការបោះឆ្នោតខាងមុខ។

លោក អាន សុខខឿន បញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែង និងគោលនយោបាយនានា ត្រូវបានដាក់ចេញ ដើម្បីធានាថា ការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ ដោយសន្តិវិធី និងតម្លាភាព។

គួរឱ្យដឹងផងដែរថា ក្នុងកិច្ចសន្ទនាអន្តរសកម្មស្ដីពីរបាយការណ៍ផ្ទាល់មាត់របស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានេះ ប្រទេសចំនួន ២៨ ក្នុងចំណោម ៣៦ បានបានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ខណៈមានតែប្រទេស ៨ប៉ុណ្ណោះបានរិះគន់។

ទោះជាយ៉ាងណាគណៈប្រតិភូភាគច្រើននៃកិច្ចសន្ទនាបាន៖ «ថ្លែងសង្កត់ធ្ងន់លើរបៀបរបបការងាររបស់អ្នករាយការណ៍ពិសេស ដែលគួរតែគោរពគោលការណ៍សត្យានុម័ត តុល្យភាព មិនធ្វើនយោបាយូបនីយកម្ម និងមិនជ្រើសរើសតែមួយជ្រុង ដោយត្រូវគិតគូរផងដែរនូវទស្សនៈរបស់រដ្ឋាភិបាល កាលៈទេសៈរបស់ប្រទេស និងសារៈសំខាន់នៃប្រភពព័ត៌មានដែលអាចជឿជាក់បាន និងមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ ព្រមទាំងអង្គហេតុពិត»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក