ហ្ស៊ីណែវ៖ តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ លោក អាន សុខខឿន បានឆ្លើយតបទៅអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក Vitit Muntarbhorn ឱ្យទៅរក «ភស្ភុតាង» មកបញ្ជាក់លើរបាយការណ៍របស់គាត់ដែលថា សិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាមានការបំភិតបំភ័យនិងការព្រួយបារម្ភ។
ក្នុងសេចក្ដីថ្លែងការណ៍ព័ត៌មានចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ លោក អាន សុខខឿន បានឆ្លើយបកទៅលោក Vitit Muntarbhorn ដោយបង្ហាញនូវការមិនពេញចិត្តចំពោះរបាយការណ៍របស់អ្នករាយការណ៍ដែលបានសរសេររបាយការណ៍ពុំត្រឹមត្រូវ ថែមទាំងរំលងនូវគោលការណ៍ឈរលើការពិត អព្យាក្រឹត និងមិនជ្រើសតែមួយជ្រុងថែមទៀត។
លោកបានបន្ថែមថា៖ «សូមស្នើជាថ្មីម្ដងទៀតឱ្យអ្នករាយការណ៍ពិសេសផ្ដល់នូវភស្តុតាងរឹងមាំជាក់ស្ដែង ដើម្បីផ្ទៀងផ្ទាត់ចំពោះការចោទប្រកាន់ចំនួនពីរករណី ដែលអ្នករាយការណ៍ពិសេសបានថ្លែងកន្លងមក»។
ស្ថានតំណាងអចិន្ត្រៃយ៍កម្ពុជាបានបន្ថែមថា សុខសន្តិភាពពេញលេញ ឯកភាពទឹកដី និងការបង្រួបបង្រួមជាតិពិតប្រាកដគឺកើតចេញពី «នយោបាយឈ្នះ-ឈ្នះ» របស់សម្ដេចតេជោ ហ៊ុន សែន ហើយជោគជ័យនេះបានជំរុញឱ្យកម្ពុជាមានការរីកចម្រើននិងការអភិវឌ្ឍ ព្រមទាំងទទួលបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសបានប្រែក្លាយកម្ពុជាជាប្រទេសមាន «ចំណូលមធ្យមកម្រិតទាប» ក្នុងឆ្នាំ២០១៦ និងបានចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងឆ្នាំ២០២១។
លោក អាន សុខខឿន បានបន្ថែមថា៖ «នៅសប្តាហ៍មុន ឯកឧត្តម Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន បានបង្ហាញនូវមោទនភាពចំពោះវឌ្ឍនភាពរបស់កម្ពុជា និងបានថ្លែងថាពិភពលោកដែលកំពុងស្ថិតក្នុងកាលៈទេសៈដ៏គួរឱ្យព្រួយបារម្ភនេះ គួររៀនសូត្រពីស្មារតីសុខសន្តិភាពរបស់ប្រទេសកម្ពុជា»។
លោកក៏បានផ្ដាំទៅលោក Vitit Muntarbhorn ផងដែរថា កិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សមិនមែនផ្តោតលើការរត់ប្រណាំងប្រជែងគ្នា និងភាពល្អឥតខ្ចោះអំពីបញ្ហាទេ ប៉ុន្តែគឺដូចនឹងការរត់រយៈចម្ងាយវែង ដែលត្រូវផ្តោតលើការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងវឌ្ឍនភាពជាក់ស្តែង ហើយកិច្ចពិភាក្សាលើប្រធានបទនេះគួរធ្វើឡើងដោយផ្អែកលើស្ថិតិ និងអង្គហេតុ មិនមែនផ្អែកទៅតាមអារម្មណ៍យល់ឃើញនោះទេ៕