លោក កែវ រ៉េមី ចាប់ផ្ដើមដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស
ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានចាប់ផ្ដើមដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) ជាលើកដំបូងបន្ទាប់ពីបានក្លាយជាអ្នកតំណាង AICHR អាណត្តិថ្មីពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។
កិច្ចប្រជុំនេះមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែមីនា រហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ Conference។
សមាជិកគណៈកម្មាធិកាសិទ្ធិមនុស្សកម្ពុជា និងជាជំនួយការ AICHR លោក ស្រៀង ចិន្ដា បានឱ្យអ្នកសារព័ត៌មានដឹងថាកិច្ចប្រជុំនៅថ្ងៃនេះគឺបានផ្ដោតលើការអនុម័តលើកំណត់ហេតុសង្ខេបអំពីសកម្មភាពរបស់ AICHR កាលពីកន្លងមក និងបន្តពិភាក្សាអំពីឯកសារទស្សនទានមួយចំនួនដែលគ្រោងអនុវត្តន៍ក្នុងឆ្នាំ២០២២ និងពិភាក្សាលើបញ្ហាសិទ្ធិមនុស្សនៅតំបន់អាស៊ានមួយចំនួនផងដែរ។
លោកថា៖ «ព្រឹកមិញមានតំណាងប្រទេសមួយលើកពីចំណាប់អារម្មណ៍របស់គាត់លើបញ្ហាមីយ៉ាន់ម៉ានេះដែរ។ ហើយក្នុងនោះគ្រាន់ជាការសំដែងនូវចំណាប់អារម្មណ៍ ឬកង្វល់ខ្លះៗពាក់ព័ន្ធនឹងមីយ៉ាន់ម៉ា ទន្ទឹមនឹងនេះខាងតំណាងមីយ៉ាន់ម៉ាគាត់បានបកស្រាយពន្យល់មកវិញថាគាត់បានកំពុងធ្វើអ្វីខ្លះពាក់ព័ន្ធនឹងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដូចជាការលើកឡើងនូវអ្វីដែលគាត់ខិតខំដូចជាការផ្ដល់នូវសេវាផ្សេងៗដូចជាសុខាភិបាល ឬក៏ប្រព័ន្ធជំនួយសង្គមផ្សេងៗដើម្បីជួយដល់ប្រជាជន»។
លោកបញ្ជាក់ថា មូលហេតុដែល AICHR មិនលូកដៃចូលកិច្ចការមីយ៉ាន់ម៉ាដោយសារតែធម្មនុញ្ញអាស៊ាន និងលក្ខខន្តិកៈរបស់ AICHR ដែលត្រូវការការឯកភាពពីគ្រប់ភាគីដើម្បីអាចជជែកពិភាក្សាបាន។
លោកថា៖ «បើយើងចង់លើកយករឿងមួយមកពិភាក្សាវាត្រូវការប្រទេសសាម៉ីនោះគាត់ Okay ថាអាចលើកមកនិយាយបាន។ អញ្ចឹងបានជាយើងអាចជែកគ្នាផ្ដល់ជាអនុសាសន៍ផ្ដល់ជាមតិយោបល់ឬក៏ដំណោះស្រាយផ្សេងៗ ឬក៏ប្រទេសណាផ្សេងគេលើករឿងប្រទេសផ្សេងមកជជែកហើយប្រទេសសាម៉ីនោះគេឯកភាព អាហ្នឹងបានយើងអាចជជែកគ្នាបាន»។
គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៩ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី១៥ នៅប្រទេសថៃ។ ការបង្កើត AICHR បង្ហាញពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការបន្តយុទ្ធសាស្រ្តឆ្ពោះទៅមុខ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ស្តីពីសិទ្ធិមនុស្ស។ វាគឺជាផ្នែកសំខាន់មួយ នៃរចនាសម្ព័ន្ធអង្គការអាស៊ាន និងជាស្ថាប័នត្រួតត្រាដែលមានទំនួលខុសត្រូវរួមសម្រាប់ការលើកកម្ពស់ និងការពារសិទ្ធិមនុស្សក្នុងអាស៊ាន។
AICHR ត្រូវបានពង្រឹងបន្ថែមទៀតជាមួយនឹងការផ្សព្វផ្សាយសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន (AHRD) ដែលបានអនុម័តក្នុងខែវិច្ឆិកា ឆ្នាំ២០១២ ដោយសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពីការអនុម័ត AHRD ដែលចុះហត្ថលេខាដោយមេដឹកនាំអាស៊ាន។
ក្នុងឆ្នាំ២០២២ គឺជាខួប១០ឆ្នាំនៃសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន ដែលគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជានិងជាប្រធានដឹកនាំ AICHR អាណត្តិថ្មី នឹងរៀបចំកម្មវិធីអបអរសាទរដែលមានបំណងផ្សព្វផ្សាយឱ្យពលរដ្ឋបានដឹង និងជំរុញឱ្យមានការអនុវត្តនូវសេចក្ដីប្រកាសនេះឱ្យកាន់តែទូលំទូលាយ៕





