ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជាបានប្រគល់គ្រឿងឥស្សរិយស Rising Sun,Gold and Silver star ជូនដល់ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ជប៉ុន លោក ឈាង វុន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ។
ពិធីប្រគល់នេះធ្វើឡើងនៅនិវាសនដ្ឋានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ដោយឯកអគ្គរាជទូតជប៉ុនលោក IKAMI Masahiro ប្រគល់និងបំពាក់ជូនលោក ឈាង វុន ដោយផ្ទាល់។
លោក MIKAMI Masahiro បានលើកឡើងថាការផ្ដល់ជូនគ្រឿងឥស្សរយសនេះគឺដោយសារលោក ឈាង វុន បានយកចិត្តទុកដាក់ពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសកម្ពុជា-ជប៉ុន ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អ៊ូបាជី និងភរិយាព្រមទាំងមិត្តសភាជប៉ុន-កម្ពុជា កាលពីកន្លងទៅ។
ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ជប៉ុន លោក ឈាង វុន បានលើកឡើងថា គ្រឿងឥស្សរិយយស Rising Sun, Gold and Silver Star នេះមិនមែនបានមកដោយសារតែខ្លួនលោកតែម្នាក់ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀត ដែលស័ក្តិសមនឹងទទួលបានផងដែរដោយពួកគេបានគាំទ្រ និងបានចូលរួមយ៉ាងសកម្មដល់ការខិតខំប្រឹងប្រែងគាំទ្រដល់ការងាររបស់លោក។
លោកបានសម្ដែងនូវការដឹងគុណថ្វាយចំពោះព្រះមហាក្សត្រកម្ពុជា និងព្រះវររាជមាតាជាតិខ្មែរ ប្រធានព្រឹទ្ធិសភាសម្តេចវិបុលសេនា សាយ ឈុំ ប្រធានរដ្ឋសភា សម្តេចពញាចក្រី ហេង សំរិន នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត រួមទាំងក្រុមគ្រួសារដែលតែងតែផ្តល់ការទុកចិត្តផ្តល់កិត្តិយសដល់រូបលោកបានចូលរួមចំណែកលើកកម្ពស់ការកសាងអភិវឌ្ឍន៍ប្រទេសជាតិ។
ប្រធានគណៈកម្មាការទី២នៃរដ្ឋសភារូបនេះ ក៏បានថ្លែងអំណរគុណចំពោះបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ ជាពិសេសជប៉ុន ដែលបានផ្តល់នូវសក្តានុពលដ៏ថ្លៃថ្លាសម្រាប់កម្ពុជា។ លើសពីនេះទៀតលោកបានសម្តែងនូវការដឹងគុណចំពោះកាយវិការប្រកបដោយការគាំទ្រ និងជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល និងប្រជារាស្ត្រជប៉ុន ដែលបានចូលរួមកសាងព្រះរាជាណាចក្រកម្ពុជាឡើងវិញ ដោយធានាបានដល់ការធ្វើឱ្យប្រសើរនូវហេដ្ឋារចនាសម្ព័ន្ធ សង្គម សេដ្ឋកិច្ច អភិបាលកិច្ចល្អ និងសេវាសាធារណៈជាច្រើនផ្សេងទៀត។
លោកបន្ថែមថា៖ «គ្រឿងឥស្សរិយយសនេះ ពិតជាមានសារៈសំខាន់ បញ្ជាក់យ៉ាងច្បាស់អំពីទំនាក់ទំនងល្អ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរកន្លងមក ហើយក៏នៅតែបន្តពង្រឹងនិងពង្រីកទំនាក់ទំនងគ្នា ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត»។
គ្រឿងឥស្សរិយយស Rising Sun (The Order of the Rising Sun) គឺជាគ្រឿងឥស្សរិយយសរបស់ប្រទេសជប៉ុនដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧៥ ដោយអធិរាជ Meiji។ លំដាប់គឺជាគ្រឿងឥស្សរិយយស្សថ្នាក់ជាតិដំបូងគេដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុន ដោយមេដាយបង្ហាញពីកាំរស្មីនៃពន្លឺព្រះអាទិត្យរះភ្ជាប់ជាមួយនឹងរាងជាផ្កានិងស្លឹក Paulownia។
The Order of the Rising Sun ត្រូវបានផ្តល់រង្វាន់ដល់អ្នកដែលសម្រេចបាននូវសមិទ្ធិផលជាកិត្តិយសក្នុងទំនាក់ទំនងអន្តរជាតិ ការលើកកម្ពស់វប្បធម៌ ភាពជឿនលឿន ការអភិវឌ្ឍន៍សុខុមាលភាព ឬការអភិរក្សបរិស្ថានរបស់ជប៉ុនទៅកាន់ពិភពលោក៕