សម្ដេចតេជោ ថាចំណូលពន្ធដារដែលប្រមូលលើសផែនការបានបង្ហាញពីភាពខ្លាំងនៃសេដ្ឋកិច្ច និងអធិបតេយ្យរបស់កម្ពុជា
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរដល់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល និងមន្ត្រីនៃអគ្គនាយកដ្ឋានទាំងអស់ដែលបានបំពេញការងារប្រមូលពន្ធបានយ៉ាងល្អក្នុងឆ្នាំ២០២១ ដែលបានប្រមូលលើសផែនការដែលកំណត់ចំនួន ១២៤,០២ភាគរយនៃផែនការ។ សម្ដេចចាត់ទុកថានេះជាប្រវត្តិសាស្ត្រនៃការប្រមូលពន្ធដែលអគ្គនាយកដ្ឋានសម្រេចបាន។
ក្នុងលិខិតផ្ញើទៅកាន់អគ្គនាយកដ្ឋានពន្ធដារចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការប្រមូលពន្ធដែលទទួលបានក្នុងឆ្នាំ២០២១ បានបង្ហាញនូវការដឹកនាំដែលប្រកាន់យកគោលការណ៍អភិបាលកិច្ចល្អនិងដ្ឋបាលកិច្ចល្អ ព្រមទាំងឆន្ទះធ្វើការរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារ។ សម្ដេចថាការប្រមូលពន្ធបានលើសផែនការ បានបង្ហាញពីភាពខ្លាំងនៃសេដ្ឋកិច្ច ភាពរឹងមាំនៃឯករាជ្យភាព និងអធិបតេយ្យកម្ពុជា។
ក្នុងលិខិតនោះសម្ដេចតេជោបានសរសេរថា៖ «ពិតណាស់ចំណូលពន្ធដារផ្ទៃក្នុងដែលអគ្គនាយកដ្ឋានបានប្រមូលលើសផែនការខាងលើពិតជាឆ្លុះបញ្ចាំងពីភាពខ្លាំងនៃសេដ្ឋកិច្ចជាតិបើទោះជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជាបាននិងកំពុងជួបប្រទេសនូវវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក្ដី ព្រមទាំងសបញ្ជាក់យ៉ាងច្បាស់ពីភាពរឹងមាំនៃឯករាជ្យភាពនិងអធិបតេយ្យភាពជាតិរបស់កម្ពុជា»។
សម្ដេចតេជោ បានប្រកាសគាំទ្រនូវវិធានការនានាដែលអគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញដើម្បីបង្កើនប្រសិទ្ធិភាព និងតម្លាភាពនៃការប្រមូលចំណូលបន្តទៀត។
ចំណូលពន្ធដារក្នុងឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាង ២ ៧០០លានដុល្លារអាមេរិក ខណៈផែនការហិរញ្ញវត្ថុប្រចាំឆ្នាំ២០២១ បានកំណត់ចំនួនជាង ២ ២០០លានដុល្លារប៉ុណ្ណោះ។ បានន័យថាអគ្គនាយកដ្ឋានពន្ធដារក្នុងឆ្នាំ២០២១កន្លងទៅប្រមូលពន្ធលើសផែនការបានជាង ៥០០លានដុល្លារ៕