វៀតណាម៖ វៀតណាមភាគកណ្តាលនឹងមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ ៤០០មីល្លីម៉ែត្រ ចាប់ពីថ្ងៃពុធដល់ថ្ងៃសៅរ៍ នេះបើយោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ជលសាស្ត្រឧតុនិយម។ មជ្ឈមណ្ឌលបានបញ្ហាក់ថា តំបន់សម្ពាធទាបនឹងមានភ្លៀងធ្លាក់ខ្លាំង ហើយរួមផ្សំជាមួយនឹងខ្យល់ត្រជាក់នៅភាគកណ្តាលប្រទេសវៀតណាម និងតំបន់ខ្ពង់រាបកណ្តាល។
ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍ ខេត្ត Nghe An ត្រូវបានគេរំពឹងថានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពី ៥០-១៥០មីល្លីម៉ែត្រ ខណៈ Ha Tinh និង Quang Binh នឹងមានភ្លៀងធ្លាក់ដល់ ៤០០មីលីម៉ែត្រ។ ចំណែកខេត្ត Binh Dinh, Phu Yen, Khanh Hoa និងតំបន់ខ្ពង់រាបភាគកណ្តាលនឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃពុធដល់ថ្ងៃសៅរ៍ក្នុងកម្រិតពី ១០០ ទៅ២០០មីលីម៉ែត្រផងដែរ
បើតាមមន្រ្តីបច្ចេកទេសទឹកភ្លៀង ១៨០មីលីម៉ែត្រក្នុងមួយថ្ងៃត្រូវបានគេចាត់ទុកថាជាកម្រិតធ្ងន់មួយ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ បានព្រមានថា បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ទឹកជំនន់ អាចកើតមានឡើងជាមួយនឹងភ្លៀង។ អាជ្ញាធរក៏បានប្រាប់ដល់មូលដ្ឋានឲ្យពិនិត្យតំបន់លំនៅឋានក្បែរទន្លេ និងអូរដើម្បីជម្លៀសចេញ៕