៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចបង្ក្រាបបទល្មើសទូទៅបានជាង ៨០ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់ | ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ​ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា | តុលាការខេត្តព្រះវិហារបើកការចោទប្រកាន់លើព្រះចៅអធិការវត្តភ្នំកន្ធាយ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយផ្ទុះរឿងលួងលោមរំលោភក្មេងស្រីអាយុ ៩ឆ្នាំ | Arteta៖ ទោះធ្លាក់ពី Champions League ប៉ុន្តែរដូវកាលរបស់ Arsenal នៅមិនទាន់ចប់ទេ |

ទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជានៅត្រូវការជំនួយអន្តរជាតិដើម្បីធ្វើទំនើបកម្មបច្ចេកទេសដោះមីនដែលនៅសល់

ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា កម្ពុជានៅត្រូវការជំនួយអន្តរជាតិ ដើម្បីធ្វើទំនើបកម្មជំនាញបច្ចេកទេសដើម្បីដោះមីនដែលនៅសេសសល់ក្នុងប្រទេសនោះ។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរមីន និងអង្គការមនុស្សធម៌ Platinum East តំណាងដោយលោក Shathel Fahs នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន លោក លី ធុជ បាននិយាយថា ទោះបីជាទទួលបានភាពជោគជ័យ និងកេរ្តិ៍ឈ្មោះល្អក៏ដោយ កម្ពុជានៅតែត្រូវការជំនួយអន្តរជាតិ ដើម្បីធ្វើទំនើបកម្មបន្ថែមទៀតនូវជំនាញបច្ចេកទេសការបង្កើតថ្មីនៃការដោះមីន ការរាវរកឧបករណ៍បច្ចេកវិជ្ជា និងធ្វើស្តង់ដារប្រតិបត្តិកររបស់ខ្លួនទាក់ទងនឹងចំណេះដឹង និងវិជ្ជាជីវៈ ដែលក្នុងនោះអាជ្ញាធរមីនដើរតួនាទីយ៉ាងសំខាន់រវាងរាជរដ្ឋាភិបាលកម្ពុជានិងម្ចាស់ជំនួយ។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងដែរថា បញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះសល់ពីសង្រ្គាមនៅកម្ពុជា បានបង្កនូវបញ្ហាយ៉ាងធ្ងន់ធ្ងរ និងរារាំងដល់ការអភិវឌ្ឍជាតិ ដែលយើងបានឃើញយ៉ាងច្បាស់នូវជីវិតមនុស្សស្លូតត្រង់រាប់ពាន់នាក់បានបាត់បង់នៅលើដី ដែលពួកគាត់ចាត់ទុកថាមានសុវត្ថិភាពក្នុងការចាប់ផ្តើមជីវិតថ្មី និងអនាគតថ្មី បន្ទាប់ពីសង្រ្គាម និងការផ្លាស់ទីលំនៅអស់ជាច្រើនទសវត្សរ៍។

លោកថា៖ «ជីវិតពួកគាត់នឹងមិនបាត់បង់ទេប្រសិនបើប្រទេសកម្ពុជាមានជំនាញបច្ចេកទេស បរិក្ខារ និងឧបករណ៍ចម្រុះ និងបច្ចេកវិជ្ជាជឿនលឿនជាងមុន ដើម្បីធ្វើសកម្មភាពដោះមីនឱ្យបានលឿននៅទូទាំងប្រទេស»។

លោកទេសរដ្ឋមន្រ្តី បានបន្ថែមថាកម្ពុជាធ្លាប់ជាប្រទេសមួយដែលធ្លាប់ញាំញីដោយសង្រ្គាមស៊ីវិល បានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅលើពិភពលោកជាមួយនឹងកំណើនសេដ្ឋកិច្ច ៧,៥ % និងជាអ្នកចូលរួមចំណែកកងទ័ពយ៉ាងសកម្មនៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

អាជ្ញាធរមីន មានមោទនភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយគ្រប់តួអង្គចម្រុះ និងតួអង្គសំខាន់ៗក្នុងវិស័យនេះ ដើម្បីធ្វើពិពិធកម្មបណ្តាញគាំទ្រ។ លោកជឿជាក់ថា អង្គការ Platinum East ដែលជាស្ថាប័នជំនាញផ្នែកដោះមីនតាមបច្ចេកវិទ្យាច្នៃប្រឌិត នឹងធ្វើឲ្យប្រតិបត្តិការបោសសម្អាតមីននៅទីវាលកាន់តែមានសុវត្ថិភាព និងអាចរំដោះផ្ទៃដីបានលឿនសម្រាប់ប្រជាជនកម្ពុជា។

គួរបញ្ជាក់ដែរថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងពង្រឹងភាពជាដៃគូរ និងកិច្ចសហប្រតិបត្តិការគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យា និវានុវត្តន៍ ការបណ្តុះបណ្តាល និងបច្ចេកទេសគាំទ្រដល់ការបោសសម្អាតមីន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងតំបន់ និងជាសាកលនៃសហគមន៍សកម្មភាពមីនមនុស្សធម៌៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក