ភ្នំពេញ៖ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានរៀបចំសិក្ខាសាលារបស់ខ្លួនការវាយតម្លៃទិដ្ឋភាពទូទៅនៃផែនការរបស់អាណត្តិចាស់ឆ្នាំ២០១៩-២០២១ និងការត្រៀមអនុវត្តនូវផែនការអាណត្តិថ្មី ២០២២-២០២៤។
អ្នកតំណាងអាយឆាក្នុងឆ្នាំ២០២២-២០២៤ គឺប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី។
ថ្លែងអំឡុងការបើកសិក្ខាសាលាថ្ងៃទី១ របស់ AICHR ជាផ្លូវការនាថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២២ នេះ លោក កែវ រ៉េមី បានបញ្ជាក់ថាសិក្ខាសាលានេះមានគោលបំណងជួយសម្រួលដល់ការផ្លាស់ប្តូរការងារដែលបានធ្វើរួចហើយនាពេលកន្លងមក និងដើម្បីធានាដល់សហគមន៍នៃស្ថាប័នរបស់ AICHR ហើយក៏នឹងមានបំណងពង្រឹងទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធផងដែរ។
គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៩ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី១៥ នៅប្រទេសថៃ។ ការបង្កើត AICHR បង្ហាញពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការបន្តយុទ្ធសាស្រ្តឆ្ពោះទៅមុខ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ស្តីពីសិទ្ធិមនុស្ស។ វាគឺជាផ្នែក សំខាន់ មួយ នៃ រចនាសម្ព័ន្ធ អង្គការ អាស៊ាន និង ជា ស្ថាប័ន ត្រួតត្រា ដែល មាន ទំនួល ខុស ត្រូវ រួម សម្រាប់ ការ លើក កម្ពស់ និង ការពារ សិទ្ធិ មនុស្ស ក្នុង អាស៊ាន។
ក្រោយបញ្ចប់សិក្ខាសាលានៅពេលព្រឹក ជំនួយការអាយឆាកម្ពុជា និងសមាជិកគណៈកម្មាធិកាសិទ្ធិមនុស្សកម្ពុជា លោក ស្រៀង ចិន្តា បានលើកឡើងផងដែរថា ការពិភាក្សាព្រឹកនេះក៏បានផ្តោតទៅលើលិខិតបទដ្ឋានផ្សេងៗ របស់អាយឆា ដោយអតីតតំណាងបានចែករំលែកនូវឯកសារផ្សេងៗ របស់អាស៊ាននេះពាក់ព័ន្ធជាមួយនឹង សិទ្ធិមនុស្សដែលមាន ដូចជាធម្មនុញ្ញអាស៊ាន សេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន លក្ខខណ្ឌរបស់អាយឆា ដែលជាព័ត៌មាន និងជាបទពិសោធន៍ដើម្បីបញ្ជូនមកអាយឆាអាណត្តិក្រោយ។
ចាប់តាំងពីការបង្កើតស្ថាប័ននេះ AICHR មានមុខងារចំនួន ១៤ ដែលមានចែងក្នុងលក្ខខណ្ឌនៃសេចក្តីយោង (TOR) របស់ខ្លួនក្នុងឆ្នាំ២០០៩ AICHR បាននិងកំពុងអនុវត្ត/រៀបចំកម្មវិធី/សកម្មភាពមួយចំនួនដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅក្នុងបណ្តាប្រទេសអាស៊ាន។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមើលឃើញពីការសម្រួល និងបង្កើនប្រសិទ្ធភាពការងារ AICHR បានសម្រេចចិត្តរៀបចំកិច្ចប្រជុំចំនួនបួនជាទៀងទាត់ រួមទាំងកិច្ចប្រជុំពេញអង្គចំនួនពីរ និងកិច្ចប្រជុំពិសេសចំនួនពីរ។
ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ AICHR បានរៀបចំកម្មវិធី និងសកម្មភាពរបស់ខ្លួនលើប្រធានបទដ៏ទូលំទូលាយទាក់ទងនឹងសិទ្ធិមនុស្ស រួមមានអាជីវកម្ម និងសិទ្ធិមនុស្ស បរិស្ថាន និងសិទ្ធិមនុស្ស សិទ្ធិទទួលបានការអប់រំ សមភាពយេនឌ័រ សិទ្ធិជនពិការ សេរីភាព ជំនឿ និងសាសនា សិទ្ធិកុមារ និងសិទ្ធិទទួលបានសុខភាព។
លើសពីនេះ AICHR បានបន្តចូលរួមជាមួយស្ថាប័នពាក់ព័ន្ធក្នុងវិស័យអាស៊ាន និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាបាននូវការបន្តនៃការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សក្នុងបណ្តាប្រទេសអាស៊ាន និងការបញ្ជ្រាបសិទ្ធិមនុស្ស៕