ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់ដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសឱ្យអនុញ្ញាតដល់កម្មករនិយោជិតទាំងអស់របស់ខ្លួនបានឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
ក្រសួងការងារបានបញ្ជាក់ថា កម្មករនិយោជិតទាំងអស់នឹងត្រូវឈប់សម្រាកដោយមានប្រាក់ឈ្នួលពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។ ទោះជាយ៉ាងណាចំពោះរោងចក្រ សហគ្រាសទាំងឡាយណាដែលត្រូវការប្រតិបត្តិការជាប្រចាំ និងមិនអាចបញ្ឈប់សកម្មបានត្រូវសម្រេចឱ្យកម្មករឈប់សម្រាប់ដោយផ្លាស់វេនគ្នា និងមានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្មួលថ្ងៃធ្វើការធម្មតា។ ក្រសួងតម្រូវឱ្យម្ចាស ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិតដែលត្រូវផ្លាស់ប្ដូរគ្នាឈប់សម្រាកនិងត្រូវរក្សាទុកសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារផងដែរ។
ក្រសួងការងារបញ្ជាក់ថា៖ «ក្នុងករណីមានការព្រមពៀងគ្នារវាងកម្មករនិយោជិតសាម៉ី និងនិយោជក ឬមានការចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ សហគ្រាស ឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសលេខ ២៧៧/២១ ខាងលើ»។
ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងប្រារព្ធចាប់ពីថ្ងៃទី១៤ ១៥ និងទី១៦ ក្នុងសប្ដាហ៍ទី២នៃខែមេសា ឆ្នាំ២០២២។ ពលរដ្ឋខ្មែរជាច្រើនបានយកថ្ងៃនេះជាពេលជួបជុំក្រុមគ្រួសារ និងធ្វើដំណើរកម្សាន្តទៅកន្លែងកម្សាន្តនានា។ ជាមួយគ្នានេះក្រសួងការងារក៏បានក្រើនរម្លឹកដល់ម្ចាស ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ត្រូវបន្តចូលរួមអនុវត្តវិធានការ «៣ការពារ ៣កុំ» និងវិធានការសុខាភិបាលចាំបាច់ផ្សេងទៀតឱ្យបានខ្ជាប់ខ្ជួន៕