សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានចម្ងាយប្រមាណជា ៥១គីឡូមែត្រ ពីក្រុងសៀមរាប និងប្រហែលជា ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គវត្ត ត្រូវសាងសង់បានប្រមាណ ២២ភាគរយហើយគិតត្រឹមចុងខែកុម្ភៈ ខណៈគ្រោងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៣។
ក្នុងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគម្រោងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឱ្យដឹងថាការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិលើផ្ទៃដៃប្រមាណជាង ៧០០ហិតានេះសម្រេចបាននូវការសាងសង់ជាបណ្ដើរៗនូវសំណង់ផ្លូវរត់ ផ្លូវបរ ចំណតអាកាសយាន-ឧទ្ធម្ភាចក្រ ប្រព័ន្ធលូបញ្ជៀសទឹក សំណង់ប្រព័ន្ធភ្លើង ឧបករណ៍នាំផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិទូទៅ និងស្ថានីយ៍ជាច្រើនទៀតនៃអាកាសយាន។
តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៣ ដែលអាចទទួលអ្នកដំណើរប្រចាំឆ្នាំបានជាង ៧លាននាក់ក្នុងមួយឆ្នាំ និងអាចទទួលទំនិញបាន ១ម៉ឺនតោនក្នុងមួយឆ្នាំសម្រាប់រយៈពេលខ្លី-មធ្យម និង ៦ម៉ឺនតោនក្នុងមួយឆ្នាំសម្រាប់រយៈពេលវែង។
អាកាសយានដ្ឋានថ្មីនេះ មានទុនវិនិយោគសាងសង់ប្រមាន ៨៨០លានដុល្លារអាមេរិក ស្ថិតក្នុងលំដាប់ 4E មានផ្លូវរត់ប្រវែង ៣,៦០០ម៉ែត្រ និងទទឹងប្រវែង ៤៥ម៉ែត្រ មាន ៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយអ្នកដំណើរជាង ៨ម៉ឺនម៉ែត្រក្រឡាដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជាង ៧លាននាក់ ស្ថិតក្រោមកិច្ចព្រមព្រៀង BOT រយៈពេល ៥៥ឆ្នាំ ដែលក្រោយពេលប្រតិបត្តិការត្រូវបានបញ្ចប់គម្រោងនេះនឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា៕