អារ៉ាប៊ីសាអូឌីត៖ អតីតគ្រូបង្វឹកក្លិបបារាំង AS Monaco លោក Leonardo Jardim ត្រូវបានក្លិបបាល់ទាត់ជើងឯកលីគកំពូលអារ៉ាប៊ីសាអូឌីត Al Hilal ប្រកាសជាផ្លូវការថា លោកនឹងចូលមកដឹកនាំក្លិបចាប់ពីរដូវកាលក្រោយតទៅ។ ការមកដល់របស់បុរសវ័យ ៤៦ ឆ្នាំរូបនេះ គឹនឹងមកជំនួសតំណែងរបស់លោក Jose Morais ដែលកំពុងកាន់តំណែងជាអ្នកចាត់ការបណ្តោះអាសន្នរបស់ក្លិប។
គួរឱ្យដឹងថា លោក Leonardo Jardim គឺជាគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ ដែលមានបទពិសោធន៍ក្រាស់ក្រែលដុះដាលចេញពីក្លិបនៅព័រទុយហ្គាល់ជាច្រើនដូចជា Camacha, Beira-Mar, Braga និង Sporting Lisbon ជាដើម និងធ្លាប់ឈ្នះពានលីគកំពូលក្រិកនៅឆ្នាំ ២០១៣ ជាមួយក្លិប Olympiacos ផងដែរ មុននឹងលោកទៅដឹកនាំក្លិបបារាំង AS Monaco នៅឆ្នាំ ២០១៤ ដល់ ២០១៨ ដោយជួយឱ្យក្លិបនេះឈ្នះជើងឯកលីគកំពូលបារាំងជាលើកដំបូងក្នុងរយៈពេល ១៧រដូវកាលចុងក្រោយ នឹងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UEFA Champions League ឆ្នាំ ២០១៧ ទៀតផង ប៉ុន្តែបានត្រឹមចាញ់ក្រុមមកពីអ៊ីតាលី Juventus។
វត្តមានរបស់លោក Leonardo Jardim មកកាន់ក្លិប Al Hilal នៅចុងរដូវកាលនេះ នឹងត្រូវទទួលភារកិច្ចក្នុងការការពារជើងឯកលីគកំពូលអារ៉ាប៊ីសាអូឌីតនារដូវកាល ២០២១/២០២២ នេះផង រួមទាំងត្រូវតតាំងវគ្គ ៨ក្រុមចុងក្រោយ(តំបន់អាស៊ីខាងលិច) នៃពានកំពូលទ្វីបអាស៊ី AFC Champions league ទល់នឹងក្រុមមកពីអ៉ីរ់ង់ Esteghlal នាថ្ងៃទី ៣១ ខែសីហាខាងមុខនេះផងដែរ៕