អន្តរជាតិ៖ មុនពេលតារាសម្តែង Will Smith ទទួលបានពានរង្វាន់ Oscar ជាតារាសម្តែងល្អបំផុត តារាកំប្លែង Chris Rock បាននិយាយលេងសើចចំពោះភរិយារបស់លោកគឺ លោកស្រី Jada ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ Will Smith ហើយបានឡើងលើឆាកទះ Chris Rock មួយកំផ្លៀងបង្ករការភ្ញាក់ផ្អើលលើឆាកទទួលរង្វាន់។
អ្នកដែលមានវត្តមានក្នុងកម្មវិធីនោះនឹកស្មានមិនដល់ឡើយដែល Will Smith បានទះកំផ្លៀង Chris Rock នៅលើឆាកដ៏ធំជុំវិញការនិយាយលេងសើចទៅកាន់ប្រពន្ធរបស់គាត់គឺ Jada Pinkett-Smith នៅឯពិធី Oscars កាលពីថ្ងៃអាទិត្យទី២៨ ខែមីនា នៅ Dolby Theatre ក្នុង Los Angeles ។
Rock បាននិយាយលេងសើចអំពីម៉ូដសក់របស់ភរិយារបស់លោក Smith គឺលោកស្រី Jada Pinkett Smith ដែលសំដៅលើខ្សែភាពយន្ត "G.I. Jane" ដែលតួសម្តែង Demi Moore បានកោរសក់របស់គាត់។
តាមពិតទៅ លោកស្រី Jada Pinkett Smith មានជំងឺម្យ៉ាងហៅថា alopecia areata ជាជំងឺធ្វើឱ្យសក់ជ្រុះជាដុំៗ ដែលជំងឺនេះកើតឡើងចំពោះស្ត្រីដែលមានអាយុពី ៣០-៥០ឆ្នាំ គ្រាន់តែថា លក្ខខណ្ឌជំងឺគឺខុសៗគ្នា អ្នកខ្លះជ្រុះសក់តិចទេ តែខ្លះទៀតជ្រុះច្រើន ដែលនេះនេះអាចបណ្តាលមកពីហ្សែន។
Will Smith ដែលបានឈ្នះពានរង្វាន់ជាតួសម្តែងល្អបំផុតសម្រាប់រឿង "King Richard" បន្ទាប់មកបានដើរលើឆាក ហើយទះកំផ្លៀង Rock បានធ្វើឱ្យមានការស្រឡាំងកាំង ក្នុងចំណោមអ្នកចូលរួមកម្មវិធីនោះនៅពេលដែល Smith ត្រលប់មកអង្គុយនៅកៅអីវិញ គាត់បានស្រែកថា «កុំនិយាយឈ្មោះប្រពន្ធរបស់អញក្នុងមាត់ដ៏អាក្រក់របស់អ្ហែងទៀត»។
ថ្លែងក្នុងពេលទទួលពានអូស្ការ ជាតារាសម្តែងល្អបំផុត លោក Will Smith បានថ្លែងដោយទឹកភ្នែកថា ក្នុងឧស្សាហកម្មភាពយន្តអ្នកប្រកដជាមានមនុស្សដែលមិនគោរពអ្នក គេបំពារបំពានអ្នក គេនិយាយមិនល្អដល់អ្នក ហើយអ្នកវិញបានត្រឹមតែញញឹមហើយធ្វើវាដូចជាគ្មានអីកើតឡើង។ លោកបានសុំទោសអ្នកចូលរួមទាំងអស់នៅរាត្រីនោះនិងថា៖ «ក្ដីស្រលាញ់នឹងធ្វើឱ្យអ្នកធ្វើរឿងឆ្កួតៗជាច្រើន»៕