ត្បូងឃ្មុំ៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត លើកឡើងថាការរំដោះថ្ងៃ៧ មករា និងកត្តាសុខសន្តិភាពក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ បានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍជាហូរហែរ ចាប់តាំងពីបាតដៃទទេរហូតដល់មានអ្វីៗដូចសព្វថ្ងៃនេះ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារ សាលាឃុំក្រែក ផ្លូវបេតុង និងក្លោងទ្វារ រដ្ឋបាលឃុំក្រែក នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោករដ្ឋមន្ត្រី វង សូត មានប្រសាសន៍ថា កម្ពុជាធ្លាប់ឆ្លងកាត់សម័យ ប៉ុល ពត ចំនួន ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលបានបំផ្លិចបំផ្លាញនូវហេដ្ឋារចនាសម្ពន្ធ័យ៉ាងច្រើន ជាពិសេសគឺធនធានមនុស្សដែលមានសារៈសំខាន់សម្រាប់ប្រទេសជាតិ។ លោកបានសង្កត់ធ្ងន់ទៀតថា ក្រោយពីមានថ្ងៃរំដោះ៧ ខែមករា ឆ្នាំ១៩៧៩មក ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានស្វះស្វែងរកនូវសេ្ថរភាពនយោបាយពេញលេញ កសាង អភិវឌ្ឍន៍សមិទ្ធផលថ្មីៗមានជាបន្តបន្ទាប់ និងមានបន្តការលើកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អំឡុងពេលកម្ពុជាជួបវិបត្តិកូវីដដោយមិនឲ្យកម្ពុជាទៅរកភាពអតីតកាលឡើយ។
លោកចាត់ទុកសង្គ្រាមជាសត្រូវរបស់ជាតិប្រជាជន ដែលពលរដ្ឋគ្រប់រូបត្រូវរក្សាស្មារតីសាមគ្គីជាតិដើម្បីកុំឱ្យសង្គ្រាមកើតឡើងវិញ។
លោកបានរម្លឹកថា៖ «ដូច្នេះយើងត្រូវរួមសាមគ្គីគ្នាកុំឲ្យមានសង្គ្រាម ពោលគឺថែរក្សាសុខសន្តិភាពដែលមានបច្ចប្បន្ន និងបន្តខិតខំប្រឹងប្រែង ស្តារជីវភាពពលរដ្ឋក៍ដូចស្តារសេដ្ឋកិច្ចជាតិឲ្យកាន់តែល្អប្រសើរឡើង»។
ទន្ទឹមនឹងនេះដែរលោករដ្ឋមន្ត្រី បានជំរុញដល់មន្ត្រីសាធារណៈត្រូវធ្វើយ៉ាងបំពេញតួនាទីបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យល្អប្រសើរតាមតម្រូវការដោយប្រកាន់ខ្ជាប់ធ្វើឱុ្យមាន តម្លាភាព ស្អាតស្អំ និងប្រកាន់បក្សពួក។
រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានដឹកនាំទ័ព ដែលមានការគាំទ្រពីវៀតណាមវាយផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ចេញពីអំណាចនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោយពីទទួលជ័យជម្នះលើក្រុមខ្មែរក្រហម ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កម្ពុជាបានស្វែងរកបានសន្ដិភាព និងការរួបរួមគ្នាក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំចុងក្រោយជាលើកដំបូងក្នុងឆ្នាំ១៩៩៨ និងបានបន្តរីកចម្រើនមកពេលបច្ចុប្បន្ន៕