ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបយុទ្ធសាស្ត្រសំណាញ់មេឃ សម្រាប់ទប់ទល់នឹងយន្តហោះចម្បាំងក្នុងសង្គ្រាមកម្ពុជា-ថៃឆ្នាំ២០០៨-២០១១ ដោយពុំបញ្ចេញទ័ពអាកាសទប់ទល់នោះទេ តែឱ្យកងទ័ពត្រៀមបាញ់ស្រោចពីដីឡើងលើវិញ។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមិត្តភាពកម្ពុជា-កូរ៉េ ត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២២ នេះសម្ដេចតេជោ ហ៊ុន សែន បានរម្លឹកព្រឹត្តិការណ៍ជម្លោះកម្ពុជា-ថៃ ក្នុងឆ្នាំ២០០៨ ដល់២០១១ សម្ដេចតេជោពេលនោះបានចេញបញ្ជាឱ្យកងទ័ពកម្ពុជានៅស្ងៀមស្ងាត់ រង់ចាំរហូតយន្តហោះសត្រូវបន្ទាបខ្លួនទាបដល់ចំណុចណាមួយកងទ័ពទាំងអស់ត្រូវបញ្ចេញគ្រាប់ទាំងអស់ទៅកាន់យន្តហោះនោះតែម្ដងដែលសម្ដេចថាជា «យុទ្ធសាស្ត្រសំណាញ់មេឃ»។
សម្ដេចតេជោថា៖ «ព្រោះអាយន្តហោះនេះយើងត្រូវដឹង! បើវានៅខ្ពស់វាធ្វើអីអត់កើតទេ។ ដល់វាចុះទាបអាហ្នឹងត្រូវរបស់យើងហើយពីក្រោមឡើងទៅទាំងអស់រាប់លានគ្រាប់ចេញទៅហ្មង ជួនកាលអ្ហែងត្រូវតែមួយគ្រាប់ អញសុខចិត្តចំណាយ ១លានគ្រាប់ចោល អាតូចអាធំទៅទាំងអស់។ យន្តហោះទាល់តែចុះទាបទើបអាចទម្លាក់គ្រាប់បែកទៅរួច អញ្ចឹងអាពេលចុះទាបហ្នឹងហើយដែលយើងត្រូវដាក់សំណាញ់មេឃឡើងទៅលើនេះជាយុទ្ធសាស្ត្រសង្គ្រាមរបស់ ហ៊ុន សែន» ។
គួររម្លឹកផងដែរថា ក្នុងសង្គ្រាមជាមួយកម្ពុជាដណ្ដើមប្រាសាទព្រះវិហារថៃពេលនោះថៃបានបញ្ជាយន្តហោះចម្បាំង F-16 របស់ខ្លួនដោយឱ្យហោះឆ្វែលព្រំដែន និងចូលដីខ្មែរផងដែរ។ សម្តេចតេជោហ៊ុន សែន ក៏ធ្លាប់មានប្រសាសន៍ថា កម្ពុជាមិនមានទ័ពអាកាសក្បាលមិនជាប់មេឃជើងមិនជាប់ដីនោះទេ ហើយយន្តហោះផលិតនៅអាមេរិកនេះក៏ធ្លាប់ចាញ់សង្គ្រាមនៅកម្ពុជាដែរ៕