សម្ដេចតេជោ ទោះបីរុស្ស៊ីធ្លាប់ជួយកម្ពុជា តែកម្ពុជាមិនគាំទ្រនយោបាយការបរទេសឈ្លានពានប្រទេសដទៃនោះទេ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រតិកម្មចំពោះអ្នកធ្វើអត្ថាធិប្បាយសង្គមម្នាក់ដែលថា ការដែលកម្ពុជាមិនគាំទ្ររុស្ស៊ីក្នុងការវាយប្រហារអ៊ុយក្រែន ដោយសារតែសមត្ថភាពទ័ពកម្ពុជានៅមានកម្រិត។ សម្ដេចយល់ថា ការអត្ថធិប្បាយដែលមិនបានយល់ពីនយោបាយការបរទេសកម្ពុជានោះទេ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារជំងឺត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យអង្គឌួងនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ថានយោបាយការបរទេសកម្ពុជា គឺផ្អែកលើច្បាប់និងរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ មិនមែនលើកម្លាំងនោះទេ។ សម្ដេចថា ទោះបីរុស្ស៊ីជាមិត្តរបស់កម្ពុជា ធ្លាប់ជួយដល់កម្ពុជា តែជំហរផ្លូវការរបស់កម្ពុជាគឺប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំង ឬការគំរាមប្រើប្រាស់កម្លាំងប្រឆាំងនិងប្រទេសមួយទៀត ត្រូវគោរពឯករាជ្យ អធិបតេយ្យប្រទេសដទៃទៀត។
សម្ដេចបញ្ជាក់ថា៖ «សកម្មភាពឈ្លានពានបែបនេះកម្ពុជាមិនអាចទទួលយកបាន ហើយមិនអាចអព្យាក្រឹតបានទេ ថ្ងៃក្រោយកម្ពុជារងបញ្ហាបែបនេះតើយើងទៅពឹងនរណា? យើងអនុវត្តន៍គោលនយោបាយការបរទេសដោយច្បាប់ មិនមែនដោយសារកម្លាំងទេ»។
សម្ដេចបញ្ជាក់ថា មិនមែនតែរុស្ស៊ីទេ បើការឈ្លានពានប្រទេសដទៃកើតចេញពីប្រទេសណាមួយទៀត គឺប្រទេសកម្ពុជានឹងប្រឆាំងនឹងប្រទេសនោះដូចគ្នា។ ព្រោះកម្ពុជាធ្លាប់យល់និងឆ្លងកាត់ការឈ្លានពានពីប្រទេសដទៃមកលើខ្លួន៕