ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានថ្លែងថា ជនមានពិការភាពគឺជាកម្លាំងចលករសង្គមមួយដែលមានសមត្ថភាពដូចពលរដ្ឋទូទៅដែរ អ្វីដែលសំខាន់គឺយើងគ្រប់គ្នាត្រូវធ្វើគឺជួយគាំទ្រ និងការពារពួកគាត់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ប្រលងចម្រៀងជនពិការកម្ពុជាពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២ នារសៀលថ្ងៃទី២៦ ខែមីនា នៅសណ្ឋាគារសូហ្វីថែល ភ្នំពេញ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានកោតសរសើរដល់ជនមានពិការភាពថា ទោះបីជាពួកគាត់មានពិការភាពមែនពិត តែចិត្តគំនិតរបស់គាត់មិនពិការនោះទេ។ លោកបន្ថែមថា ការគាំទ្រ និងការពារដល់ជនមានពិការភាព នឹងជួយលើកទឹកចិត្តដល់ពួកគាត់ឱ្យមានភាពកក់ក្ដៅ និងជំរុញដល់សកម្មភាពរបស់ពួកគាត់ក្នុងការចូលរួមក្នុងសង្គមកាន់តែខ្លាំងក្លា។
លោករដ្ឋមន្ត្រីថ្លែងថា៖ «យើងពុំគួរចាត់ទុកជនពិការជាបន្ទុកនៃសង្គមជាតិទេ! គឺពួកគាត់មានលទ្ធភាពក្នុងការរស់នៅចិញ្ចឹមជីវិតនិងមានសមត្ថភាពក្នុងការធ្វើការងារដូចមនុស្សទូទៅដែរ។ អ្វីដែលយើងត្រូវធ្វើគឺគាំទ្រជួយគាត់ធ្វើយ៉ាងណាឲ្យគាត់មានសិទ្ធិសេរីភាពពេញលេញ។ ពិការមែនពិតតែចិត្តគំនិតមិនពិការទេ! គាត់ជាធនធានមនុស្សដ៏សំខាន់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិដែលពុំអាចកាត់ផ្ដាច់បាន»។
បច្ចុប្បន្នជនមានពិការភាពនៅកម្ពុជាមានចំនួនជាង៥០ម៉ឺននាក់ ស្មើរនឹង៤,៩ភាគរយនៃប្រជាជនសរុប១៦លាននាក់។
រាជរដ្ឋាភិបាលគ្រោងនឹងរៀបចំកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជាលើកទី២ ដើម្បីលើកទឹកចិត្តជនពិការកម្ពុជាទូទាំងប្រទេសបានបញ្ចេញសមត្ថភាពនិងទេព្យកោសល្យសិល្បៈដែលខ្លួនមាន។
កម្មវិធីនេះនឹងចាប់ផ្ដើមពីខែមេសា ឆ្នាំ២០២២ រហូតដល់ខែឧសភាឆ្នាំ២០២៣។ ដែលកំណត់យកទីតាំងកម្មវិធីបើកនៅរាជធានីភ្នំពេញ កម្មវិធីពាក់កណ្តាលផ្តាច់ព្រ័ត្រនៅខេត្តព្រះសីហនុ និងកម្មវិធីផ្តាច់ព្រ័ត្រនៅខេត្តសៀមរាប៕

