
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជំរុញឲ្យតំបន់មេគង្គប្រឹងប្រែងសហការគ្នាលើការគ្រប់គ្រងនូវធនធានទឹកនិងគ្រោះអន្តរាយ
ភ្នំពេញ៖ មន្ត្រីក្រសួងការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានផ្ញើលិខិតអបអរសាទរទិវា សប្តាហ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២២ បានលើកឡើងអំពីសារៈសំខាន់នៃតំបន់មេគង្គ-ឡានឆាង រួមទាំងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ផងដែរ។ ធ្វើជាអនាគតលោកបានមើលឃើញថា ការអភិវឌ្ឍនៅក្នុងតំបន់មេគង្គឡានឆានកំពុងតែជះផលគ្រាន់តែដល់ធនធានធម្មជាតិដោយជំរុញដល់ប្រទេសទាំងអស់រួមសហការគ្នាដើម្បីគ្រប់គ្រងនូវធនធានធម្មជាតិក៏ដូចជាបញ្ចៀសនូវគ្រោះមហន្តរាយពីរទន្លេទាំងពីរនេះដែរ។
ក្នុងសារលិខិតអបអរដែល EAC News ទទួលបាន លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា តម្រូវការអភិវឌ្ឍរបស់ប្រទេសនៅក្នុងបណ្ដាលទន្លេមេគង្គ-ឡានឆាង នឹងបណ្តាលឱ្យមានផលប៉ះពាល់ដល់ធនធានធម្មជាតិ ដូច្នេះហើយត្រូវមានកិច្ចប្រឹងប្រែងរួមសហការគ្នាលើការគ្រប់គ្រងប្រកបដោយចីរភាពនូវធនធានទឹក និងការគ្រប់គ្រងគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងបាតុភាពអាកាសធាតុដ៏ធ្ងន់ធ្ងរផ្សេងៗទៀត។
បើទោះជាយ៉ាងណាលោកបានមើលឃើញថា ការបំពេញបន្ថែមនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងជាមួយនឹងយន្តការអនុតំបន់មេគង្គដទៃទៀត ជាពិសសកិច្ចសហប្រតិបត្តិការអេកម៉ិក និងមហាអនុតំបន់មេគង្គ ក្នុងការជំរុញការផ្លាស់ប្តូរអនុតំបន់ និងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។
លោកថា៖ «តាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្ពុជាទទួលបានអត្ថប្រយោជន៍ពីគម្រោងចំនួន៦៧ដែលមានទំហំទឹកប្រាក់សរុបប្រមាណជាង២០លានដុល្លារអាមេរិក ដោយបានគាំទ្រសកម្មភាពកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយក្នុងវិស័យអភិវឌ្ឍន៍ជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស ការអប់រំ ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។ល។»
កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺសំដៅទៅលើ កិច្ចសហប្រតិបត្តិការនៃប្រទេសដែលមានទន្លេមេគង្គនិងទន្លេឡានឆាង ហូរកាត់ដែលមានដូចជាប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។ ប្រជាជនមិនតិច ជាង៦០លាននាក់ទេដែលកំពុងរស់នៅអាស្រ័យផលពីទន្លេដ៏សំខាន់នេះដោយសារអត្ថប្រយោជន៍ទឹក ធនធានត្រី និងធនធានធម្មជាតិដ៏សម្បូរបែប។
តំបន់នេះទើបតែបានបញ្ចប់ការអនុវត្តផែនការសកម្មភាពប្រាំឆ្នាំ (២០១៨-២០២២) ហើយយើងកំពុងរៀបចំកិច្ចសហប្រតិបត្តិការនាដំណាក់កាលបន្ទាប់ ដោយផ្តោតលើរបៀបវារៈអភិវឌ្ឍន៍ដែលយកសំខាន់លើប្រជាជន។ ក្នុងគោលបំណងធានានូវប្រភពកំណើនថ្មី ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់មានការវិវត្តយ៉ាងឆាប់រហ័ស យើងផ្តោតការយកចិត្តទុកដាក់លើសម្រេចឱ្យបាននូវខ្សែក្រវ៉ាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង និងច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោក-សមុទ្រ សំដៅលើកកម្ពស់ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងនៃការធ្វើសមាហរណកម្មនៅក្នុងតំបន់៕