អ្នកតំណាង UNDP ប្រចាំកម្ពុជាថា សហគ្រិនស្រ្តីនៅកម្ពុជាមិនទាន់ទទួលសេវាបានគ្រប់គ្រាន់ពីប្រព័ន្ធហិរញ្ញវត្ថុនោះទេ
ភ្នំពេញ៖ អ្នកតំណាង UNDP ប្រចាំកម្ពុជាលោកស្រី Alissar Chaker បានគូសបញ្ជាក់ថា បើទោះបីជាស្ត្រីនៅកម្ពុជាជាង៦០ភាគរយជាម្ចាស់អាជីវកម្មក៏ដោយ តែមានតែ៣%ប៉ុណ្ណោះដែលមានលទ្ធភាពទទួលបានឥណទានជាផ្លូវការ ខណៈលោកស្រីបានជំរុញការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសខ្នាតមីក្រូ និងមធ្យមដល់អ្នកដឹកនាំដោយស្ត្រីបន្ថែមទៀត។
ថ្លែងក្នុងសន្និបាត «ដើម្បីផ្សព្វផ្សាយពីកម្មវិធីធានាឥណទាន និងផ្តល់ការគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ដឹកនាំដោយស្ត្រី ដែលជាផ្នែកមួយនៃការស្តារឡើងវិញពីវិបត្តិជំងឺកូវីដ-១៩» នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ លោកស្រី Alissar Chaker បានលើកឡើងថាសហគ្រាសខ្នាតតូច និងមធ្យមដែលមានម្ចាស់ជាស្ត្រី គឺជាធនធានដ៏សំខាន់សម្រាប់ការស្ដារឡើងវិញក្រោយការរាតត្បាតជាសកល និងធានាបាននូវវិបុលភាពនាពេលអនាគត។ ដោយលោកស្រីបានលើកឡើងពី កម្មវិធីធានាឥណទានសាធារណៈដែលមានភាពឆ្លើយតប ដើម្បីជួយកាត់បន្ថយហានិភ័យឥណទានដែលផ្តល់ទៅឱ្យអ្នកដែលខ្ចីបំណុលជាស្ត្រី ក្នុងករណីដែលពួកគេមិនអាចសងកម្ចីនេះបាន។
លោកស្រីថា៖ «កម្មវិធីធានាឥណទានសាធារណៈដែលមានភាពឆ្លើយតប នឹងចូលរួមដោះស្រាយភាពបរាជ័យនៃទីផ្សារឥណទាន ព្រមទាំងបញ្ហាប្រឈមជុំវិញលទ្ធភាពទទួលបានឥណទាន ដោយភាគីទី៣ ជាអ្នកជួយកាត់បន្ថយហានិភ័យឥណទានដែលផ្តល់ទៅឱ្យអ្នកដែលខ្ចីបំណុលជាស្ត្រី ក្នុងករណីដែលពួកគេមិនអាចសងកម្ចីនេះបាន។ កម្មវិធីបែបនេះ ក៏លើកកម្ពស់ប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងពង្រីកលទ្ធភាពទទួលបានធនធានហិរញ្ញវត្ថុ ដោយមិនចាំបាច់មានវត្ថុធានា ដែលស្ត្រីមានការខ្វះខាត ឬពុំមានគ្រប់គ្រាន់»។
របាយការណ៍របស់ UNDP រកឃើញថា បញ្ហាប្រឈមធំៗជាងគេដែល MSMEs ជួបប្រទះក្នុងការទទួលបានហិរញ្ញប្បទាន រួមមានដូចជា ការតម្រូវឱ្យមានការដាក់ទ្រព្យបញ្ចាំដើម្បីទទួលបានកម្ចី លក្ខខណ្ឌផ្តល់កម្ចីតឹងរ៉ឹងដោយពុំមានការពិចារណាពីប្រតិបត្តិការអាជីវកម្មរបស់ MSMEs អត្រាការប្រាក់ខ្ពស់ រយៈពេលសងកម្ចីខ្លី និងសមត្ថភាពគ្រប់គ្រងរបស់ MSMEs ព្រមទាំងកង្វះខាតឯកសារហិរញ្ញវត្ថុនិងឯកសារគាំទ្រដទៃទៀតជាដើម។
UNDP ក៏រកឃើញផងដែរថា ជំងឺកូវីដ-១៩ បានបណ្តាលឱ្យ MSMEs ជួបប្រទះនឹងការលំបាកបន្ថែមទៀត ដោយក្នុងនោះ ២១,៣% ក្នុងចំណោមសហគ្រាសដែលបានចូលរួមក្នុងការសិក្សារនេះ រាយការណ៍ថាបានជួបការលំបាកច្រើនក្នុងការទទួលបានធនធានហិរញ្ញវត្ថុ ជាពិសេស ក្រុមហ៊ុនខ្នាតតូច និងក្រុមហ៊ុនក្រៅប្រព័ន្ធ ដែលដឹកនាំដោយស្ដ្រី ក្នុងវិស័យកម្មន្តសាល សំណង់ អចលនទ្រព្យ និងបដិសណ្ឋារកិច្ច។
លោកស្រី Chaker បានលើកឡើងបន្ថែមថាក្នុងពេលនេះ UNDP និងដៃគូអភិវឌ្ឍន៍ដ៏ទៃទៀត កំពុងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ជាតិក្នុងការពន្លឿនការលើកកម្ពស់ផ្នែកសង្គម និងសេដ្ឋកិច្ចដល់ស្រ្តី ដោយបានលើកទឹកចិត្តឱ្យតាមដានព័ត៌មានស្តីពីសេវាហិរញ្ញវត្ថុ និងសេវាមិនមែនហិរញ្ញវត្ថុដែលមាននៅក្នុងទីផ្សារដូចជា កម្មវិធីធានាជាសាធារណៈជាដើម ដើម្បីធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ និងពង្រីកជម្រើសដើម្បីទទួលបានធនធានហិរញ្ញវត្ថុសម្រាប់ខ្លួនឯង។
ប្រធាននាយកប្រតិបត្តិនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) លោក Wong Keet Loong បានឱ្យដឹងថា ការបង្កើតសាជីវកម្មធានាឥណទានកម្ពុជាអាចជួយដល់ស្រ្តីដែលជាម្ចាស់អាជីវកម្មឱ្យទទួលបានហិរញ្ញប្បទានប្រកបដោយការលើកកម្ពស់និងបង្កើននូវភាពយល់ដឹងផ្នែកហិរញ្ញវត្ថុ។
លោកថា៖ «គម្រោងធានាឥណទានថ្មីរបស់ CGCC ដែលនឹងត្រូវប្រកាសផ្សព្វផ្សាយក្នុងសន្និបាតនៅថ្ងៃនេះ ត្រូវបានបង្កើតឡើងជាពិសេស សម្រាប់ម្ចាស់អាជីវកម្ម MSMEs ជាស្ត្រី ក្នុងគោលបំណងបង្រួមគម្លាតហិរញ្ញប្បទាន រវាងសហគ្រិនជាស្ត្រី និងគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការនានា»។
បើតាមលោក Wong Keet Loong ផ្អែកតាមវឌ្ឍនភាពនៃការធានាឥណទានកន្លងមក សហគ្រាសភាគច្រើន ដែលទទួលបានកម្ចីមានការធានា គឺជាសហគ្រាសខ្នាតតូច និងមធ្យម (៩៦%)។ ទោះជាយ៉ាងនេះក្ដី ក្នុងចំណោមអាជីវកម្មទាំងអស់ដែលបានទទួលបានកម្ចីមានការធានា មានត្រឹមតែ ២៥% ប៉ុណ្ណោះ ដែលគ្រប់គ្រងដោយស្ត្រី៕