ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានសន្និដ្ឋានថា កម្មវិធីធានាឥណទានសាធារណៈ នឹងផ្តល់នូវផលជាវិជ្ជមានយ៉ាងច្រើនដល់ផលិតផលសរុបក្នុងស្រុក (GDP) របស់កម្ពុជា និងការបង្កើតការងារសម្រាប់វិស័យធំៗចំនួន ២គឺ វិស័យកសិកម្ម និងបដិសណ្ឋារកិច្ច (សណ្ឋាគារ និងភោជនីយដ្ឋាន)។
ក្នុងសេចក្តីប្រកាសព័ត៌មានពីសន្និបាតរួមស្តីពី «កម្ពុជាមានគោលដៅពង្រឹងបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រី» UNDP ប៉ានប្រមាណថា រៀងរាល់ការវិនិយោគ ១០០លានដុល្លារ ក្នុងវិស័យកសិកម្មនឹងនាំឱ្យមានការផ្តល់នូវតម្លៃបន្ថែមប្រមាណ ២២១លានដុល្លារ ដល់ ផ.ស.ស. ដែលត្រូវបានកែសម្រួលទៅតាមអត្រាអតិផរណាក្នុងប្រទេស ព្រមទាំងបង្កើតការងារចំនួន ៤៨ ៧៣៧កន្លែង (១៧ ៣៤៨ កន្លែងសម្រាប់ស្ត្រី)។
ផលដែលបានពីការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច ត្រូវបានប៉ាន់ស្មានថាមានប្រមាណជា ២០១លានដុល្លារ ជាមួយនឹងសក្ដានុពលបង្កើតការងារចំនួន ១៦ ២២៦កន្លែង (១ ១៣០កន្លែងសម្រាប់ស្រ្តី)។
អ្នកតំណាង UNDP ប្រចាំកម្ពុជា លោកស្រី Alissar Chaker បានគូសបញ្ជាក់ថា៖ «កម្មវិធីធានាឥណទានសាធារណៈដែលមានភាពឆ្លើយតប នឹងចូលរួមដោះស្រាយភាពបរាជ័យនៃទីផ្សារឥណទាន ព្រមទាំងបញ្ហាប្រឈមជុំវិញលទ្ធភាពទទួលបានឥណទាន ដោយភាគីទី ៣ ជាអ្នកជួយកាត់បន្ថយហានិភ័យឥណទានដែលផ្តល់ទៅឱ្យអ្នកដែលខ្ចីបំណុលជាស្ត្រី ក្នុងករណីដែលពួកគេមិនអាចសងកម្ចីនេះបាន។ កម្មវិធីបែបនេះ ក៏លើកកម្ពស់ប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងពង្រីកលទ្ធភាពទទួលបានធនធានហិរញ្ញវត្ថុ ដោយមិនចាំបាច់មានវត្ថុធានា ដែលស្ត្រីមានការខ្វះខាត ឬពុំមានគ្រប់គ្រាន់»។
UNDP ជាអង្គការដែលបានផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតប និងស្ដារឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព ការពង្រឹងសមត្ថភាពស្ថាប័នឲ្យមានភាពរឹងមាំ សេវាគាំពារសង្គម ការធ្វើឌីជីថលូបនីយកម្ម ការពន្លឿនការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការលើកកម្ពស់ភាពធន់ទៅនឹងហានិភ័យអាកាសធាតុ ដោយមិនទុកនរណាម្នាក់ចោល៕