ភ្នំពេញ៖ ក្រសួងកសិកម្មបានដាក់ខ្សែទូរស័ព្ទរាយការណ៍បន្ទាន់ពីខ្សែសម្រាប់សាធារណជនអាចរាយការណ៍មកក្រសួងពីករណីបទល្មើសនេសាទនៅជុំវិញបឹងទន្លេសាប ២ថ្ងៃក្រោយនាយករដ្ឋមន្ត្រីមានប្រតិកម្មធ្ងន់ៗ។
លេខទូរស័ព្ទរាយការណ៍ទាំង៣ខ្សែនោះមាន ០១២ ៩៩៥ ៦៦៥ / ០១៧ ៧៣៥ ១៦៩ និងលេខ ០១២៨៧១ ០៧១។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្រសួងកសិកម្មថា នេះជាការអនុវត្តន៍តាមបទបញ្ជារបស់នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងកសិកម្មកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។
ក្នុងសេចក្ដីប្រកាសព័ត៌មាននោះបញ្ជាក់ថា៖ «ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ក្រាបបទល្មើសជលផលនៅជុំវិញបឹងទន្លេសាបឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសបទល្មើសអួនអូសទឹកសាបឆក់ត្រជាក់ និងបទល្មើសដទៃទៀតដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានជលផល»។
កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងកសិកម្ម សម្ដេចតេជោ បានដាក់បញ្ជាឱ្យមន្ត្រីពាក់ព័ន្ធមានវិធានការបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាបឱ្យខានតែបាន បន្ទាប់ពីសម្ដេចមើលឃើញពីកម្សោយរបស់មន្ត្រីជាន់ខ្ពស់មួយចំនួនរួមទាំងអភិបាលខេត្ត និងរដ្ឋមន្ត្រីសុទ្ធតែមិនទាន់អាចដោះស្រាយបញ្ហានេះបាន។
សម្ដេចបានឱ្យរដ្ឋមន្ត្រីពាក់ព័ន្ធ និងអភិបាលខេត្តជុំវិញបឹងទន្លេសាបសន្យាជាមួយសម្ដេច ខណៈប្រាប់ឱ្យពួកគេត្រៀមចាកចេញពីតំណែងប្រសិនជាមិនអាចបង្ក្រាបឈ្មួញទុច្ចរិតបំផ្លាញត្រីក្នុងបឹងទន្លេសាបមិនបាន៕