កំពង់ស្ពឺ៖ ផ្លូវជាតិលេខ៥១ ដែលធ្លាប់ជាផ្លូវសេដ្ឋកិច្ចរបស់អតីតរាជធានីឧដុង្គភ្ជាប់ទៅផ្លូវសមុទ្រកម្ពុជា ពេលនេះត្រូវបានសាងសង់ឡើងវិញនិងត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាថ្មីក្រោមអធិបតីនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។
ផ្លូវនេះមានប្រវែង ៣៧,៩៥គីឡូម៉ែត្រ ពីឧត្ដុងនៃខេត្តកណ្ដាល រហូតដល់ថ្នល់ទទឹង ខេត្តកំពង់ស្ពឺ ដែលជាជំនួយសម្បទានពីសាធារណរដ្ឋប្រជាមានិតចិនមកកម្ពុជាប្រមាណជាង ៤០លានដុល្លារអាមេរិក ត្រូវបានកសាងពីខែមិថុនា ឆ្នាំ២០១៧ ដល់ខែ សីហា ឆ្នាំ២០១៩។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះថា បច្ចុប្បន្នផ្លូវនេះបានក្លាយជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការលើកកម្ពស់ការដឹកជញ្ជូន និងឧស្សាហកម្ម ដោយសារតំបន់នេះសម្បូរដោយរោងចក្រឧស្សាហកម្ម សិប្បកម្ម និងសហគ្រាសធំ ព្រមទាំងជាតំបន់ទីប្រជុំជនលំនៅដ្ឋាន ដែលបានបង្កើតមុខរបរ និងប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនេះ។
លោកទេសរដ្ឋមន្ត្រីបានបន្ថែមថាក្រៅពីនេះផ្លូវនេះគឺជាផ្លូវយុទ្ធសាស្ត្រតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវ៉េឆ្ពោះទៅព្រំដែនថៃ និងឆ្ពោះទៅកំពង់ផែសមុទ្រទឹកជៅខេត្តព្រះសីហនុ ថែមទាំងភ្ជាប់ទៅកាន់ខេត្តកំពតនិងកែប ដែលជាខេត្តគោលដៅទេសចរណ៍ ធម្មជាតិរបស់កម្ពុជាផងដែរ។
លោកបានបន្ថែមថា៖ «ផ្លូវជាតិលេខ៥១ គឺសមិទ្ធផលថ្មីមួយបន្ថែមទៀត និងជាចំណងដៃដ៏ថ្លៃថ្លា ដែលកើតចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅនិងយូរអង្វែង»។
ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា លោក វូ គូគ័ន បានថ្លែងក្នុងពិធីនោះថាមានសមិទ្ធផលជាច្រើនដែលចិននិងកម្ពុជាបានសម្រេចរួមគ្នានៅដើមឆ្នាំ២០២២នេះ រួមមានការបង្កើតពាណិជ្ជកម្មសេរី ការជួយសាងសង់ផ្លូវស្ពាន មន្ទីរពេទ្យ ហើយលោកថាសមិទ្ធផលថ្មីៗបន្ថែមទៀតនឹងអាចកើតមានពីចំណងទំនាក់ទំនងរវាងចិន-កម្ពុជាទៅពេលខាងមុខផងដែរ។
លោកបន្ថែមថា៖ «ប៉ុន្មានថ្ងៃមុននេះនៅពេលជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិនបានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងចិននិងកម្ពុជាត្រូវបានឆ្លងកាត់ការសាកល្បងនិងការពិសោធន៍ហើយកាន់តែរឹងមាំមិនអាចបំបែកបំបាក់បាន នៅចំពោះមុខនិងការប្រែប្រួលដែលកម្រមានក្នុងរយៈពេល១០០ឆ្នាំ និងការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកម្រមានក្នុងរយៈពេល១សតវត្ស» ។
ពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៥១នេះបានបង្ហាញនូវក្ដីរីករាយចំពោះសមិទ្ធផលថ្មីដែលបានដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ។ ពួកគេថាចាប់តាំងពីមានផ្លូវថ្មីមកពួកគាត់អាចធ្វើដំណើរបានស្រួល ណាមួយផ្លូវថ្មីនេះបានទាក់ទាញសហគ្រាស រោងចក្រឱ្យបង្កើតនៅក្នុងតំបន់កាន់តែច្រើន ដែលបានផ្ដល់ការងារ និងកាត់បន្ថយការចំណាកស្រុករបស់ពលរដ្ឋបានថែមទៀត។
អ្នកស្រី ម៉ៃ អាយុ ៦៣ឆ្នាំ រស់នៅឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រាប់ EAC News ថា ពីមុនផ្លូវនេះមានការលំបាកជាខ្លាំងមានការខូចខាតច្រើនពុំសូវមានការអភិវឌ្ឍន៍នោះទេ។ ទើបក្រោយពីរដ្ឋាភិបាលសម្រេចសាងសង់ផ្លូវថ្មីនេះបានបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ លើសពីនេះមានរោងចក្រសហគ្រាសបើកជាបន្តបន្ទាប់ដែលធ្វើឱ្យកូនរបស់អ្នកស្រីអាចស្វែងរកការងារ និងធ្វើដំណើរទៅធ្វើការបានស្រួល។
អ្នកស្រីម៉ៃ៖ «យូរមកហើយតាំងពីឆ្នាំ១៩៧៩មក ផ្លូវនេះមិនដែលឃើញល្អតាមខ្ញុំដឹង។ ទើបតែមកដល់ឥឡូវនេះមានការអភិវឌ្ឍ។ បានសម្ដេចឱ្យធ្វើថ្នល់សប្បាយល្អ ត្រេកអរ ស្រណុកជិះស្រណុកអី» ។
ពលរដ្ឋម្នាក់ទៀតគឺលោក ទូច វណ្ណៈ អាយុ ៤៣ឆ្នាំ រស់នៅភូមិថ្មគោល ឃុំសំបួរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា៖ «ឥឡូវនេះ (ផ្លូវ) ផ្លាស់ប្ដូរច្រើនណាស់ពីមុនវាគ្រាន់ជាផ្លូវដីហើយភក់ និយាយរួមយើងធ្វើដំណើរអត់កើតហ្មងដល់ឥឡូវយើងឃើញស្អាតអត់បានចាប់អារម្មណ៍ថាសម្ដេចលោកចាប់អារម្មណ៍។ ឥឡូវសប្បាយចិត្តមែនទែន!»។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ៥១នេះថា ផ្លូវនេះអាចជាខ្សែក្រវាងវាងរាជធានីភ្នំពេញដែលមិនត្រឹមតែផ្ដល់ប្រយោជន៍ដល់ពលរដ្ឋរស់នៅទីនេះទេ តែបានផ្ដល់ប្រយោជន៍ដល់ពលរដ្ឋខេត្តផ្សេងទៀតក្នុងការធ្វើដំណើរក៏ដូចជាដឹកជញ្ជូនទំនិញពុំចាំចាប់ឆ្លងកាត់រាជធានីភ្នំពេញទៀតនោះទេ។
សម្ដេចបានរម្លឹកថាផ្លូវនេះធ្លាប់ជាចក្ខុវិស័យរបស់ព្រះបាទអង្គឌួងក្នុងឆ្នាំ១៨៥១ ដល់១៨៥២ ដែលបានកសាងនូវផ្លូវនេះភ្ជាប់ទៅសមុទ្រខេត្តកំពត។
សម្ដេចថា៖ «ផ្លូវនេះនៅក្នុងដំណាក់កាលនោះដើម្បីតភ្ជាប់រវាងទីក្រុងរបស់យើងជាមួយនឹងកំពង់ផែមាត់សមុទ្រនៅឯខេត្តកំពត។ អញ្ចឹងទេបានជាមានបែកខ្នែងផ្លូវនេះហើយផ្លូវនេះក៏នៅតែជាផ្លូវយុទ្ធសាស្ត្រមួយនៅក្នុងពេលបច្ចុប្បន្ន តភ្ជាប់ផ្ដល់ឱ្យយើងនូវឱកាសសម្រាប់ការតភ្ជាប់ផ្លូវជាតិលេខ៥ នៅម្ខាង និងផ្លូវជាតិលេខ៤ នៅម្ខាង ដើម្បីសម្រួលដល់ការធ្វើដំណើរនិងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋរបស់យើង»។
ផ្លូវជាតិលេខ៥១ នេះធ្លាប់ស្ថាបនារួចម្ដងហើយកាលពីឆ្នាំ២០០៣-២០០៤ តែទោះជាយ៉ាងណាក្នុងឆ្នាំ២០០៩ ផ្លូវនេះត្រូវរកនូវការខូចខាតយ៉ាងច្រើនដោយសារការប្រើប្រាស់ និងសកម្មភាពនៃការដឹកជញ្ជូនកើនឡើងដែលបានត្រឹមតែជួសជុល និងថែទាំជាប្រចាំ រហូតដល់ឆ្នាំ២០១៧ ទើបរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឱ្យធ្វើការជួសជុល និងស្ដារឡើងវិញ។ ផ្លូវនេះបច្ចុប្បន្នត្រូវបានពង្រីកពីទទឺង៧ម៉ែត្រ មក១៧ម៉ែត្រ ដែលមាន២គន្លង និងបំពាក់បរិក្ខាសុវត្ថិភាពផ្លូវថ្នល់ផ្សេងទៀតជួយដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានសុវត្ថិភាពផងដែរ៕
PHOTO: EAC NEWS